ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្ដរមានជ័យ៖ ល្បែងស៊ីសងក្នុងសង្កាត់សំរោងពិបាកលុបបំបាត់ ព្រោះពលរដ្ឋលួចលាក់លេង 
លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង
×![]()
ដោយ៖ ផល សម្ផស្ស(យុវជនសង្កាត់សំរោង)
ក្រុងសំរោង, ឧត្តរមានជ័យ៖ សកម្មភាពលេងល្បែងស៊ីសង នៅក្នុងសង្កាត់សំរោង មិនទាន់ត្រូវបានលុបបំបាត់ទាំងស្រុងនៅឡើយ ពោលនៅមានសកម្មភាពលួចលាក់លេង ក្នុងទ្រង់ទ្រាយតូច។ លោក អឿន ពៀត មេប៉ុស្ដិ៍សង្កាត់សំរោង បញ្ជាក់ដូច្នេះ និងត្អូញត្អែរថាបញ្ហានេះពិបាកក្នុងការលុបបំបាត់ ប្រសិនបើពលរដ្ឋមិនសហការពេញលេញ។
បើតាមលោក អឿន ពៀត សកម្មភាពលួចលាក់លេងល្បែងស៊ីសង ដែលនៅសេសសល់មានដូចជាល្បែងបៀរ, ចាក់ខ្លាឃ្លោក និងល្បែងឆ្នោតជាដើម។ ក្រៅពីនេះ លោកមេប៉ុស្តិ៍រូបនេះ ក៏សង្កេតឃើញថា ការលេងល្បែងជាការកម្សាន្តក្នុងគ្រួសារ ពេលសម្រាកបុណ្យទានម្តងៗ ដែលនេះអាជ្ញាធរមានការយោគយល់។
ជុំវិញការលួចលាក់លេងល្បែងស៊ីសងដែលកំពុងកើតមាន លោក អឿន ពៀត មិនសូវជាសប្បាយចិត្តឡើយ ព្រោះការលេងល្បែងមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ភាពសុខសាន្តក្នុងគ្រួសារនោះទេ តែក៏ធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធា្នប់ក្នុងសង្កាត់ និងអាចបង្កអសន្តិសុខដល់សង្គមផងដែរ។ លោក អឿន ពៀត បានបញ្ជាក់ថា៖«ល្បែងលេងចាញ់លក់ទ្រព្យសម្បត្តិ ផឹកស្រាចូលខ្លួន មកដល់ផ្ទះសុំលុយប្រពន្ធមិនបានវាយប្រពន្ធ ឈ្លោះជេរប្រកែកគ្នាមុខកូនៗ។ អ៊ឹចឹងកូនគ្មានទឹកចិត្តរៀន រៀនមិនចូល ធ្វើឱ្យពួកគេបោះបង់ការសិក្សា។ ពេលដែលលេងល្បែងចាញ់ និងគ្មានប្រាក់សងគេ ក៏បែកគំនិតលក់ទ្រព្យសម្បិត្ត។ លើសពីនេះ អាចនឹងទៅលួចឆក់ប្លន់នៅក្នុងមូលដ្ឋាន ដែលធ្វើឱ្យភូមិឃុំគ្មានសុវត្ថិភាព និងអសន្តិសុខ»។

ទោះជាយ៉ាងនេះក្តី លោកមេប៉ុស្ដិ៍សំរោង បានអះអាងថា កម្លាំងសមត្ថកិច្ច នឹងបន្តអប់រំ និងណែនាំពលរដ្ឋ អំពីផលប៉ះពាល់នៃការលេងល្បែងស៊ីសងនេះ ឱ្យបានកាន់តែខ្លាំងថែមទៀត។ ទន្ទឹមនឹងនេះ ប៉ុស្តិ៍នគរបាលសំរោង ក៏បន្តចុះល្បាតតាមភូមិនីមួយៗផងដែរ ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្កាត់ ពិសេសហៅអ្នកដែលនៅតែបន្តប្រព្រឹត្តសកម្មភាពលេងល្បែងស៊ីសងនេះមកណែនាំអប់រំ និងធ្វើកិច្ចសន្យា។ បើមិនរាងចាល សមត្ថកិច្ច នឹងមានវិធានការបន្ថែម ឬអនុវត្តទៅតាមច្បាប់។
កញ្ញា ជុំ ផានិត ពលរដ្ឋក្នុងសង្កាត់សំរោង ក៏មានការព្រួយបារម្ភខ្លាំងចំពោះសកម្មភាពលេងល្បែងស៊ីសងដែលកើតមាននៅក្នុងសង្កាត់ដែរ ព្រោះបើក្នុងភូមិមានលេងល្បែងស៊ីសង គឺធ្វើឱ្យជីវភាពរបស់ពលរដ្ឋនៅតែក្រីក្រ។ ផ្ទុយទៅវិញ បើក្នុងសង្កាត់គ្មានសកម្មភាពលេងល្បែងស៊ីសង កញ្ញា ជុំ ផានិត យល់ថា ជីវភាពពលរដ្ឋ នឹងមានភាពប្រសើរជាងមុន ហើយអំពើហិង្សាក្នុងគ្រួសារ ក៏ត្រូវបានកាត់បន្ថយដែរ។

កញ្ញា ជុំ ផានិត ពលរដ្ឋក្នុងសង្កាត់សំរោង ក្រុងសំរោង
«ល្បែងស៊ីសង បង្កឱ្យក្នុងគ្រួសារមានហិង្សា ចាញ់ល្បែងវាយដំគ្នា ឈានដល់ការលែងលះ ធ្វើឱ្យកូនកំព្រា ហើយមិនបានរៀនសូត្រ»។ នេះបើតាមអ្នកស្រី ជុំ ផានិត ដែលបានបន្តអំពាវនាវដល់អាជ្ញាធរប៉ុស្ដិ៍ ជួយបង្ក្រាប និងលុបបំបាត់ល្បែងស៊ីសង នៅក្នុងភូមិឃុំឱ្យអស់ ដើម្បីកុំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានសុខសុវត្ថិភាព៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com