អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក ប្តេជ្ញាការពារសម្ព័ន្ធភាពជាមួយកូរ៉េខាងត្បូងពីការគំរាមកំហែង
31, Jan 2023 , 8:29 pm        
រូបភាព
លោក ឡយ​ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព៖ AFP
លោក ឡយ​ អូស្ទីន រដ្ឋមន្រ្តីការពារជាតិអាម៉េរិក។ រូបភាព៖ AFP
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោកឡយ អូស្ទីន នៅថ្ងៃទី៣១ ខែមករា បានប្តេជ្ញាការពារសម្ព័ន្ធភាពទ្វេភាគីជាមួយកូរ៉េខាងត្បូងពីសកម្មភាពបង្ករឿងផ្សេងៗ។ បើតាមរដ្ឋមន្រ្តីការពារជាតិអាម៉េរិក ការប្តេជ្ញានេះ ត្រូវរួមបញ្ចូលទាំងសមត្ថភាពការពារដោយមីស៊ីល និងនុយក្លេអ៊ែរ។

 
រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោកឡយ អូស្ទីន ទៅដល់កូរ៉េខាងត្បូង នៅថ្ងៃទី៣០ ខែមករា ដើម្បីជជែកពីកិច្ចសហប្រតិបត្តិការនានា បញ្ហាក្នុងតំបន់ ក៏ដូចជាកូរ៉េខាងជើង។ ក្នុងវិចារណកថាមួយទៅកាន់ទីភ្នាក់ងារព័ត៌មាន Yonhap ដែលចេញផ្សាយនៅថ្ងៃទី៣១ ខែមករា លោក អូស្ទីន បានប្តេជ្ញាការពារសម្ព័ន្ធភាពជាមួយក្រុងសេអ៊ូល។​
 
«ការប្តេជ្ញានេះ រួមបញ្ចូលទាំងសមត្ថភាពការពារដោយមីស៊ីល នុយក្លេអ៊ែរ និងអាវុធផ្សេងៗ ក៏ដូចជាកម្លាំងទ័ពអាម៉េរិក២៨៥០០នាក់ នៅកូរ៉េខាងត្បូង»។ ប្រមុខការពារជាតិអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ប្រទេសជាសត្រូវ ត្រូវដឹងថា ប្រសិនបើពួកគេរករឿងប្រទេសណាមួយក្នុងចំណោមប្រទេសទាំងពីរ គឺមានន័យថាពួកគេចង់ប្រជែងជាមួយសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាម៉េរិក។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក បានចាត់ទុកភាពជាដៃគូរវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ជាសម្ព័ន្ធភាពដែលមានការបត់បែនខ្លាំងបំផុតនៅក្នុងប្រវត្តិសាស្រ្ត។ 
 
ការបញ្ជាក់របស់ប្រមុខការពារជាតិអាម៉េរិកដូចខាងលើ ធ្វើឡើងស្របពេលកូរ៉េខាងជើងនៅតែបន្តគំរាមកំហែងសន្តិសុខក្នុងតំបន់ តាមរយៈការបាញ់មីស៊ីលជាញឹកញាប់ និងបានចាត់ទុកកូរ៉េខាងត្បូងជាសត្រូវដោយគ្មានការសង្ស័យ ក្នុងកិច្ចប្រជុំបក្សពលករ នៅខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ 
 
ក្នុងវិចារណកថាដដែលនេះ លោក អូស្ទីន បានជំរុញឱ្យរដ្ឋាភិបាលក្រុងសេអ៊ូល បន្តរក្សាការប្រុងប្រយ័ត្នផង ស្របពេលកូរ៉េខាងជើង បានអភិវឌ្ឍកម្មវិធីអាវុធ, មីស៊ីលបាលីស្ទិក និងនុយក្លេអ៊ែរជាដើម។ 
 
ដោយមើលឃើញសកម្មភាពបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាងជាការបំពានសេចក្តីសម្រេចក្រុមប្រឹក្សាសន្តិសុខ លោក អូស្ទីន បានបញ្ជាក់ជាថ្មីពីការពង្រីកទំហំធ្វើសមយុទ្ធយោធា និងការបាញ់គ្រាប់ពិតរវាងក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលផង។ បើតាមរដ្ឋមន្រ្តីការពារជាតិរូបនេះ នៅពេលអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង មានជំហររួមគ្នា ប្រទេសទាំងពីរ នឹងមានសុវត្ថិភាពកាន់តែច្រើនជាងមុន៕ 
 

Tag:
 អាម៉េរិក
  កូរ៉េខាងត្បូង
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com