ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ អាជ្ញាធរឃុំកំពង់ស្វាយបង្ក្រាបបទល្មើសគ្រឿងញៀនបាន ជិត២០ករណី ក្នុងឆ្នាំ​២០២២
30, Jan 2023 , 6:19 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ឡាន យាកលិញ (យុវជនឃុំកំពង់ស្វាយ)
 
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ បញ្ហាគ្រឿងញៀនក្នុងឃុំកំពង់ស្វាយ មានការថយចុះគួរឱ្យកត់សម្គាល់ នៅក្នុងឆ្នាំ២០២២ ខណៈអាជ្ញាធរ បានបង្ក្រាបបទល្មើសទាំងតូច ទាំងធំ បានជាបន្តបន្ទាប់។ បើតាមលោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ក្នុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចឃុំ សហការជាមួយកម្លាំងជំនាញស្រុក បង្ក្រាបបានបានករណីជួញដូរគ្រឿងញៀន ធំៗចំ​នួន៥ករណី និងការអប់រំណែនាំអ្នកដែលបានប្រើប្រាស់​ជាង ១០ករណីផ្សេងទៀត។

 
លោក ប៉ាង ម៉េង ដែលទើបកាន់តំណែងជាមេប៉ុស្តិ៍នៅប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ បានជាងមួយឆ្នាំ រៀបរាប់ដូច្នេះថា៖« ពេលខ្ញុំមកកាន់ (តួនាទីជាមេប៉ុស្តិ៍) នៅនេះ (ឃុំកំពង់ស្វាយ) ខ្ញុំបង្ក្រាបមេធំៗអស់។ បង្ក្រាបយកទៅដាក់ពន្ធនាគារ យកទៅមណ្ឌលកែប្រែ។ វាបាត់មួយចំនួនធំហើយ ឥឡូវមកទៀតហើយ យើងកំពុងតែស្វែងរកបន្ថែមទៀត»។ 
 

លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ 

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសកន្លងមក សមត្ថកិច្ចដក​ហូតបានថ្នាំញៀនប្រភេទហេរ៉ូអ៊ីន និងម៉ាទឹកកក។ ទាំងវត្ថុតាង និងជនល្មើស ត្រូវបានកម្លាំងជំនាញស្រុកបញ្ជូន​ទៅចាត់វិទធានការតាមផ្លូវច្បាប់។ លោក ប៉ាង ម៉េង ​បន្ថែមដូច្នេះ ដោយបន្ថែមថា៖ «ពេលយើងចាប់បាន យើងហៅអ្នកជំនាញមកពីខេត្ត នឹ​ងស្រុក​គេមកទទួលយកទៅ។ យើងបានត្រឹមសហការជាមួយទេ បើថ្នាំយើងស្គាល់ ពេលចាប់បានទៅ យើងឃើញថ្នាំដោយផ្ទាល់ភ្នែក»។ 
 
ដ្បិតតែកម្លាំងប៉ុស្តិ៍បានបង្ក្រាបករណីគ្រឿងញៀន ជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែលោកមេប៉ុស្តិ៍ នៅតែបន្តយកចិត្តទុកដាក់ក្នុងការតាមដានលើសកម្មភាពដែលសង្ស័យផងដែរ ដើម្បីទប់ស្កាត់កុំឱ្យក្នុងឃុំមានការប្រើប្រាស់គ្រឿងញៀនកាន់តែខ្លាំង។ ទន្ទមនឹងនេះ លោក ប៉ាង ម៉េង ចាត់ទុកថា​បញ្ហាគ្រឿងញៀននេះ នៅតែបញ្ហាចម្បងដែល​កម្លាំងសមត្ថកិច្ចត្រូវបន្តដោះស្រាយ និងលុបបំបាត់ ខណៈ​របាយការណ៍នានាពាក់ព័ន្ធនឹងស្ថានភាពគ្រឿងញៀននៅក្នុងឃុំ ត្រូវបានរៀបចំឡើងបញ្ជូនទៅអធិការនគរបាលស្រុកជារៀងរាល់ខែផងដែរ ​ដើម្បីការវាយតម្លៃពីភាពជោគជ័យ និងហានិភ័យនៃបទល្មើសគ្រឿងញឿននៅក្នុងឃុំ៕
​​
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com