អន្តរជាតិ
បារាំង និងអូស្ត្រាលី នឹងរួមគ្នាផលិតគ្រាប់កាំភ្លើងធំសម្រាប់អ៊ុយក្រែន 
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Richard Marles, រដ្ឋមន្រ្តីការបរទេសអូស្ត្រាលី Penny Wong, រដ្ឋមន្ត្រីការបរទេសបារាំង Catherine Colonna និងរដ្ឋមន្រ្តីការពារជាតិបារាំង Sebastien Lecornu នាជំនួបនៅប៉ារីស។ រូបថត AFP
×![]()
បារាំង និងអូស្ត្រាលី នៅថ្ងៃទី៣០ ខែមករា បានបង្ហាញផែនការរួមគ្នាក្នុងបំណងផលិតគ្រាប់រំសេវសម្រាប់អ៊ុយក្រែន ខណៈដែលប្រទេសទាំងពីរកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងការស្ដារទំនាក់ទំនងឡើងវិញក្រោយល្អក់កករនឹងគ្នាកាលពីជិតពីរឆ្នាំមុន។
ទំនាក់ទំនងរវាងបារាំង និងអូស្ត្រាលីបានធ្លាក់ដល់កម្រិតទាបជាប្រវត្តិសាស្ត្រក្នុងឆ្នាំ២០២១ ដោយអូស្ត្រាលីបានលុបចោលកិច្ចសន្យាទិញនាវាមុជទឹកពីបារាំងចំនួន១២គ្រឿង ហើយបែរទៅទិញនាវាមុជទឹកដែលប្រើថាមពលនុយក្លេអ៊ែរអភិវឌ្ឍដោយបច្ចេកវិទ្យាអាម៉េរិក និងអង់គ្លេសជំនួសវិញ។ បារាំងខឹងសម្បារយ៉ាងខ្លាំងដោយត្រូវបាត់បង់ប្រយោជន៍ពីកិច្ចសន្យាមានតម្លៃជាង៣៣ពាន់លានដុល្លារ។
សង្រ្គាមនៅអ៊ុយក្រែនជួយឱ្យប្រទេសទាំងពីរកាន់តែខិតជិតគ្នាជាថ្មី។ រដ្ឋមន្ត្រីការពារជាតិបារាំង លោក Sebastien Lecornu នៅថ្ងៃទី៣០ ខែមករា បានជួបជាមួយសមភាគីអូស្ត្រាលី លោក Richard Marles ជាលើកដំបូងដែលជាកិច្ចចរចាកម្រិតខ្ពស់មួយ។ ជាសមិទ្ធផលនៃជំនួប លោក Lecornu អះអាងថា បារាំង និងអូស្ត្រាលីបានព្រមព្រៀងសហការគ្នាផលិតគ្រាប់កាំភ្លើងធំទំហំ១៥៥មីលីម៉ែត្រដើម្បីជួយអ៊ុយក្រែន។
បើតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការពារជាតិបារាំងរូបនេះ សង្ឃឹមថាគ្រាប់កាំភ្លើងធំទាំងនោះអាចចាប់ផ្តើមបញ្ជូនទៅអ៊ុយក្រែននៅត្រីមាសទីមួយនៃឆ្នាំ២០២៣។ តាមរយៈកិច្ចព្រមព្រៀងនេះ អូស្ត្រាលីនឹងផ្គត់ផ្គង់ម្សៅរំសេវ ខណៈក្រុមហ៊ុន Nexter របស់បារាំងនឹងផលិតសំបកគ្រាប់។
«ពិតជាមានការបំពេញគ្នារវាងឧស្សាហកម្មការពារជាតិរបស់យើង»។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Marles ប្រាប់បែបនេះទៅអ្នកសារព័ត៌មាននៅក្រសួងការពារជាតិបារាំងក្នុងសន្និសីទសារព័ត៌ក្រោយជំនួប។ លោក Marles បន្ថែមថាទីក្រុងកង់បេរ៉ាចង់ធ្វើសកម្មភាពរួមគ្នាដើម្បីបង្ហាញអំពីការគាំទ្ររបស់អូស្ត្រាលី និងបារាំងចំពោះបញ្ហាជម្លោះនៅអ៊ុយក្រែននាពេលបច្ចុប្បន្ន។
អគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំអូស្ត្រាលី លោក Vasyl Myroshnychenko ស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាសនេះ ដោយបាននិយាយថាការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំបន្ថែមជាចម្បងកំពូលមួយរបស់ទីក្រុងកៀវ សម្រាប់គាំទ្រយោធា។ លោក Myroshnychenko បន្តថា លោកទន្ទឹងរង់ចាំស្តាប់ព័ត៌មានលម្អិតបន្ថែមទៀតអំពីពេលវេលាបញ្ចូន និងបរិមាណគ្រាប់រំសេវដែលនឹងត្រូវទទួលបាន៕
Tag:
បារាំង
អូស្ត្រាលី
អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com