អន្តរជាតិ
លោកបៃឌិន បដិសេធផ្តល់យន្តហោះចម្បាំងF-16 ទៅអ៊ុយក្រែន
31, Jan 2023 , 10:59 am        
រូបភាព
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី៣០ ខែមករា បានអះអាងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នឹងមិនផ្តល់យន្តហោះចម្បាំង F-16 ទៅក្រុងកៀវឡើយ។ ការអះអាងរបស់ប្រធានាធិបតីអាម៉េរិកបែបនេះ ធ្វើឡើងក្រោយអ៊ុយក្រែន បានបន្តស្នើសុំអាវុធបន្ថែម ដើម្បីទប់ទល់នឹងរុស្ស៊ី។

 
ខណៈសង្រ្គាមឈានចូលខែទី១១ រុស្ស៊ី បានបន្តវាយប្រហារលើអ៊ុយក្រែនយ៉ាងខ្លាំង។ ជុំវិញបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានស្នើសុំអាវុធថ្មីៗ និងពន្លឿនការដឹកជញ្ជូនអាវុធទាំងនោះ ដើម្បីប្រឆាំងរុស្ស៊ី។ កន្លងមក អ៊ុយក្រែន បានស្នើសុំប្រទេសលោកខាងលិច ដូចជាប្រព័ន្ធការពារមីស៊ីល, មីស៊ីលចម្ងាយឆ្ងាយ និងយន្តហោះចម្បាំងជាដើម។
 
ជុំវិញការស្នើសុំនោះ ប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន ត្រូវបានអ្នកសារព័ត៌មានសួរពីលទ្ធភាពនៃការផ្តល់យន្តហោះចម្បាំង F-16 ទៅអ៊ុយក្រែន។ ជាការឆ្លើយតប លោកបៃឌិន បានបដិសេធក្នុងការផ្តល់យន្តហោះជំនាន់ទី៤ នេះ ទៅក្រុងកៀវ។ មេដឹកនាំអាម៉េរិករូបនេះ មិនបានបញ្ជាក់ពីមូលហេតុឡើយ។ 
 
ការបដិសេធរបស់ប្រធានាធិបតីអាម៉េរិក ធ្វើឡើងស្របពេលមានមេដឹកនាំអឺរ៉ុប មានការយល់ផ្សេងគ្នា ជុំវិញការផ្តល់យន្តហោះចម្បាំងទៅអ៊ុយក្រែន។ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក្នុងថ្ងៃទី៣០ ខែមករា បារាំង មិនច្រានចោលលទ្ធភាពក្នុងការផ្តល់យន្តហោះចម្បាំងខ្លួនឱ្យអ៊ុយក្រែនឡើយ ប៉ុន្តែលោកបានព្រមានពីហានិភ័យ នៃការរីកសាយនៃជម្លោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
បើតាមលោក ម៉ាក្រុង រាល់ការដឹកជញ្ជូនអាវុធចំពោះអ៊ុយក្រែន វាមិនបានធ្វើឱ្យសមត្ថភាពយោធាបារាំងទន់ខ្សោយឡើយ ប៉ុន្តែបារាំង ត្រូវជឿថា អាវុធដែលបារាំងបញ្ជូនឱ្យនឹងមិនត្រូវបានអ៊ុយក្រែន ប្រើប្រាស់ដើម្បីវាយប្រហារនៅក្នុងដីរុស្ស៊ី ដែលបង្កឱ្យសង្រ្គាមកាន់តែរីកធំឡើយ។ ទន្ទឹមនេះ លោកម៉ាក្រុង ក៏បានជជែកជាមួយនាយករដ្ឋមន្រ្តីហូឡង់ ដែលមានបំណងបញ្ជូនយន្តហោះចម្បាំង  F-16 របស់ខ្លួនឱ្យអ៊ុយក្រែនផង។ 
 
មុនការអះអាងរបស់មេដឹកនាំខាងលើមួយថ្ងៃ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហូល ក្នុងកិច្ចសម្ភាសជាមួយកាសែត Tagesspiegel បានបដិសេធបញ្ជូនយន្តហោះចម្បាំងទៅអ៊ុយក្រែន ដោយសារមិនចង់ឱ្យសង្រ្គាមកាន់តែរីកធំឡើង។ 
 
ស្របគ្នានេះ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov ក្នុងថ្ងៃទី៣០ ខែមករា បានព្រមានថា ការផ្តល់អាវុធបន្ថែមទៅអ៊ុយក្រែន មានតែនាំឱ្យមានការរីកសាយនៃជម្លោះប៉ុណ្ណោះ។ បើតាមមន្រ្តីរុស្ស៊ីរូបនេះ សមាជិកសម្ព័ន្ធយោធាណាតូ បានចូលរួមកាន់តែខ្លាំងឡើងទៅក្នុងជម្លោះ ប៉ុន្តែជំនួយទាំងនោះ មិនអាចផ្លាស់ប្តូរអ្វីបានឡើយ៕ 
 
 
 

Tag:
 អាម៉េរិក
  អ៊ុយក្រែន
  រុស្ស៊ី
  F-16
© រក្សាសិទ្ធិដោយ thmeythmey.com