អន្តរជាតិ
ប្រធានាធិបតីតៃវ៉ាន់ ជជែកជាមួយប្រធានាធិបតីឆែកថ្មី
01, Feb 2023 , 12:19 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយលោក Petr Pavel ប្រធានាធិបតីឆែកថ្មី (ខាងស្តាំ)។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ជាមួយលោក Petr Pavel ប្រធានាធិបតីឆែកថ្មី (ខាងស្តាំ)។ រូបភាព AFP
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃទី៣០ ខែមករា បានជជែកតាម ទូរស័ព្ទជាមួយប្រធានាធិបតីឆែក លោក Petr Pavel ដែលទើបនឹងបានជាប់ឆ្នោតនាពេលថ្មីៗ។ កិច្ចសន្ទនានេះ ត្រូវបានចិនជំទាស់ជាដាច់ខាត ហើយរំឭកឡើងវិញពីការសន្យារបស់ឆែក ក្នុងការគាំទ្រគោលនយោបាយ«ចិនតែមួយ»។

 
មេដឹកនាំចិន និងឆែកសង្កត់ធ្ងន់អំពីការណ៍ដែលភាគីទាំងពីរចែករំលែកតម្លៃរួមគ្នានៃសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងអំឡុងពេលជជែកតាមទូរស័ព្ទរយៈពេល១៥នាទី ហើយលោក Petr Pavel ប្រធានាធិបតីឆែកសង្ឃឹមថានឹងជួបលោកស្រី Tsai Ing-wen នាពេលខាងមុខ។ ទន្ទឹមនេះ លោកស្រី Tsai រំពឹងថា ក្រោមការដឹកនាំរបស់លោកPavel សាធារណរដ្ឋឆែកនឹងបន្ត កិច្ចសហប្រតិបត្តិការជាមួយតៃវ៉ាន់ដើម្បីលើកកម្ពស់ភាពជាដៃគូជិតស្និទ្ធហើយនឹងរក្សាទំនាក់ទំនងផងដែរ។
 
«ទំនាក់ទំនងទ្វេភាគីរវាងតៃវ៉ាន់ និងសាធារណរដ្ឋឆែកមានភាពជិតស្និទ្ធ និងល្អ»។ ការិយា ល័យប្រធានាធិបតីកោះតៃវ៉ាន់បានសង្ខេបជំនួបខាងលើបែបនេះ។
 
លោក Pavel ដែលជាអតីតមេទ័ព និងមន្ត្រីជាន់ខ្ពស់សម្ព័ន្ធយោធាណាតូបានឈ្នះការបោះ ឆ្នោតប្រធានាធិបតីឆែកកាលពីថ្ងៃទី២៨ ខែមករា។ ក្រោយកិច្ចសន្ទនាខាងលើ លោក Pavel បានសរសេរ លើបណ្ដាញសង្គម Twitter ថា ភាគីទាំងពីរបានប្រកាន់យកតម្លៃនៃសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
 
ការជជែកគ្នាតាមទូរស័ព្ទនេះ បានធ្វើឱ្យចិនប្រតិកម្មភ្លាមៗ។ ក្រសួងការបរទេសចិនបានលើក ឡើងក្នុងសេចក្ដីថ្លែងការណ៍មួយថា ពួកគេកំពុងស្វែងរកការផ្ទៀងផ្ទាត់ជាមួយភាគីឆែក នៅលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលថាជំនួបតាមទូរស័ព្ទបានប្រព្រឹត្តទៅ។
 
«​ចិន​ប្រឆាំង​នឹង​ប្រទេស​ ដែល​មាន​ទំនាក់ទំនង​ការទូត​ក្នុង​គ្រប់​រូបភាព​នៃ​ការផ្លាស់ប្តូរ​ផ្លូវការ​ជាមួយ​អាជ្ញាធរ​តៃវ៉ាន់»។ សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់បែបនេះ មុននឹងបន្តថា ប្រធានាធិបតីឆែកដែលជាប់ឆ្នោតលោក Pavel ក្នុងអំឡុងពេលបោះឆ្នោតបាននិយាយដោយ បើកចំហថាគោលការណ៍ចិនតែមួយគួរតែត្រូវបានគោរព។
 
គួររំលឹកថា អតីតប្រធានាធិបតីឆេកលោក Milos Zeman ដែលត្រូវបានស្គាល់ថាមានជំហរគាំ ទ្រក្រុងប៉េកាំងបានជួបសន្ទនាជាមួយប្រធានាធីបតីចិនលោកស៊ី ជីនភីង ហើយបានបញ្ជាក់ ឡើងវិញពីទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ យ៉ាងណាមិញ រដ្ឋាភិបាល ឆេកដែលប្រកាន់យកស្តាំនិយមបាននិយាយថាពួកគេចង់ធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយបណ្តាប្រទេសប្រជាធិបតេយ្យនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករួមទាំងតៃវ៉ាន់ផងដែរ ហើយកំពុងពិនិត្យឡើងវិញនៃទំនាក់ទំនងជាមួយចិន៕
 

Tag:
 តៃវ៉ាន់
  ឆែក
© រក្សាសិទ្ធិដោយ thmeythmey.com