ជាតិ
ក្រសួងកសិកម្ម បង្កើតប្រព័ន្ធទូរសព្ទរហ័ស ដើម្បីតាមដាន និងបង្រ្កាបបទល្មើសនេសាទ 
កិច្ចប្រជុំអន្តរក្រសួង «ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប» នៅថ្ងៃទី៣០ ខែមករា ដែលដឹកនាំដោយ លោក ឌិត ទីណា (កណ្ដាល) ចូលរួមដោយ លោក នេត សាវឿន (ឆ្វេង) និង លោក សៅ សុខា (ស្ដាំ)។ រូបពី លោក ឌិត ទីណា
×![]()
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតប្រព័ន្ធទូរសព្ទរហ័ស (Hotline) ដើម្បីតាមដាន និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់។ ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួង នៅថ្ងៃទី៣០ ខែមករា ដែលដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម និងមានការចូលរួមពី លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងក្រសួងស្ថានប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង៦ ជុំវិញបឹងទន្លេសាប។
បើតាមលោក ឌិត ទីណា កិច្ចប្រជុំបានវាយតម្លៃខ្ពស់អំពីប្រសិទ្ធភាពនៃការបង្រ្កាបបទល្មើស ដោយបានលុបបំបាត់ទាំងស្រុងនូវបទល្មើសទ្រង់ទ្រាយធំ ហើយផ្ដល់កំណើនជលផលមកវិញ ក្នុងរយៈពេលជិតមួយឆ្នាំមកនេះ។ ដើម្បីពង្រឹងវិធានការទប់ស្កាត់ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងកសិកម្ម បានសម្រេចបង្កើតប្រព័ន្ធទូរសព្ទរហ័ស (Hotline) ដើម្បីតាមដាន និងបង្រ្កាបបទល្មើសនេសាទ និងបន្តយុទ្ធនាការប្រចាំការ និងល្បាតបង្ការបទល្មើសក្នុងបឹងទន្លេសាបបន្តទៀត។
មេបុស្តិ៍នគរបាល ត្រូវបន្តចលនា និងស្វែងរក ដើម្បីដកហូតឧបករណ៍នេសាទខុសច្បាប់ ជាពិសេសឧបករណ៍ឆក់ត្រី ទាំងក្តៅនិងត្រជាក់ រួមទាំងមងស្បៃមុង ដែលបំផ្លាញដល់ការបន្តពូជរបស់ត្រី។ លើសពីនេះ អនុវត្តការបង្ក្រាប ដោយភាពឆ្លាតវៃ និងការទទួលខុសត្រូវខ្ពស់ សំដៅរក្សាផលប្រយោជន៍យូរអង្វែងរបស់ពលរដ្ឋ។
ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច តាមបណ្ដាខេត្តនីមួយៗ ត្រូវបង្កើនការអប់រំផ្សព្វផ្សាយអំពីច្បាប់ជលផល និងកំណត់អត្តសញ្ញាណគ្រួសារក្រីក្រពិតប្រាកដ ដែលរំពឹងតែទៅលើការនេសាទ ដើម្បីរកមុខរបរផ្សេង លើកកម្ពស់ជីវភាពពួកគេ ជាងការនេសាទ៕
Tag:
ក្រសួងកសិកម្ម
ប្រព័ន្ធទូរស័ព្ទរហ័ស
បទល្មើសនេសាទ
© រក្សាសិទ្ធិដោយ thmeythmey.com