កីឡាអន្តរជាតិ
អន្តរជាតិ
ទីផ្សារដោះដូរលើកទី២៖ Chelsea ទិញកីឡាករ៧នាក់អស់២៦៣លានដុល្លារ ទាំងល្មើសច្បាប់ UEFA
30, Jan 2023 , 7:29 pm        
រូបភាព
ក្លិប Chelsea បានសម្រេចការផ្ទេរកីឡាករដល់ទៅចំនួន៧នាក់ បន្ថែប ដោយចំណាយទឹកប្រាក់សរុបអស់២៦៣លានដុល្លារសម្រាប់ទីផ្សារដោះដូរកីឡាករលើកទី២ ប្រចាំរដូវកាល ២០២២-២៣ ដោយ Malo Gusto ជាកីឡាករចុងក្រោយគិតត្រឹមថ្ងៃទី៣០ ខែមករា។ ក្រោមការគ្រប់គ្រងរបស់ម្ចាស់ក្លិបថ្មីលោក Todd Boehly ក្លិបតោខៀវ បានល្មើសច្បាប់របស់សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ករណីចុះកិច្ចសន្យារយៈពេលវែងជាមួយកីឡាករ។



កីឡាករដែល Chelsea បាននាំមកក្នុងខែមករា ឆ្នាំ ២០២៣ កីឡាករ Gusto ប៉ុន្តែនៅបន្តឱ្យក្រុម Olympique Lyonnais ខ្ចីជើងសម្រាប់រយៈពេលនៅសល់។ កីឡាកររ៦រូបទៀតដូចជា Joao Felix, ​Benoit Badiashile, David Datro Fofana, Andrey Santos, Noni Madueke និងកីឡាករ Mykhailo Mudryk ដែលមានតម្លៃខ្លួនថ្លៃជាងគេប្រចាំ Chelsea សុទ្ធសឹងតែបានមកកាន់ក្លិបរួចរាល់។ Chelsea មិនទាន់បញ្ចប់គម្រោងនៃការផ្ទេរកីឡាករចូលក្លិបឡើយខណៈជិតដល់ថ្ងៃបិទទីផ្សារដោះដូរលើកទី២ រដូវកាល២០២២-២៣នេះ។
  


លោក ​Todd Boehly ហាក់បានបន្តការងារយ៉ាងមមារញឹកនៅក្នុងទីផ្សារដោះដូររដូវរងារនេះ បើទោះការដោះដូរដ៏ធំសម្បើមលើកទី១នៅដើមរដូវកាល Chelsea បានចំណាយប្រាក់ជាង ៣១០លានដុល្លារលើការផ្ទេរកីឡាកររួចហើយ។ 
 
កីឡាករដែលបាននាំចូលនាទីផ្សារដោះដូរលើកទី១ រួមមាន Wesley Fofana, Raheem Sterling, Kalidou Koulibaly, Marc Cucurella និង Pierre-Emerick Aubameyang រួមជាមួយកីឡាករវ័យក្មេងមួយចំនួនទៀត។ ការដោះដូរកីឡាករដ៏ធំសម្បើមរបស់ក្រុមតោខៀវ បានបង្ហាញថាលោក Graham Potter ដែលជាអ្នកចាត់ការទូទៅហាក់បីទទួលបានការគាំទ្រពីក្រោយយ៉ាងខ្លាំងពីសំណាក់ម្ចាស់ក្លិបថ្មី។ 
 
ភាគច្រើននៃកីឡាករដែលត្រូវបានដោះដូររដូវរងារសម្រាប់ Chelsea ក្រោមការដឹកនាំរបស់ម្ចាស់ក្លិបថ្មី ក៏ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់នាយកប្រតិបត្តិក្លិបថ្មីលោក Christopher Vivell និង Paul Winstanley ដែលទើបតែបានតែតែងតាំងថ្មី។ Chelsea បានក្លាយជាក្រុមដែលមមារញឹកខ្លាំងក្នុងការដោះដូរកីឡាករហើយក៏ជាក្រុមចំណាយប្រាក់ដ៏ច្រើនផងដែរ។ 
  


យ៉ាងណាក៏ដោយ ក្រោយពេលក្រុមតោខៀវបានចុះកិច្ចសន្យាកីឡាករដោយផ្តល់កុងត្រារយៈពេលវែងបែបនេះ បានធ្វើឱ្យសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA ប្រតិ្តកម្មយ៉ាងខ្លាំង ដោយសារតែការចុះកិច្ចសន្យាទាំងនោះបានល្មើសច្បាប់ Financial Fair Play ។ UEFA បានកំណត់ថារាល់ការផ្ទេរកីឡាករក្នុងទ្វីបអឺរ៉ុប ទទួលបានកុងត្រារយៈពេលវែងបំផុតត្រឹមតែ ៥ឆ្នាំ តែប៉ុណ្ណោះ ហើយដែលតម្លៃផ្ទេរអាចផ្តល់ជូនពេញលេញបាន។ 
 
យ៉ាងណាមិញទាក់ទងទៅនឹងការផ្តល់ជូនកិច្ចសន្យារយៈពេលវែងបែបនេះ បើទោះបីជាស្របតាមច្បាប់កីឡាបាល់ទាត់ចក្រភពអង់គ្លេសអាចបន្តកិច្ចព្រមព្រៀងរយៈពេលយូរក្តី ប៉ុន្តែ UEFA បានអះអាងថាខ្លួននឹងផ្លាស់ប្តូរច្បាប់ទាក់ទងទៅនឹងច្បាប់លើការទិញដូរកីឡាករ ឱ្យស្របតាមច្បាប់ហិរញ្ញវត្ថុ (FFP)។ ការផ្លាស់ប្តូរច្បាប់នេះ ដើម្បីឆ្លើយតបទៅនឹងការដោះដូរកីឡាកររបស់ក្រុមតោខៀវ Chelsea ព្រមទាំងការបំពានច្បាប់ហិរញ្ញវត្ថុដោយការចំណាយលើសពីសមត្ថភាពដែលខ្លួនរកចំណូលបាន​។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករដែល Chelsea បាននាំចូល៖

Malo Gusto តម្លៃខ្លួន ៣២,៦លានដុល្លារ ទទួលបានកុងត្រារយៈពេល ៦ឆ្នាំកន្លះ
 
Noni Madueke តម្លៃខ្លួន ៤៣,៣លានដុល្លារ ទទួលបានកុងត្រារយៈពេល​ ៧ឆ្នាំកន្លះ
 
Mykhailo Mudryk តម្លៃខ្លួន ១០៨លានដុល្លារ ទទួលបានកុតត្រារយៈពេល ៧ឆ្នាំកន្លះ
 
Benoit Badiashile តម្លៃខ្លួន ៤១,៧លានដុល្លារ ទទួលបានកុតត្រារយៈពេល ៧ឆ្នាំកន្លះ
 
Joao Felix ខ្ចីជើងពីក្រុម Atletico Madrid រយៈពេល ៦ខែ ទទួលបានតម្លៃខ្លួន ១២លានដុល្លារ និងតម្លៃប្រាក់ឈ្នួល ១០០ភាគរយពេញ (គ្មានជម្រើសទិញឡើយ)
 
David Datro Fofana តម្លៃ ១២,៣លានដុល្លារ ទទួលបានកុងត្រា ៦ឆ្នាំកន្លះ
 
Andrey Santos កីឡាករយុវជនក្រុម Chelsea តម្លៃ ១៣លានដុល្លារបន្តកុងត្រារយៈពេលវែង
 
Gabriel Slonina វិលត្រលប់មកពីក្រុម Chicago Fire សហរដ្ឋអាម៉េរិក និង Jayden Wareham វិលត្រលប់មកពីក្រុម Leyton Orient។ Chelsea មិនបានបញ្ចេញកីឡាករទៅកាន់ក្លិបនានាឡើយសម្រាប់ទីផ្សារដោះដូរលើកនេះ៕
 

Tag:
 Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com