វរ្ម័ន ទៅ ជា វម៌្ម? ជយវរ្ម័ន ទៅជា ជ័យវម៌្ម? សូរ្យវរ្ម័ន ទៅជា សូរ្យវម៌្ម? ឥន្ទ្រវរ្ម័ន ទៅជា ឥន្ទ្រវម៌្ម? ពិតណាស់ ពាក្យ «វរ្ម័ន» មាននៅក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលប្រើប្រាស់ជាព្រះបរមនាម ឬគោរមនៃព្រះបរមនាមរបស់ព្រះមហាក្សត្រ ជាពិសេសនាសម័យមហានគរ។ ប៉ុន្តែក្នុងនាមជាអ្នកជំនាញផ្នែកសិលាចារឹក សាស្ត្រាចារ្យ វង់ សុធារ៉ា បានពន្យល់បកស្រាយថា «វម៌្ម» គឺជាពាក្យដែលដូនតាប្រើតាំងពីបុរាណមក ដោយមាននៅស្ទើរគ្រប់សិលាចារឹកនាសម័យអង្គរ។
បើតាមលោក វង់ សុធារ៉ា ប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ «វម៌្ម» អានថា វាក់-រ-មាក់ ប៉ុន្តែពីដើមអាចមានសូរបែបផ្សេង។ ពាក្យនេះ មានន័យថា ដែលការពារ គាំពារ ឬត្រូវបានការពារ។ រីឯ« វរ្ម័ន» [អានថា វ័រ-ម៉័ន] វិញ មានន័យថា ក្រោះ អាវក្រោះ។

វចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់បន្ថែមថា ជយវរ្ម័ន គឺអាវក្រោះមានជ័យ អ្នកពាក់ក្រៅមានជ័យ។ ព្រះបរមនាម ឬ គោរមនៃព្រះបរមនាមរបស់ព្រះមហាក្សត្រិយ៍ក្នុងកម្ពុជរដ្ឋសម័យមហានគរ ( សម័យនគរធំ )។ ព្រះបាទជយវរ្ម័នទី៧ ... ។
តើអ្វីជាបញ្ហា? លោក វង់ សុធារ៉ា ដែលជាសាស្ត្រាចារ្យផ្នែកសិលាចារឹក និងប្រវត្តិសាស្ត្រខ្មែរ-អាស៊ីអាគ្នេយ៍ អះអាងថា ពាក្យ “វម៌្ម” មានចារលើសិលាចារឹកតាំងពីសតវត្សរ៍ទី៦ ហើយនៅសតវត្សរ៍ទី៩-១០ ក៏ឃើញមានសិលាចារឹកនៅប្រាសាទជើងអង នៃខេត្តត្បូងឃ្មុំដែរ។
លោកបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា «វម៌្ម គឺជាពាក្យរបស់ដូនតាយើង ដែលលោកប្រើតាំងពីបុរាណ។ សម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យប្រើពាក្យរបស់ដូនតាយើង។ ចំណែកពាក្យ វរ្ម័ន យើងប្រើតាមសំនៀងដែលបារាំងអាន [Varman]។ យើងគួរតែប្រើប្រាស់ភាសា ទៅតាមអ្វីដែលខ្មែរយើងមានពីបុរាណ ដើម្បីកុំឱ្យដាច់ជំនាន់»។
លោក វង់ សុធារ៉ា តែងតែព្យាយាមជំរុញឱ្យមានការឯកភាពគ្នាលើការប្រើប្រាស់បច្ចេកសព្ទប្រវត្តិវិទ្យា ដូចជាពាក្យ វរ្ម័ន, អាណានិគម, អាណាព្យាបាល, សហភាពឥណ្ឌូចិន, សហព័ន្ធឥណ្ឌូចិន, រាជពង្សាវតារ, ភាគរឿងព្រេង, រាជពង្សាវតារភាគតំណាល ជាដើម។
កាលពីពេលថ្មីៗកន្លងមកនេះ សារមន្ទីរជាតិកម្ពុជា បានសរសេរថា «ព្រះបាទជ័យវម៌្មទី៧» ជំនួសពាក្យ «ព្រះបាទជ័យវរ្ម័នទី៧» ទាក់ទងនឹងលទ្ធផលនៃការតភ្ជាប់ព្រះហស្តទាំងពីររបស់ព្រះអង្គ។ សារព័ត៌មានថ្មីៗ បានបន្តផ្សព្វផ្សាយ ដោយរក្សាពាក្យ «វម៌្ម» ដដែលនេះ ហើយក៏ទទួលបានប្រតិកម្មផងដែរពីសំណាក់មិត្តអ្នកអាន។
បើទោះបីជាមិនមានការឯកភាពគ្នាក៏ដោយ ប៉ុន្តែម្ចាស់ស្នាដៃមួយចំនួន ក៏បានយល់ស្របអំណះអំណាងបណ្ឌិត វង់ សុធារ៉ា ផងដែរ។ ក្នុងស្នាដៃអត្ថបទសង្ខេប «អក្សរសិល្ប៍ និងភាសាខ្មែរ សម័យមុនអង្គរ និងសម័យអង្គរតាមរយៈសិលាចារឹក» របស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏មានការប្រើពាក្យ «វម៌្ម» ជំនួស «វរ្ម័ន» ផងដែរ៕