អន្តរជាតិ
ប៉េកាំង ថ្កោលទោសវ៉ាស៊ីនតោនដែលចោទក្រុមហ៊ុនរដ្ឋចិនជួយរុស្ស៊ីក្នុងជម្លោះជាមួយអ៊ុយក្រែន 
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបថតពីក្រសួងការបរទេសចិន
×![]()
ទីក្រុងប៉េកាំង នៅថ្ងៃទី៣០ខែមករា រិះគន់យ៉ាងខ្លាំងចំពោះក្រុងវ៉ាស៊ីនតោនដែលបានអះអាងថាមាន ព័ស្តុតាងពីក្រុមហ៊ុនរដ្ឋរបស់ចិនមួយចំនួនអាចនឹងកំពុងជួយរុស្ស៊ីក្នុងការលុកលុយអ៊ុយក្រែន។ មន្ត្រីក្រសួងការបរទេសចិនចោទក្រុងវ៉ាស៊ីនតោនថា ជាពិរុទ្ធជន និងអ្នកជំរុញជម្លោះឈានមុខគេក្នុងវិបត្តិមួយនេះ។
តបនឹងការចោទរបស់អាម៉េរិកដែលថាក្រុមហ៊ុនចិនជួយរុស្ស៊ី ក្នុងសន្និសីទប្រចាំថ្ងៃនៅថ្ងៃទី៣០ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Mao Ning ក៏ចង្អុលបង្ហាញពីការណ៍ដែលអាមេរិកបន្តបញ្ជូនជំនួយយោធាធន់ធ្ងន់ និងអាវុធវាយលុកជាបន្តបន្ទាប់ទៅអ៊ុយក្រែន ដែលរឿងនេះធ្វើឱ្យស្ថានការណ៍អូសបន្លាយ និងបង្កភាពតានតឹងនៃជម្លោះបន្ថែមផងដែរ។
«ជាជាងការឆ្លុះបញ្ចាំងពីទង្វើរបស់ខ្លួនភាគីអាមេរិកកំពុងតែសង្ស័យនិងការចោទប្រកាន់ដោយគ្មានមូលដ្ឋានលើចិន»។ លោកស្រី Mao លើកឡើងបែបនេះរួចបញ្ជាក់ថា ភាគីចិនបដិសេធការចោទប្រកាន់ដែលគ្មានមូលដ្ឋានបែបនេះ ហើយនឹងមិនអង្គុយមើលអាមេរិកធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសចិនឡើយ។
អ្នកនាំពាក្យរូបនេះបានរំលឹកឡើងវិញថា ចិនមានគោលដៅ និងជំហរត្រឹមត្រូវចំពោះបញ្ហាអ៊ុយក្រែន ហើយតែងតែឈរនៅខាងសន្តិភាព និងដើរតួនាទីស្ថាបនាក្នុងការលើកកម្ពស់ដំណោះស្រាយនយោបាយចំពោះវិបត្តិមួយនេះ។ ចិនមិនបានឈរស្ងៀម ឬបន្ថែមភ្លើងនោះដែរ។
បន្ថែមពីនេះ លោកស្រី Mao ទទូចឱ្យអាមេរិកឈប់បញ្ជូនជំនួយយោធាទៀតប្រសិនជាចង់ឱ្យជម្លោះបញ្ចប់រហ័ស ហើយអាម៉េរិកត្រូវតែគាំទ្រការឈានទៅរកស្ថានភាពស្ងប់ស្ងាត់ឱ្យបានលឿន តាមដែលអាចធ្វើទៅបានក្នុងលក្ខណៈទទួលខុសត្រូវ។ លើសពីនោះ ក្រុងវ៉ាស៊ីនតោនគួរតែបង្កើតបរិយាកាសអំណោយផលចាំបាច់ និងលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
គួរបញ្ជាក់ថា អាមេរិក និងលោកខាងលិចតែងតែជំរុញឱ្យចិនដើរតួនាទីសកម្មជាងមុនក្នុងការជួយសម្រាលជម្លោះតាមរយៈទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី។ យ៉ាងណាមិញ ចិនតែងតែឆ្លើយតបទៅវិញដោយទម្លាក់កំហុសលើអាមេរិក និងលោកខាងលិចសម្រាប់ការផ្ទុះឡើងនៃជម្លោះមួយនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com