កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រធានសហព័ន្ធឃីកបុកស៊ីង ថា ការដក កែវ រំចង់ ពីជម្រើសជាតិ ដោយវិញ្ញាសាគីឡូធ្ងន់ លុបចោល
31, Jan 2023 , 3:14 pm        
រូបភាព
រូបពីហ្វេសប៊ុក កែវ រំចង់
រូបពីហ្វេសប៊ុក កែវ រំចង់
លោក ហេង សុខឃន ប្រធានសហព័ន្ធឃីកបុកស៊ីង បានបកស្រាយថា ការដក កីឡាករ កែវ រំចង់ ពីបញ្ជីឈ្មោះជម្រើសជាតិវិញនេះ ដោយសារតែប្រភេទវិញ្ញាសាទម្ងន់ធ្ងន់ ត្រូវបានលុបចោល។



លោក ហេង សុខឃន បានធ្វើសន្និសីទកាសែតមួយ កាលពីថ្ងៃទី៣០ ខែមករា ដោយរៀបរាប់ពីដំណើការគុនខ្មែរ និងដើមហេតុ ដែល កែវ រំចង់ មិនអាចចូលរួមប្រកួតនៅក្នុងស៊ីហ្គេម លើកទី៣២ នៅកម្ពុជាបាន។ នោះក៏ព្រោះតែប្រភេទវិញ្ញាសាទម្ងន់ធ្ងន់ចំនួន ២គឺ ៨១ និង៧៥គីឡូ ត្រូវបានដកចេញ ព្រោះប្រទេសចូលរួមមិនមានកីឡាករ ប្រកួតលើប្រភេទទម្ងន់នេះ។ 
  

លោក ហេង សុខឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

បើតាមលោក សុខឃន ប្រទេសជាសមាជិកប្រកួតស៊ីហ្គេមទាំងអស់ មានតែសិង្ហបុរីមួយទេ ដែលមានកីឡាករទម្ងន់បែបនេះចូលរួម ប៉ុន្តែវាមិនអាចប្រកួតបានទេ ព្រោះខុសពីធម្មនុញ្ញកីឡា ដែលបានកំណត់ឱ្យមាន៤ប្រទេសយ៉ាងតិច ចូលរួមប្រកួតលើប្រភេទកីឡានីមួយៗ។ 
 
ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជារូបនេះ ក៏បង្ហាញការសោកស្ដាយចំពោះការដក កែវ រំចង់ ដែរ ព្រោះលោក គឺជាអ្នកកោះហៅកីឡាកររហស្សនាម តោកំណាចរូបនេះ ឱ្យចូលរួមជាមួយជម្រើសជាតិ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។
 
លោក ហេង សុខឃន និយាយដូច្នេះថា៖«ខ្ញុំសារភាពថាខ្ញុំអ្នកសុំ(កែវ រំចង់ មកប្រកួត)។ ខ្ញុំ សុំគាត់ផ្ទាល់ថា ប្អូន ឃីគប៊ុកស៊ីង មានគីឡូ ៨១។ បងចង់ឲ្យប្អូនចូលលេងជាមួយបង។ គាត់ចូលលេង បានគីឡូ៨១។ ប៉ុន្ដែប្អូន ត្រូវប្រកួតប៉ុស្ដិ៍លេខ ៥មួយលើកសិន ដើម្បី បងបានវាស់ស្ទង់ បច្ចេកទេសប្អូនមើល អាចទៅរួចអត់។ ដល់ពេលគាត់ប្រកួតឃីគប៊ុកស៊ីងគាត់ធ្វើបាន។

ដល់តែពេលគាត់ធ្វើបានហើយ យើងទទួលយកគាត់។ ដល់តែពេលយើងចេញទៅប្រកួត Asian Championship នៅទីក្រុងបាងកក ប្រធានសហព័ន្ធទាំងអស់ ជួបប្រជុំគ្នានៅទីនោះ (ក៏សម្រេច) ឥឡូវគីឡូ ៨១អត់មានទេ ៧៥ ក៏អត់មានដែរ  ៤៨ ក៏អត់មានដែរ ៤៥ ក៏អត់មានដែរ។»។
 
ចំពោះការការដកវិញ្ញាសាប្រភេទគីឡូទាំង៤នោះចេញ សហព័ន្ធឃីកបុកស៊ីង ក៏ព្យាយាមពន្យាពេលចរចាដែរ ប៉ុន្ដែនៅតែមិនមានប្រទេសណាចូលរួមប្រកួតលើប្រភេទទម្ងន់ធ្ងន់នេះ។

ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ក៏បាននិយាយជាមួយ កែវ រំចង់ អំពីរឿងនេះដែរ ហើយ កែវ រំចង់ ក៏បានបញ្ជាក់ថា គេអាចសម្រកគីឡូ មកប្រកួតត្រឹមប្រភេទគីឡូ ៦៩ ឬ៧១ បាន មុនពេលស៊ីហ្គេមមកដល់។ ប៉ុន្តែបើតាមលោក សុខឃន ទោះបី កែវ រំចង់ សម្រកគីឡូបាន ក៏មិនអាចជាប់ជម្រើសជាតិដែរ ព្រោះការជ្រើសរើសកីឡាករ គឺបានកំណត់រួចជាស្រេចហើយ។
 
«រំចង់ បានអះអាងថាខ្លួនគេអាចធ្វើបានក្នុងការសម្រកទម្ងន់មកប្រកួតនៅគីឡូ ៦៩ និង៧១។ ប្អូនធ្វើបាន ចុះសុខភាពប្អូនយ៉ាងម៉េច? តើយើងទុកឲ្យប្រទេសជាតិយើង អាមាសមុខ ឬក៏យើងយកមុខមាត់ប្រទេស? បើប្អូនស្រក់បាន លុះត្រាតែប្អូនរក្សាគីឡូនេះ ឲ្យបាន។ ហើយប្អូនត្រូវដេញគេ។ គេ(រើស)ជម្រើសជាតិ ៣ឆ្នាំហើយ។»។ លោក ហេង សុខឃន បញ្ជាក់បែបនេះ។
 
ប្រធានរូបនេះ ក៏បញ្ជាក់ផងដែរថា សហព័ន្ធជ្រើសរើសកីឡាករ ដែលមានធនធានពិតប្រាកដ យកមកហ្វឹកហាត់ ទាំងបច្ចេកទេស ទាំងការគោរពវិន័យ ទៅតាមអ្វីដែលគណៈកម្មាការបច្ចេកទេសជ្រើសរើស។ បើតាមលោក សុខឃន កីឡាករជម្រើសជាតិសព្វថ្ងៃ បានប្រមូលផ្ដុំហ្វឹកហាត់ អស់រយៈពេល ៣ឆ្នាំហើយ មិនមែនទើបតែរើសយកមកនោះទេ។ 
 
បើតាមការសង្កេតសមត្ថភាពកីឡាករ កីឡាការិនីទាំងនោះ ក៏មានកើនឡើងខ្លាំង ដូច្នេះមិនអាចដាក់អត្តពលិកផ្សេងជំនួសពួកគេបានឡើយ។ លោក ហេង សុខឃន បានបញ្ជាក់យ៉ាងដូច្នេះ ក្នុងសន្នីសិទសារព័ត៌មាន។
 
តែយ៉ាងណាលោក សុខឃន ដូចជាបើកភ្លើងខៀវ ដល់ កែវ រំចង់ ដែរ។ លោកថា កែវ រំចង់ នៅតែមានឱកាសក្នុងការរួមចំណែកលើកមុខមាត់ជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយធ្វើជាគ្រូបង្វឹក ឬមន្ដ្រីបច្ចេកទេស។ 
 
ប្រធានសហព័ន្ធ និយាយបែបវិជ្ជមានថា៖«បើថ្ងៃណាប្អូនចង់ធ្វើគ្រូជម្រើសជាតិបងគាំទ្រ។ សហព័ន្ធមិនបោះចោលធនធានទេ។ កាលណាយើងបានធ្វើគ្រូជម្រើសជាតិ យើងក៏បានរួមចំណែកជាមួយជាតិ ស៊ីហ្គេម ដូចគ្នា។ សហព័ន្ធមិនចោលទេ ធ្វើគ្រូជម្រើសជាតិ ធ្វើអាជ្ញាកណ្ដាល អាចធ្វើបានទាំងអស់។»៕
 
 
 

Tag:
 ឃីកប៊ុកស៊ីង
  ស៊ីហ្គេម
  កែវ រំចង់
© រក្សាសិទ្ធិដោយ thmeythmey.com