កីឡាអន្តរជាតិ
អន្តរជាតិ
Chelsea ទិញ Fernandez ក្នុងតម្លៃ ១៣១,៥លានដុល្លារ បំបែកកំណត់ត្រានៅអង់គ្លេស
01, Feb 2023 , 11:19 am        
រូបភាព
ក្លិប Chelsea នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ទទួលបានជោគជ័យចុះកិច្ចសន្យានាំយកកីឡាករវ័យក្មេង និងម្ចាស់បានរង្វាន់ ​World Cup សញ្ជាតិអាហសង់ទីន Enzo Fernandez ពីក្លិប Benfica តម្លៃបំបែកកំណត់ត្រានៅអង់គ្លេស ១០៦​,៨លានផោន(១៣១,៤លានដុល្លារ) នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣។



ខណៈពេលដែលពេលវេលានៃទីផ្សារដោះដូរកំពុងរំកិលទៅដល់ថ្ងៃបិទបញ្ចប់នោះ ការជជែងលើកិច្ចព្រមព្រៀងនានាជាមួយកីឡាករ និងក្លិបមានភាពតានតឹងមួយចំនួន។ តែទោះជាយ៉ាងណាក្លិប Benfica ក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថារវាងកីឡាករ និងក្លិបបានយល់ព្រមលើកិច្ចព្រមព្រៀងផ្ទាល់ខ្លួនរួចរាល់នារាត្រីថ្ងៃទី៣១ ខែកុម្ភៈ ឆ្នាំ ២០២៣។
  


កិច្ចព្រមព្រៀងទិញដូរកីឡាករ Fernandez នោះ Chelsea នឹងបង់តម្លៃសេវាផ្នែកភ្នាក់ងារក្នុងចំនួនដ៏ច្រើនផងដែរ។ Fernandez វ័យ២២ឆ្នាំដែលរួមចំណែកជួយអាហ្សង់ទីនឈ្នះ World Cup ទទួលបានកិច្ចសន្យា ៨ឆ្នាំ ជាមួយក្រុមតោខៀវ ហើយរូបគេក្លាយជាកីឡាករទី៨ ដែលសម្រាប់ខែមករា និងជាកីឡាករទី៨ទៅដល់ Stamford Bridge នៅខែមករានេះ។ ការដោះដូរនាខែមករា តោខៀវចំណាយប្រាក់ប្រមាណជាង ៣០០លានផោន(៣៦៩,២លានដុល្លារ​) រួចទៅហើយ។
 
តម្លៃនៃការផ្ទេរពីសំណាក់ Chelsea លើ Enzo Fernandez បានក្លាយជាការផ្ទេរបំបែកកំណត់ត្រាប្រចាំអង់គ្លេស ដោយវាមានតម្លៃដល់ទៅ ១៣១,៤លានដុល្លារ ច្រើនជាង Jack Grealish ដែលបានផ្លាស់ពី Aston Villa ទៅកាន់ក្រុម Manchester City កាលពីឆ្នាំ ២០២១ តម្លៃ ១០០លានផោន(១២៣លានដុល្លារ)។ 
 
Fernandez ជាកីឡាករដែលរួមចំណែកជួយអាហ្សង់ទីនឈ្នះពានរង្វាន់ World Cup 2022 នៅប្រទេសកាតា ហើយក៏ជាកីឡាករដែលឈ្នះពានរង្វាន់ឯកត្តជន ជាកីឡាករវ័យក្មេងល្អប្រចាំព្រឹត្តិការណ៍ the Young Player Award។ នៅ Benfica របស់ព័រទុយហ្កាល់ Enzo បានចូលរួមកាលពីខែកក្កដា ឆ្នាំ ២០២២ ហើយលេងបានត្រឹម ២៩ប្រកួតតែប៉ុណ្ណោះ។


 
ខ្សែបម្រើវ័យ ២២ឆ្នាំ ក្លាយជាកីឡាករទី ៨ ដែល Chelsea បាននាំយកមកនាពាក់កណ្តាលរដូវកាលនេះ បន្ទាប់ពីក្រុមម្ចាស់ជើងឯក UCL ២សម័យមួយនេះនាំយកកីឡាករដូចជា Mykhailo Mudryk, Benoit Basdiashile, Noni Madueke, Andrey Santos, David Fofana និង Malo Gusto ខណៈដែល ​Joao Felix ខ្ចីជើងមកពី Atletico Madrid។ កីឡាករទាំងអស់នេះមានវ័យត្រឹម ២៣ ឬក៏តិចជាងនេះទៅទៀតដែល Chelsea បាននាំមក។ 
 
សម្រាប់រដូវកាលនេះក្រុមតោខៀវ Chelsea ដែលស្ថិតក្រោមការដឹកនាំរបស់ម្ចាស់ថ្មី លោក Todd Boehly និងក្រុមហ៊ុន Clearlake Capital បានចំណាយប្រាក់ប្រមាណជិត ៦០០លានផោន(៧៣៨លានដុល្លារ) ដើម្បីកសាងក្រុមឡើងវិញ។ 
 
បច្ចុប្បន្នតោខៀវ Chelsea ជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ ១០នៃក្របខណ្ឌ ​Premier League ដោយមានគម្លាតពិន្ទុពីក្រុមកំពូលតារាងទាំង ៤ចំនួន ១០ពិន្ទុ។ ការប្រកួតបន្ទាប់របស់ពួកគេនឹងទទួលស្វាគមន៍ក្រុម Fulham នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២៣ នាទឹកដី ​Stamford Bridge៕
 
 

Tag:
 Chelsea
  Enzo Fernandez
© រក្សាសិទ្ធិដោយ thmeythmey.com