ជាតិ
សង្គមជាតិ
អ្នកចូលរួមក្នុងធម្មយាត្រា ត្រូវចំណាយពេលប្រហែល១០ថ្ងៃ ទម្រាំដើរពីភ្នំពេញដល់ពោធិ៍សាត់
01, Feb 2023 , 4:29 pm        
រូបភាព
ធម្មយាត្រាដោយថ្មើរជើងពីរាជធានីភ្នំពេញ ទៅខេត្តពោធិ៍សាត់ ដែលដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្តើមនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីវីដេអូលើទំព័រហ្វេសប៊ុក៖ ម៉ា ចិត្រា - Ma Chettra
ធម្មយាត្រាដោយថ្មើរជើងពីរាជធានីភ្នំពេញ ទៅខេត្តពោធិ៍សាត់ ដែលដឹកនាំដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្តើមនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីវីដេអូលើទំព័រហ្វេសប៊ុក៖ ម៉ា ចិត្រា - Ma Chettra
ដោយ៖ ទេពញាណ
 
លោក រ៉ុង ឈុន ទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានដឹកនាំធ្វើធម្មយាត្រា តាមការគ្រោងទុក។ អ្នកចូលរួមទាំងអស់ បានជួបជុំគ្នានៅទីតាំងលោកយាយពេញ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ហើយក៏ចាប់ផ្តើមធ្វើដំណើរដោយថ្មើរជើង ឆ្ពោះទៅកាន់បូជនីយដ្ឋានប្រវត្តិសាស្រ្តលោកតា ឃ្លាំង មឿង ក្នុងខេត្តពោធិ៍សាត់។



ពីទីតាំងលោកយាយពេញ ទៅទីតាំងលោកតា ឃ្លាំង មឿង មានប្រវែងជាង២០០គីឡូម៉ែត្រ។ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ ដំណើរធម្មយាត្រានេះ ប្រហែលជាអាចធ្វើដំណើរបាន២០គីឡូម៉ែត្រក្នុង១ថ្ងៃ។ អ្នកស្រី បញ្ជាក់ដូច្នេះថា៖«យើង នឹងដើររហូត [ទាល់តែដល់]»។ 
 
យ៉ាងណា អ្នកស្រី អះអាងថា ការធ្វើដំណើរនេះ ត្រូវមើលកាលៈទេសៈ និងស្ថានភាពជាក់ស្តែងផងដែរ ពោលគឺ បើដល់កន្លែងណាមានហានិភ័យដល់សុវត្ថិភាព ដូចជា កន្លែងដាច់ស្រយាលគ្មានផ្ទះប្រជាជន ជាដើម ហើយស្ថិតក្នុងពេលល្ងាច ឬព្រលប់ទៀតនោះ អ្នកចូលរួម អាចនឹងជិះម៉ូតូ-ឡាន រហូតដល់កន្លែងដែលមានសុវត្ថិភាព។ អ្នកស្រី បន្តថា ពេលល្ងាច ដំណើរធម្មយាត្រា នឹងត្រូវផ្អាក ដើម្បីសម្រាក។  
 
អ្នកស្រី អ៊ុក ឆាយ៉ាវី ដែលកំពុងចូលរួមដើរក្នុងធម្មយាត្រានេះដែរនោះ ផ្តល់ព័ត៌មានថា អ្នកចូលរួម មានប្រមាណពី៣០នាក់ទៅ៤០នាក់ ដោយមានទាំងព្រះសង្ឃ យុវជន សហជីព និងក្រុមស្រ្តីថ្ងៃសុក្រ ជាដើម។ អ្នកស្រី ប្រាប់ថា អ្នកស្រី មិនអាចចូលរួមដើរក្នុងធម្មយាត្រានេះ រហូតដល់ចប់ឡើយ ដោយអ្នកស្រី នឹងត្រូវវិលត្រឡប់ទៅផ្ទះវិញ ព្រោះអ្នកស្រីជាប់បង្រៀន។ 
 
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គោលបំណងនៃការធ្វើធម្មយាត្រាដោយថ្មើរជើងពីទីតាំងលោកយាយពេញ ទៅទីតាំងលោកតា ឃ្លាំង មឿង គឺដើម្បីលើកកម្ពស់សីលធម៌សង្គម ក្រោយសមាគមនេះ សង្កេតឃើញថា សីលធម៌ក្នុងសង្គមខ្មែរ បានធ្លាក់ចុះ រហូតដល់ថ្នាក់ដឹកនាំ និងអ្នកនយោបាយខ្លះ ថ្លែងសុទ្ទរកថា ដោយប្រើភាសាអសីលធម៌ និងបែបហិង្សា។ 
 
មុនចេញដំណើរ លោក រ៉ុង ឈុន និយាយតាមឧគ្ឃោសនស័ព្ទ នៅទីតាំងលោកយាយពេញ យ៉ាងដូច្នេះថា៖«ការហែ [ធម្មយាត្រា] នេះ គឺជាការផ្សព្វផ្សាយមេត្តាចិត្ត ដើម្បីឲ្យអ្នកនយោបាយគ្រប់និន្នា​ការនយោបាយទាំងអស់ ត្រូវគិតអំពីសីលធម៌ មុននឹងធ្វើសុទ្ទរកថា មុននឹងបញ្ចេញទស្សននយោបាយ»។ 
 
តាមរយៈលិខិតកាលពីថ្ងៃទី២៦មករា សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ឲ្យសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខេត្តពាក់ព័ន្ធ ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ និងសណ្តាប់សាធារណៈ៕  
  
 

Tag:
 ធម្មយាត្រា
© រក្សាសិទ្ធិដោយ thmeythmey.com