កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup ជុំទី៥ ៖ Man United ជួប West Ham ខណៈក្រុមដទៃជួបដៃគូពីលីគផ្សេងគ្នា
31, Jan 2023 , 10:29 pm        
រូបភាព
ពានរង្វាន់ FA Cup ដែលជាការប្រជែងគ្នារវាងក្រុមពីលីគកំពូលទាំង ៤របស់អង់គ្លេសបានរកឃើញក្រុមមួយចំនួនដែលត្រូវប៉ះគ្នានៅជុំទី៥។ Manchester United ត្រូវជួប ​West Ham United ដែលស្ថិតនៅក្របខណ្ឌ Premier League ដូចគ្នា ខណៈក្រុមផ្សេងទៀតសុទ្ធតែប៉ះគូប្រកួតមកពីកម្រិតលីគផ្សេងគ្នា។



បិសាចក្រហមមុនឈានជើងមកដល់ការប្រកួតជុំទី៥ នៃ FA Cup នេះ ពួកគេបានទម្លាក់ក្រុម Reading ដែលស្ថិតនៅលីគលំដាប់ទីពីរ Championship ក្នុងលទ្ធផល ៣-១។ ចំណែក West Ham United បានយកឈ្នះលើក្រុម Derby County ដែលស្ថិតនៅលីគលំដាប់ទី៣ English League 1 លទ្ធផល ២-០។ 
 
ក្រៅពីជំនួបក្រុមស្ថិតនៅក្របខណ្ឌ Premier League ទាំងពីរនេះ ក្រុម Wrexham ដែលមិនស្ថិននៅក្នុងលីគរបស់អង់គ្លេស ប៉ុន្តែជាក្រុមមកពីវែលស៍ នឹងអាចប្រឈមមុខតទល់ជាមួយក្រុមខ្លាំង Tottenham Hotspur នៅជុំទី៥ FA Cup ប្រសិនបើពួកគេអាចយកឈ្នះការប្រកួតទល់ក្រុម Sheffield United នៃលីគលំដាប់ទីពីររបស់អង់គ្លេស។
 
កាលពីប្រកួតសប្តាហ៍មុនក្រុម Wrexham និង Sheffield ទាំងពីរនេះបានបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ៣-៣ ហើយក្រុមទាំងពីរនេះក៏នឹងត្រូវជួបប្រកួតគ្នាកាត់សេចក្តីម្តងទៀតនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៣។
 
Manchester City នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីក្រុម Bristol City នៃក្របខណ្ឌ Championships។ ខណៈដែលមានក្រុមដទៃផ្សេងទៀតបានឆ្លងកាត់ការប្រកួតស្មើគ្នារួចមកហើយនោះ ក្រុមដែលឈ្នះការប្រកួតរវាង Grimsby Town និង Luton Town នឹងត្រូវទៅជួប Southampton។ 
 
ក្រុម ​Leicester City ក៏នឹងត្រូវរង់ចាំស្វាគមន៍ក្រុមដែលឈ្នះការប្រកួតរវាង Blackburn និង Birmingham City ផងដែរ។ រីឯក្រុម Brighton & Hove Albion ដែលទើបទម្លាក់ម្ចាស់ការពារជើងឯក Liverpool ត្រូវធ្វើដំណើរទៅប៉ះក្រុម Stoke City។ ចំណែក Leeds United កំពុងតែរង់ចាំក្រុមឈ្នះការប្រកួតរវាង Sunderland ទល់ Fulham។ 
 
ការប្រកួតដើម្បីស្វែករកក្រុមដែលត្រូវប្រកួតបន្តតាមការចាប់ឆ្នោតរួចនឹងត្រូវធ្វើឡើង ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ នៅដើមខែកុម្ភៈ ឆ្នាំ ២០២៣ ហើយការប្រកួតជុំទី៥ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី២៧ ខែកុម្ភៈតទៅ៕
 
ខាងក្រោមនេះជាការចាប់ឆ្នោតក្រុមប្រកួតជុំទី៥ ៖
Southampton ជួប Luton ឬក៏ Grimsby
 
Leicester ជួប Blackburn ឬក៏ Birmingham
 
Stoke ជួប Brighton
 
Wrexham ឬក៏ Sheffield United ជួប Tottenham
 
Fulham ឬក៏ Sunderland ជួប Leeds
 
Bristol City ជួប Manchester City
 
Manchester United ជួប West Ham
 
Ipswich ឬក៏ Burnley ជួប Sheffield Wednesday ឬក៏ Fleetwood 
 

Tag:
 FA Cup
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com