កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក ហេង សុខឃន៖ អត្តពលិកគុនខ្មែរមានគុណភាពពិតប្រាកដ ទើបអាចប្រជែងមេដាយស៊ីហ្គេម ២០២៣
31, Jan 2023 , 11:29 am        
រូបភាព
ដោយ:
លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និយាយក្នុងសន្និសីទសារព័ត៌មានថ្ងៃទី៣០ ខែមករាថា អត្តពលិកគុនខ្មែរទាល់តែមានគុណភាពពិតប្រាកដ ទើបអាចប្រជែងមេដាយនៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣។ តាមរយៈលទ្ធផលផ្លែផ្កានៅក្រៅស្រុកកន្លងមក លោក សុខឃន ជឿជាក់ថាអត្តពលិកគុនខ្មែរនឹងធ្វើឱ្យម្ចាស់ផ្ទះកម្ពុជារីកមុខមាត់។

 
«ឥឡូវកីឡាករជម្រើសជាតិយើងមានគុណផលខ្ពស់បំផុត ចេញទៅណាគឺយើងទទួលបានជោគជ័យ»។ លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លើកឡើងទាំងជំនឿចិត្តខ្ពស់បែបនេះ បន្ទាប់ពីលោកបានឃើញអំពីសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាក្រោយប្រមូលផលពីការប្រកួតជើងឯកនៅប្រទេសម៉ាឡេស៊ី និងការប្រកួតកីឡាប្រដាល់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ២០២២ នៅប្រទេសថៃ ថ្មីៗនេះ។
 

លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
 
 អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបន្តថា៖ «កីឡាករជម្រើសជាតិយើងចេញទៅគឺភាគរយតិចណាស់ចាញ់។ ក្រោយចប់ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម យើងបានបញ្ជូនកីឡាករទៅប្រទេសម៉ាឡេស៊ីទទួលបានជោគជ័យ និងទៅប្រទេសថៃក៏ទទួលបានជោគជ័យ ជាពិសេសក្រោមផែនការយុទ្ធសាស្រ្តគឺយើងត្រូវធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យនាស៊ីហ្គេមនៅកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ»។ 
 
ដើម្បី​ឱ្យទទួលបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា សហព័ន្ធបានចម្រាញ់យកអត្តពលិកដែលមានគុណផល ទាំងបច្ចេកទេស កម្លាំងកាយ យុទ្ធសាស្រ្តប្រកួត វិន័យ ដែលជាធនធានដើម្បីដុសខាត់ឱ្យមានគុណភាពខ្ពស់ នាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
 
លោក ហេង សុខឃន បន្តថាសហព័ន្ធសើរើរើសយកកីឡាករដែលមានគុណភាពពិតប្រាកដ ជាមួយបច្ចេកទសខ្ពស់ និងកីឡាករដែលគោរពវិន័យ ដើម្បីហ្វឹកហាត់ ត្រៀមស៊ីហ្គេមលើកទី៣២ នាខែឧសភាខាងមុខនេះ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ហេង សុឃន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com