អន្តរជាតិ
នាយករដ្ឋមន្រ្តីថៃ អំពាវនាវឱ្យឈប់ជជែកពីប្រធានបទគុនខ្មែរ និងMuay Thai 
លោកប្រាយុទ្ធ ចន្ទអូចា ចូលរួមក្នុងកម្មវិធីមួយរៀបចំដោយក្រសួងវប្បធម៌ថៃ នៅថ្ងៃទី៣១ ខែមករា។ រូបភាពយកពីរដ្ឋាភិបាលថៃ
×![]()
នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី៣១ ខែមករា បានអំពាវនាវឱ្យប្រជាជនខ្លួនឈប់ប្រកែកគ្នាជុំវិញ ប្រធានបទគុនខ្មែរ និងMuay Thai ក្រោមហេតុផលថា Muay Thai ជាផ្នែកមួយនៃវប្បធម៌ថៃ។
គុនខ្មែរ និងMuay Thai បានក្លាយជាប្រធានបទ ដែលត្រូវបានពិភាក្សា ក្រោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ (CAMSOC) បានសម្រេចដាក់ពាក្យ «គុនខ្មែរ» ជំនួសពាក្យ «Mauy Thai» ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។
ទាក់ទិននឹងបញ្ហានេះ ប្រមុខរដ្ឋាភិបាលថៃ លោកប្រាយុទ្ធ ចន្ទអូចា បានអំពាវនាវឱ្យប្រជាជនខ្លួនឈប់វែកញែកពីប្រធានបទគុនខ្មែរ និងMuay Thai។ លោកប្រាយុទ្ធបានសង្កត់ធ្ងន់បែបនេះ ក្នុងអំឡុងពេលទៅចូលរួមក្នុងកម្មវិធីមួយ រៀបចំដោយក្រសួងវប្បធម៌ថៃ នៅវិមានរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយពី «ទិវា Muay Thai» ដែលគ្រោងនឹងប្រារព្ធនៅថ្ងៃទី៦ ខែកុម្ភៈខាងមុខ។
បើតាមលោកប្រាយុទ្ធ វាមិនចាំបាច់ឡើយ ក្នុងការប្រកែកគ្នា ហើយគ្មាននរណាម្នាក់អាចយក Muay Thai ពីថៃបានឡើយ។ បើទោះនរណានិយាយអ្វីក៏ដោយ វាមិនគួរវិវដ្តទៅជាជម្លោះនោះទេ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ទន្ទឹមនេះ មេដឹកនាំថៃ បានបន្ថែមថា វាមានការជជែកដេញដោលអំពីឈ្មោះលើគុនមួយនេះ តាមបណ្តាញសង្គម។ ត្រង់ចំណុចនេះ លោកប្រាយុទ្ធយល់ថា វាគ្មានបានការអ្វីឡើយ ហើយថៃដឹងថា អ្វីជាអ្វីហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com