អន្តរជាតិ
អាម៉េរិក និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ា ស្របពេលខួបពីរឆ្នាំនៃរដ្ឋប្រហារ
01, Feb 2023 , 3:59 pm        
រូបភាព
បាតុកម្មនៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារយោធានៅឆ្នាំកន្លងមក។ រូបភាព AFP
បាតុកម្មនៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារយោធានៅឆ្នាំកន្លងមក។ រូបភាព AFP
អាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាអូស្រ្តាលី កាណាដា និងអង់គ្លេស នៅថ្ងៃទី៣១ ខែមករា បានសម្រេចដាក់ទណ្ឌកម្មលើមីយ៉ាន់ម៉ាបន្ថែមទៀត ស្របពេលប្រទេសមួយនេះ ចូលដល់ខួប ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២ឆ្នាំនៃរដ្ឋប្រហារយោធា។

មកទល់ពេលនេះ មីយ៉ាន់ម៉ា ស្ថិតក្រោមការដឹកនាំយោធារយៈពេល ២ឆ្នាំហើយ ក្រោយរដ្ឋប្រហារនៅក្នុងឆ្នាំ២០២១។ យ៉ាងណាមិញ វាគ្មានឡើយដំណោះស្រាយនយោបាយ ខណៈប្រទេសមួយនេះ កំពុងប្រឈមនឹងសង្រ្គាមស៊ីវិល ដែលមានការប៉ះទង្គិចរវាងយោធា និងរដ្ឋាភិបាលស្រមោល។ ចំណែក កិច្ចខិតខំរបស់អាស៊ាន ក៏មិនទទួលបានលទ្ធផលច្រើនដែរលើវិបត្តិនយោបាយក្នុងប្រទេសមួយនេះ។ 
 
ស្របពេលខួបពីរឆ្នាំនៃរដ្ឋប្រហារ អាម៉េរិក និងសម្ព័ន្ធមិត្តដូចជា អូស្រ្តាលី កាណាដា រួមទាំងអង់គ្លេស បានដាក់ទណ្ឌកម្មលើរបបយោធាមីយ៉ាន់ម៉ាបន្ថែម។ តាមសេចក្តីថ្លែងការណ៍របស់ក្រសួងហិរញ្ញវត្ថុអាម៉េរិក ក្រុងវ៉ាស៊ីនតោន បានសម្រេចដាក់ទណ្ឌកម្មលើគណៈកម្មការរៀបចំការបោះឆ្នោត និងមន្រ្តីថាមពល និងរ៉ែមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
តាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុអាម៉េរិក វាជាលើកដំបូងរបស់អាម៉េរិក ដែលបានដាក់ទណ្ឌកម្មលើមន្រ្តីក្រុមហ៊ុន Myanma Oil and Gas Enterprise (MOGE)។ ក្នុងទណ្ឌកម្មនោះ អាម៉េរិកបានផ្តោតលើប្រធានផ្នែកគ្រប់គ្រង និងអនុប្រធានផ្នែកគ្រប់គ្រងក្រុមហ៊ុន MOGE, រដ្ឋមន្រ្តីថាមពលសហព័ន្ធ, សហគ្រាសរ៉ែទីមួយ, សហគ្រាសរ៉ែទីពីរ និងគណៈកម្មការរៀបចំការបោះឆ្នោត។ 
 
ទន្ទឹមនេះ កាណាដា បានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៦រូប និងហាមឃាត់ការនាំចេញ ការលក់ និងផ្គត់ផ្គង់ ឬដឹកជញ្ជូនតាមផ្លូវទឹកឱ្យមីយ៉ាន់ម៉ានូវប្រេងសម្រាប់ចាក់យន្តហោះ ខណៈអូស្រ្តាលី បានផ្តោតទណ្ឌកម្មរបស់ខ្លួនលើសមាជិកយោធា និងក្រុមហ៊ុនគ្រប់គ្រងដោយយោធា។ 
 
ស្របគ្នានេះ អង់គ្លេស បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនចំនួនពីរ និងបុគ្គលពីររូប ដែលជួយផ្គត់ផ្គង់ប្រេងសម្រាប់ចាក់យន្តហោះ ដល់យោធាមីយ៉ាន់ម៉ា ដែលបានបើកយុទ្ធនាការវាយប្រហារលើប្រជាជន។ 
 
សូមបញ្ជាក់ថា កន្លងមក យោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់បោះឆ្នោតដ៏តឹងរ៉ឹងមួយ មុនពេលប្រទេសមួយនេះ រៀបចំបោះឆ្នោតថ្នាក់ជាតិ តាមការសន្យា។ ប៉ុន្តែច្បាប់មួយនេះ ក៏បានហាមឃាត់ផងដែរ ចំពោះបុគ្គល ឬបក្សនយោបាយណាមួយ ដែលមានពាក់ព័ន្ធនឹងបុគ្គល ឬអង្គការ ដែលត្រូវបានចាត់ទុកជាភេរវករ ឬប្រព្រឹត្តសកម្មភាពភេរវកម្ម៕ 
 
 

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com