អន្តរជាតិ
ចិនថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសមិនធ្ងន់ធ្ងរឡើយក្រោយថ្ងៃបុណ្យចូលឆ្នាំ
31, Jan 2023 , 6:29 pm        
រូបភាព
ចិន នៅថ្ងៃទី៣០ ខែមករា បានអះអាងថា ស្ថានភាពជំងឺកូវីដ-១៩ ក្នុងប្រទេសមិនធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់ទេក្រោយថ្ងៃចូលឆ្នាំ។ លើសពីនេះ អត្រាអ្នកស្លាប់​ដោយជំងឺកូវីដ-១៩ អំឡុងសប្ដាហ៍​​បុណ្យចូលឆ្នាំ​ចិន​បាន​ធ្លាក់​ចុះ​ប្រហែល​ពាក់កណ្ដាលធៀបនឹង​​មួយសប្ដាហ៍មុន​ថ្ងៃ​ឈប់​សម្រាក។



កាលពីមុនថ្ងៃចូលឆ្នាំចិនមកដល់ ប្រធានាធិបតី លោក ស៊ី ជិនភីង បានលើកឡើងក្ដីព្រួយបារម្ភចំពោះការរីករាលដាលជំងឺកូវីដ-១៩ ដែលទំនងមានសភាពធ្ងន់ធ្ងរឡើងក្រោយថ្ងៃបុណ្យនេះបញ្ចប់ ព្រោះវាជាថ្ងៃឈប់សម្រាក ជួបជុំគ្នាក្នុងគ្រួសារយ៉ាងសំខាន់របស់ជនជាតិនេះ ។ ស្របគ្នានេះ អង្គការសុខភាពពិភពលោក (WHO) ក៏បានលើកឡើងថា ចិននឹងពិបាកគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ អំឡុងថ្ងៃចូលឆ្នាំ ដែលជាពេលប្រជាជនផ្លាស់ទីច្រើនបំផុតប្រចាំឆ្នាំក្នុងពិភពលោក។
 
យ៉ាងណាមិញ អ្នកនាំពាក្យគណៈកម្មាធិការសុខាភិបាលជាតិចិន លោក Mi Feng នៅថ្ងៃទី៣០ ខែមករា លើកឡើងក្នុងសន្និសីទសារព័ត៌មានថា ក្រោយថ្ងៃបុណ្យចូលឆ្នាំចិន ប្រទេសមានស្ថានភាពឆ្លងរាលដាលកម្រិតទាប និងមិនមានការស្លាប់កើនឡើងធ្ងន់ធ្ងរឡើយ។
 
«ស្ថានភាពរាលដាលជំងឺកូវីដ-១៩ ទូទៅនៅក្នុងប្រទេសបានធ្លាក់ដល់កម្រិតទាបវិញ ហើយស្ថានភាពឆ្លងនៅតាមតំបន់ផ្សេងៗក៏បានធ្លាក់ចុះជាលំដាប់»។ លោក Mi Feng ថ្លែងបែបនេះក្នុងសន្និសីតសារព័ត៌មានដដែល។
 
កាលពីសប្តាហ៍មុន មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺចិន (CDC) បញ្ជាក់ថា ប្រទេសនេះមិនរងការផ្ទុះឡើងករណីកូវីដ-១៩ គួរឱ្យកត់សម្គាល់ដូចការព្រួយបារម្ភអំឡុងថ្ងៃឈប់សម្រាកនោះទេ។ ចំនួនករណីអ្នកជំងឺកូវីដ-១៩ មានអាការៈធ្ងន់ធ្ងរ និងអ្នកស្លាប់បានធ្លាក់ចុះ ហើយមិនមានប្រភេទវីរុសបំប្លែងខ្លួនប្រភេទថ្មីទេ។
 
មជ្ឈមណ្ឌលដដែលបន្តថា ករណីឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរនៅចិនបានធ្លាក់ចុះ៧២ភាគរយធៀបនឹងចំនួនអ្នកឆ្លងខ្ពស់បំផុតនៅដើមខែមករា ឆ្នាំថ្មីនេះ។ ស្របគ្នានេះ ការស្លាប់ប្រចាំថ្ងៃក្នុងចំណោមអ្នកជំងឺសម្រាកក្នុងមន្ទីរពេទ្យបានធ្លាក់ចុះ ៧៩ភាគរយធៀបនឹងអត្រាខ្ពស់បំផុតផងដែរ។ មជ្ឈមណ្ឌលនេះ បានកត់ត្រាការស្លាប់មានជាង ៦ពាន់នាក់ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែមករា ខណៈមានជាង ១២០០០នាក់នៅចន្លោះថ្ងៃទី១៣ ដល់១៩ ខែមករា។
 
ការពិត ការធ្វើដំណើរក្នុងស្រុក និងអន្តរជាតិក្នុងអំឡុងថ្ងៃឈប់សម្រាកបានកើនឡើងយ៉ាងខ្លាំង ដោយប្រជាជនរាប់លាននាក់បានធ្វើដំណើរចេញចូលចិនទាំងតាមផ្លូវអាកាស ផ្លូវគោក ផ្លូវដែក បន្ទាប់ពីទីក្រុងប៉េកាំងបានដកវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅចុងឆ្នាំ២០២២។ បើតាមមន្ត្រីក្រសួងដឹកជញ្ជូន អ្នកធ្វើដំណើរចន្លោះថ្ងៃទី៧ ខែមករាដល់ថ្ងៃទី២៩ ខែមករា បានឈានដល់៨៩២លាននាក់ កើនឡើង៥៦ភាគរយធៀបនឹងឆ្នាំ២០២២។ ប៉ុន្តែបើធៀបនឹងឆ្នាំ២០១៩ ពេលដែលប្រទេសមិនទាន់មានវិបត្តិកូវីដ-១៩ វាបានធ្លាក់ចុះជិត ៤៧ភាគរយ។
 
គួរបញ្ជាក់ថា កន្លងមក អ្នកជំនាញអន្តរជាតិមួយចំនួនមិនទុកចិត្តទិន្នន័យចិនឡើយ ព្រោះវាហាក់ផ្ទុយពីស្ថានភាពពិតនៃការរាលដាលជំងឺក្នុងប្រទេស។ ម៉្យាងវិញទៀត គណៈកម្មការសុខភាពជាតិ (NHC) បានប្រកាសកាលពីខែមុនថា មានតែការស្លាប់ដែលបណ្តាលមកពីជំងឺរលាកសួត និងជំងឺផ្លូវដង្ហើមប៉ុណ្ណោះដែលត្រូវរាប់ជាការស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩។ ចិនក៏មិនរាប់បញ្ចូលអ្នកដែលស្លាប់នៅផ្ទះដែរបើទោះដោយសារជំងឺកូវីដ-១៩ ក្ដី៕ 
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com