អន្តរជាតិ
ចិន៖ អាជ្ញាធរខេត្តស៊ីឈ័ន អនុញ្ញាតឱ្យពលរដ្ឋមិនទាន់រៀបការ អាចមានកូនដោយស្របច្បាប់ 
×![]()
អាជ្ញាធរសុខាភិបាលនៅខេត្តស៊ីឈួនភាគនិរតីនៃចិន បានប្រកាសអនុញ្ញាតឱ្យពលរដ្ឋដែលមិនទាន់រៀបការអាចមានកូនដោយស្របច្បាប់ ដែលទទួលបានអត្ថប្រយោជន៍ដូចគូស្វាមីភរិយាដែលរៀបការស្របច្បាប់កិច្ច។ នេះជាផ្នែកមួយនៃការប្រឹងប្រែងដើម្បីជំរុញអត្រាកំណើតឱ្យកើនឡើងវិញ។
កន្លងមក រដ្ឋាភិបាលចិនបានអនុញ្ញតឱ្យតែស្ត្រីដែលរៀបការហើយប៉ុណ្ណោះអាចសម្រាលនិងមានកូនបានដោយស្របច្បាប់។ យ៉ាងណាមិញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាអាពាហ៍ពិពាហ៍ និងកំណើតបានធ្លាក់ចុះដល់កម្រិតដែលមិនធ្លាប់មានពីមុន ដែលបានជំរុញឱ្យអាជ្ញាធរខេត្តមួយចំនួនកែប្រែច្បាប់ឆ្នាំ២០១៩ អនុញ្ញាតឱ្យអ្នកនៅលីវអាចមានកូនដោយស្របច្បាប់។
បើតាមការប្រកាសរបស់អាជ្ញាធរសុខាភិបាលនៅខេត្តស៊ីឈួន ចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈទៅ គូស្វាមីភរិយាដែលរៀបការហើយ និងពលរដ្ឋដែលមិនទាន់រៀបការនឹងត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះមានកូនដោយស្របច្បាប់នៅខេត្តស៊ីឈួនដោយមិនរឹតបន្តឹងលើចំនួនកូនដែលពលរដ្ឋអាចមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមករា។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅវេបសាយរបស់ខ្លួន គណៈកម្មការសុខាភិបាលខេត្តស៊ីឈួន បញ្ជាក់ថា វិធានការនេះមានគោលបំណងលើកកម្ពស់កំណើនពលរដ្ឋរយៈពេលវែងឱ្យមានតុល្យភាព។ យ៉ាងណាមិញ មុនដល់ថ្ងៃទី១៥ ខែកុម្ភៈ គណៈកម្មការសុខាភិបាលខេត្តស៊ីឈួនអនុញ្ញាតឱ្យតែគូស្វាមីភរិយាដែលរៀបការស្របច្បាប់មានកូនតែពីរនាក់ប៉ុណ្ណោះ។
គួរបញ្ជាក់ថា ចំនួនប្រជាជនចិនបានធ្លាក់ចុះកាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងប្រាំមួយទសវត្សរ៍មកនេះ។ ការធ្លាក់ចុះនៃកំណើនពលរដ្ឋនេះ កំពុងជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ និងតាមមូលដ្ឋាន ដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត និងវិធានការជំរុញឱ្យពលរដ្ឋបន្តការយកកូន។
កន្លងមក គូស្វាមីភរិយាដែលបានចុះឈ្មោះរៀបការស្របច្បាប់ជាមួយអាជ្ញាធរមូលដ្ឋាន បានទទួលធានារ៉ាប់រងមាតុភាពដើម្បីរ៉ាប់រងថ្លៃចំណាយនៅមន្ទីរពេទ្យពេលមានកូន និងអនុញ្ញាតឱ្យស្ត្រីដែលរៀបការរួចអាចឈប់សម្រាកលំហែមាតុភាពនិងទទួលបានប្រាក់បៀវត្សរ៍ក្នុងអំឡុងពេលសម្រាលកូនរួច។ ខណៈចង់ជំរុញអត្រាកំណើន រដ្ឋាភិបាលចិនមានទំនោរបន្តអត្ថប្រយោជន៍ទាំងនេះឱ្យទាំងស្រ្តីនិងបុរសដែលនៅលីវពេលមានកូនក្នុងខេត្តស៊ីឈួនផងដែរ។
ការធ្លាក់ចុះនៃចំនួនប្រជាជនក្នុងប្រទេសចិននេះ ជារឿងដែលមិនធ្លាប់មានពីមុនមក ដ្បិតប្រទេសនេះគឺជាប្រទេសដែលមានចំនួនប្រជាជនច្រើនបំផុតលើពិភពលោក។ ការធ្លាក់ចុះនៃចំនួនប្រជាជននេះ ភាគច្រើនកើតចេញពីគោលនយោបាយមានកូនកូនតែមួយរបស់ចិនដែលបានអនុវត្តក្នុងចន្លោះឆ្នាំ១៩៨០ និង ២០១៥៕
© រក្សាសិទ្ធិដោយ thmeythmey.com