កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ៧រូប ដែលមានល្បឿនលឿនបំផុត នៅរដូវកាលនេះ
01, Feb 2023 , 8:29 am        
រូបភាព
​ល្បឿនគឺជាកត្តាចាំបាច់បំផុតសម្រាប់បាល់ទាត់ ជាមួយបច្ចេកទេសខ្ពស់ដែលពួកគេមាន ព្រោះវាអាចជួយឱ្យកីឡាករម្នាក់ៗយកឈ្នះលើដៃគូ ក្នុងការដណ្តើមបាល់ រួមទាំងការអូសបាល់ឆ្លងផុតខ្សែការពារយ៉ាងងាយស្រួល។



ល្បឿនបានជួយដល់កីឡាករឱ្យមានភាពរហ័សរហួនតាមពេលវេលា និងមានការសម្រេចចិត្តច្បាស់លាស់នៅលើទីលានប្រកួត។ 
 
សម្រាប់ការការពារវិញ ល្បឿនបានជួយកីឡាករខ្សែការពារទាំងនោះ អាចកែប្រែស្ថានការណ៍អាក្រក់ និងជួយសង្គ្រោះបាល់ពីសំណាក់ខ្សែប្រយុទ្ធរបស់គូបដិបក្ខបាន។មួយវិញទៀត ខ្សែការពារ ឬខ្សែបម្រើ ដែលមានល្បឿនលឿន ក៏អាចជាជំនួយដល់ខ្សែប្រយុទ្ធផងដែរ។ ពួកគេ អាចក្លាយជាដៃគូដ៏ល្អ គ្រប់កាលៈទេសៈ។

សរុបមកវិញល្បឿនគឺជាធាតុផ្សំដ៏សំខាន់នៃជំនាញរបស់កីឡាករបាល់ទាត់ម្នាក់ៗ ហើយអាចជះឥទ្ធិពល ទៅលើការបង្ហាញទម្រង់លេងរបស់ពួកគេ។ ភាគច្រើននៃកីឡាករដែលល្អៗបំផុតនាពេលបច្ចុប្បន្ន ក៏ដោយសារល្បឿនលឿនរបស់ពួកគេផងដែរ។ 
 
ខាងក្រោមនេះជាកីឡាករដែលមានល្បឿនលឿនបំផុតក្នុងរដូវកាល ២០២២-២៣៖
 
១/ Sven Botman រត់បានល្បឿនលឿនបំផុត ៣៩,២១គីឡូម៉ែត្រក្នុងមួយម៉ោង

Botman សញ្ជាតិហូឡង់ និងជាកីឡាករក្រុមជម្រើសជាតិផងនោះ ជាខ្សែការពារមួយរូបដ៏មានឥទ្ធិពល សម្រាប់ក្រុម Newcastle United នៅក្នុងក្របខណ្ឌ Premier League នាពេលបច្ចុប្បន្ន។ កីឡាកររូបនេះបានចាប់ផ្តើមរកឃើញភាពខ្លាំងក្លានៅក្នុងរដូវកាល ២០២០-២១ ដោយកាលនោះរូបគេលេងនៅក្រុម Lille របស់លីគកំពូលបារាំង។ មិនត្រឹមតែជាកីឡាករ ដែលតែងប្រជែងយកបាល់ ដើម្បីការពារក្រេុមបានល្អនោះទេ រូបគេក៏អាចជួយបញ្ជូនបាល់ទៅមិត្តរួមក្រុម និងរកគ្រាប់បាល់ តាមរយៈល្បឿនលឿន ៣៩,២១គីឡូម៉ែត្រក្នុងម៉ោងផងដែរ។
  


​​២/ Darwin Nunez រត់បានល្បឿនលៀនបំផុត ៣៨,០0គីឡូម៉ែត្រក្នុងម៉ោង

Nunez ចាប់ផ្តើមបង្ហាញខ្លួនជាមួយ Liverpool មិនសូវទទួលបានលទ្ធផលល្អប៉ុន្មានឡើយ ខណៈបច្ចុប្បន្នក្រុមយក្សអង់គ្លេសមួយនេះ ជួបបញ្ហាទម្រង់លេង និងកីឡាកររបួសធ្ងន់ធ្ងរ។ ប៉ុន្តែរូបគេនៅតែបង្ហាញពីគុណភាពនិងចលនារត់ដ៏មានឥទ្ធិពលរបស់គេ រាល់ការប្រកួត ដើម្បីជាជំនួយដ៏សំខាន់សម្រាប់ក្រុម ក្នុងការស្វែងរកជ័យជម្នះ។ បង្ហាញខ្លួន ២៥លើកចាប់តាំងពីចូលរួមក្រុម Nunez រកបានត្រឹម ១០គ្រាប់ប៉ុណ្ណោះ ហើយល្បឿនដែលរូបគេរត់បានលឿនបំផុតរដូវកាលនេះបាន ៣៨,០០គីឡូម៉ែត្រក្នុងមួយម៉ោង ។ រូបគេក្លាយជាកីឡាករទីពីរដែលរត់លឿនប្រចាំតំបន់អឺរ៉ុប។
  


៣/ Kylian Mbappe រត់បានល្បឿនលឿនបំផុត ៣៧,៩០គីឡូម៉ែត្រក្នុងមួយម៉ោង

Mbappe បានក្លាយជាកីឡាករដ៏ល្អបំផុតមួយលើពិភពបាល់ទាត់នាពេលបច្ចុប្បន្ន ជាមួយបច្ចេកទេស និងទេពកោសល្យដ៏អស្ចារ្យរបស់គេ នៃការប្រើប្រាស់ជើងដ៏រហ័សរហួន ក្នុងការលេងនិងការប្រជែងទល់ខ្សែការពារ នៃក្រុមគូប្រកួតដ៏ងាយ។ ត្រឹមវ័យ២៤ ឆ្នាំ Mbappe ខ្សែប្រយុទ្ធក្រុម Paris Saint Germain រូបនេះ បានឈ្នះបានរង្វាន់ជាច្រើន ជាពិសេសជាកីឡាករឈ្នះពានរង្វាន់ World Cup ផងដែរ។ សម្រាប់រដូវកាលនេះរូបគេរត់បានល្បឿនលឿនបំផុត ៣៧,៩០គីឡូម៉ែត្រក្នុងមួយម៉ោង។
  


៤/ Ousmane Dembele រត់បានល្បឿនលឿនបំផុត ៣៦,៦០គីឡូម៉ែត្រក្នុងមួយម៉ោង

Dembele ជាកីឡាករម្នាក់ដែលមានតិចនិចដ៏ល្អក្នុងការលេងបាល់ទាត់ ។ កីឡាករសញ្ជាតិបារាំង ដែលកំពុងប្រកបអាជីពនៅក្រុម Barcelonaរូបនេះ បានប្រែក្លាយជាកីឡាករស្នូលដ៏សំខាន់ ក្រោមការដឹកនាំរបស់លោក Xavi Hernandez ក្នុងនាមជាខ្សែប្រយុទ្ធស្លាបដ៏គ្រោះថ្នាក់បំផុតមួយ។ សម្រាប់រដូវកាលនេះ រូបគេរត់បានល្បឿនលឿនបំផុត ៣៦,៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
  


៥/ Adama Traore រត់បានល្បឿនលឿនបំផុត ៣៦,៦០គីឡូម៉ែត្រក្នុងមួយម៉ោង

មិនមែនជារឿងភ្ញាក់ផ្អើលទេ ដែលអ្នកគាំទ្រនៅ Premier League បានឃើញពីសមត្ថភាពនិងកម្លាំងរបស់ Adama Traore ក្នុងការប្រជែងជាមួយកីឡាករគូប្រកួត ដោយបច្ចេកទេសរបស់គេ។ ទោះបីជារូបគេមានសមត្ថភាពខ្លាំងយ៉ាងណាក៏ដោយក្នុងវិស័យបាល់ទាត់ ប៉ុន្តែអតីតកីឡាករក្រុម Barcelona ដែលកំពុងលេងឱ្យក្រុម Wolves បច្ចុប្បន្ននេះ មិនសូវរកបានគ្រាប់បាល់បានឡើយ នារដូវកាលនេះ។ Traore ត់បានល្បឿនដ៏លឿនបំផុត ៣៦,៦០គីឡូម៉ែត្រក្នុងមួយម៉ោង។


 
៦/ Mykhailo Mudryk រត់បានល្បឿន ៣៦,៦០គីឡូម៉ែត្រក្នុងមួយម៉ោង

Chelsea បានបំបែកកំណត់ត្រាខ្លួន ដោយបាននាំចូលខ្សែបម្រើប្រយុទ្ធ Mykhailo Mudryk ពីក្រុម Shakhtar Donetsk ក្នុងតម្លៃ ១០៨លានដុល្លារ ជាមួយកិច្ចសន្យារយៈពេល ៨ឆ្នាំកន្លះ។ Mudryk ជាកីឡាករម្នាក់ដែលមានទម្រង់លេងមួយដ៏គួរឱ្យចាប់អារម្មណ៍ ដោយរូបគេអាចប្រជែងបាល់ពីខ្សែការពារបានយ៉ាងងាយស្រួល ជាមួយបច្ចេកទេសញាក់បាល់ដ៏ល្អ និងភាពរហ័សរហួនរបស់គេ។ ផ្លាស់មកកាន់ Chelsea ភ្លាម Mudryk រត់បានល្បឿនលឿនមិនគួរឱ្យជឿ ៣៦,៦០គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រដូវកាលនេះ។



៧/ Rafael Leao រត់បានល្បឿនលឿនបំផុត ៣៦,៥០គីឡូម៉ែត្រក្នុងមួយម៉ោង

កីឡាករវ័យក្មេងរបស់ក្រុម AC Milan រូបនេះ ក៏ជាកីឡាករដ៏មានឥទ្ធិពលមួយរូបផងដែរ ក្នុងតំបន់អឺរ៉ុប។ Leao ជាកីឡាករម្នាក់ដែលមិនងាយស្រួលនឹងតាមបិទបាំងឡើយ ពីសំណាក់គូប្រកួតរបស់គេ ព្រោះគេមានបច្ចេកទេសដ៏ខ្លាំងជាមួយបាល់ទាត់។ ភាពរហ័សរហួននៃខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្កាល់រូបនេះ បានធ្វើឱ្យរូបគេក្លាយជាកីឡាករម្នាក់ដ៏សំខាន់របស់ក្រុម ។ ពេលនេះរូបគេក៏ជាប់ឈ្មោះជាកីឡាករដែលមានល្បឿនលឿនផងដែរ ដោយរត់បាន ៣៦,៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕


 
 

Tag:
 Football
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com