ជាតិ
សញ្ញាបត្រគ្មានម្ចាស់! ឪពុក​ម្តាយឡើង​ទទួលជំនួស​សព​កូន​ប្រុសទាំងក្តុកក្តួល
31, Jan 2023 , 3:48 pm        
រូបភាព
លោក ប្រុក ធឹក និង អ្នកស្រី លន់ ផល្លី ទទួលសញ្ញាបត្រកូន នៅសកលវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី៣០ ខែមករា ។ រូបភាពពីហ្វេសប៊ុក ឈ្មោះ Sam Ath Houy។
លោក ប្រុក ធឹក និង អ្នកស្រី លន់ ផល្លី ទទួលសញ្ញាបត្រកូន នៅសកលវិទ្យាល័យស្វាយរៀង កាលពីថ្ងៃទី៣០ ខែមករា ។ រូបភាពពីហ្វេសប៊ុក ឈ្មោះ Sam Ath Houy។
ជារឿងដ៏គួរឱ្យរំភើបរីករាយក្នុងថ្ងៃបញ្ចប់ការសិក្សា តែគ្រួសារលោក ប្រុក ធឹក  បែរជាមានក្ដីសោកសង្រេង ដ្បិតកូនប្រុសរបស់លោក គឺលោក ឆាន សទ្ធា  បានបាត់បង់ជីវិតមុនថ្ងៃទទួលសញ្ញាបត្រ។ ក្នុងថ្ងៃទទួលសញ្ញាបត្រកូន លោក ប្រុក ធឹក និងភរិយា បានបំពេញក្ដីស្រមៃជូនកូនជាលើកចុងក្រោយ ដោយបានឡើងទទួលសញ្ញាបត្រជំនួសកូនប៉ុណ្ណោះ។

 
រូបភាពពីរសន្លឹក របស់ឪពុកម្ដាយក្នុងឈុតទទួលសញ្ញាបត្រ ជំនួសកូនប្រុសដែលបានបាត់បង់ជីវិត ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ អ្នកស្រី លន់ ផល្លី ត្រូវជាម្ដាយរបស់ លោក ឆាន សទ្ធា បានប្រាប់សារព័ត៌មានថ្មីៗថា  កូនរបស់អ្នកស្រី បានស្លាប់ កាលពីឆ្នាំ២០២២ ដោយសារឆក់ខ្សែភ្លើង​ ពេលជួយការងារសំណង់ឪពុក។ 
 
អ្នកស្រី លន់ ផល្លី បានបន្ថែមថា កូនរបស់អ្នកស្រី បានរៀនចប់ផ្នែកគណិតវិទ្យា នៅសកលវិទ្យាល័យស្វាយរៀង ហើយគ្រោងប្រឡងគ្រូ។ ជាមួយគ្នានេះ កូនរបស់អ្នកស្រី ក៏បានសុំអ្នកស្រី រៀនអនុបណ្ឌិតបន្ត។ «រៀនចប់ហើយ រកលុយទៅរៀនត។ គាត់សុំលោមខ្ញុំ ថ្វាយបង្គំសុំពួកខ្ញុំរៀនត ដល់អនុបណ្ឌិត ហើយខ្ញុំថា ក្រប៉ុណ្ណាក៏ម៉ែពុកឱ្យកូនរៀនដែរ កូនខំរៀនទៅ»។ នេះជាការរៀបរាប់របស់អ្នកស្រី លន់ ផល្លី ដែលខណៈពេលរម្លឹកបែបនេះ អ្នកស្រីក៏ទ្រហោយំភ្លាម។ 
 
រំពេចភ្លាមនោះ លោក ប្រុក ធឹក ដែលជាឪពុក ឆាន សទ្ធា ក៏បន្តសន្ទនាជាមួយសារព័ត៌មានថ្មីៗ តាមទូរសព្ទ ជំនួសភរិយា។ ពេលសួរថា ហេតុអ្វីលោកទៅទទួលសញ្ញាបត្រជំនួសកូនប្រុស ដែលបានស្លាប់ទៅ? លោក ប្រុក ធឹក បានរៀបរាប់ថា លោក និងភរិយា មិនច្បាស់ថា សាលាព្រមផ្ដល់សញ្ញាបត្រ ឱ្យឬអត់ទេ ដ្បិតលោកទទួលដំណឹងពីការផ្ដល់សញ្ញាបត្រនេះតាមក្មួយស្រីដែលរៀនសាលាជាមួយកូនលោកប៉ុណ្ណោះ។ 
 
លោក ប្រុក ធឹក បានអះអាងថា៖  «អ្នកស្រុកថា កូនយើងស្លាប់ហើយមិនបាច់ទៅទទួលទេ។ ខ្ញុំក៏មិនដឹងថាខាងសាលាឱ្យមិនឱ្យ តែខ្ញុំក៏ទៅ។ លោកជំទាវម្នាក់ដែលចូលរួម​ គាត់ដឹងរឿង សទ្ធាកូនខ្ញុំហ្នឹង ក៏ដឹកដៃឡើងឱ្យទទួល។ ម្សិលមិញ ខ្ញុំទៅ ពួកខ្ញុំយំតាំងពីទៅដល់ពេលឃើញកូនគេ។ ខ្ញុំនឹកកូនខ្ញុំ» ។ 
 
មានជីវភាពលំបាក អ្នកខេត្តស្វាយរៀងរូបនេះ បានតស៊ូឱ្យកូនច្បងរៀនសូត្រឱ្យបានដល់ចប់ចុងចប់ដើម។ លោក ប្រុក ធឹក ចាត់ទុកថា  នេះជាមោទកភាពសម្រាប់គ្រួសាររបស់លោក ដែលមានកូនបានរៀនដល់ថ្នាក់ឧត្តមសិក្សា។ រៀបរាប់ជាមួយការសោកស្ដាយជាពន់ពេក លោក ប្រុក ធឹក បានឱ្យដឹងថា ក្នុងពេលឡើងទទួលសញ្ញាបត្រឱ្យកូនប្រុស លោក និងភរិយា បានឧទ្ធិសហៅព្រលឹងកូនឱ្យមកទទួល។ លោក ប្រុក ធឹក បន្ថែមដូច្នេះ៖ «ពេលឡើងទៅ ខ្ញុំស្រែកហៅ កូនខ្ញុំថា កូនអើយ ពុកម៉ែ មកទទួលសញ្ញាបត្រជំនួសកូនហើយ កូនមកយកទៅ »៕ 
 
 
 
 

Tag:
 សញ្ញាបត្រ
 
© រក្សាសិទ្ធិដោយ thmeythmey.com