ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ មេប៉ុស្តិ៍នគរបាលកំពង់ស្វាយ ស្នើពលរដ្ឋឱ្យរាយការណ៍ករណីសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន 
លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ដែលស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
×![]()
ដោយ៖ ឡាន យាកលិញ (យុវជនឃុំកំពង់ស្វាយ)
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ លោក ប៉ាង ម៉េង មេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ បានស្នើឱ្យប្រជាពលរដ្ឋនៅក្នុងឃុំ ចូលរួមនៅក្នុងការរាយការណ៍ករណីសង្ស័យពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងបញ្ហាផ្សេងៗទៀត មកកាន់អាជ្ញាធរ។
សម្រាប់ លោកមេប៉ុស្តិ៍នគរបាលឃុំកំពង់ស្វាយ ការចូលរួមរបស់ប្រជាពលរដ្ឋ មានប្រយោជន៍ណាស់ នៅក្នុងការកសាងឱ្យភូមិឃុំ មានសុវត្ថិភាព គ្មានគ្រឿងញៀន។ «ក្នុងនាមខ្ញុំជាប៉ុស្តិ៍នគរបាល ខ្ញុំសំណូមពរដល់ប្រជាពលរដ្ឋ ទី១ បើថាយើងដឹងថាក្មេងមានអាការៈអសីលធម៌ មិនសូវល្អ ដើរលេងផ្ដេសផ្ដាសដល់ម៉ោង១០ (ឬ)១១(យប់) ឈ្វាត់ឆ្វែល ត្រូវរាយការណ៍មកសមត្ថកិច្ច ដើម្បីឲ្យសមត្ថកិច្ចចុះស្រាវជ្រាវបន្ត តើក្មេងហ្នឹង ពិតជាមានការពាក់ព័ន្ធសារធាតុញៀន ឬមួយគ្រាន់តែជាក្មេងដើរលេងយប់។ យើងត្រូវឱ្យមានការចូលរួមពីអាជ្ញាធរ ពីប្រជាពលរដ្ឋទាំងអស់ ទើបយើងអាចទប់ស្កាត់បានទាំងអស់។ បើមិនចង់ធ្វើតែអាជ្ញាធរម្នាក់ ក៏ទៅមិនរួចដែរ»។
វត្តមាននៃគ្រឿងញៀននៅក្នុងមូលដ្ឋាន អាចបង្កឱ្យមានអំពើចោរកម្ម ការប្រើប្រាស់ហិង្សាធ្ងន់ធ្ងរក្នុងគ្រួសារ និងជាពិសេសប៉ះពាល់ជះឥទ្ធិពលអាក្រក់ដល់ការសិក្សា និងសុខភាពអ្នក ប្រើប្រាស់។ លើសពីនេះ វាអាចបង្កអសុត្ថិភាពដល់ស្ត្រី និងកុមារផងដែរ។ លោក ប៉ាង ម៉េង លើកឡើងបែបនេះ រួចលោកបន្ថែមថា ៖ «បញ្ហាគ្រឿងញៀនវាកើតឡើងនៅក្នុងឃុំ វាពិបាក។
អ៊ីចឹងហើយ ត្រូវខំធ្វើម៉េចបំបិទឱ្យបានទាំងស្រុង កុំឱ្យមានករណីនេះកើតឡើងក្នុងឃុំ។ យើងព្យាយាមទី១ គឺការសហការជាមួយអាជ្ញាធរគ្រប់ភូមិទាំងអស់ ឲ្យចុះទៅបង្ក្រាបក្មេងទំនើងហើយយកមកធ្វើតេស្ត ដើម្បីចង់ដឹងថាមានមានពាក់ព័ន្ធជាមួយគ្រឿងញៀនឬអត់? យើងបង្ក្រាបបាន ហៅឪពុកម្ដាយមកអប់រំ ហើយប្រាប់ថាក្មេងពិតជាបានប្រើប្រាស់ ហើយយើងហ្នឹងពង្រឹងអាជ្ញាធរឱ្យសហការជាមួយយើង ដើម្បីយើងទប់ស្កាត់ក្មេងដែលប្រើប្រាស់គ្រឿងញៀនបានច្រើន»។
ក្រៅពីស្នើសុំការចូលរួមពីពលរដ្ឋហើយនោះ ក្នុងនាមជាអាជ្ញាធរដែនដី លោក ប៉ាង ម៉េង បានបង្ហាញការប្តេជ្ញាចិត្ត នៅក្នុងការទប់ស្កាត់បទស្មើសគ្រឿងញៀននៅក្នុងមូលដ្ឋាន ឱ្យ កាន់តែល្អថែមទៀត ដើម្បីធ្វើឲ្យបានល្អភូមិ-ឃុំមានសុវត្ថិភាព។ សម្រាប់លោក ក្នុងឃុំគ្មានគ្រឿងញៀន គ្មានក្មេងទំនើង គឺជាមោទកភាពមួយ ក្នុងនាមជាកម្លាំងមានសមត្ថកិច្ចដែលមានតួនាទី ការពារសុវត្ថិភាពជូនពលរដ្ឋ។
សូមជម្រាបថា ក្នុងឆ្នាំ២០២២កន្លងទៅ សមត្ថកិច្ចឃុំ សហការជាមួយកម្លាំងជំនាញស្រុក បង្ក្រាបបានបានករណីជួញដូរគ្រឿងញៀន ធំៗចំនួន៥ករណី និងការអប់រំណែនាំអ្នកដែលបានប្រើប្រាស់ជាង ១០ករណីផ្សេងទៀត៕
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
© រក្សាសិទ្ធិដោយ thmeythmey.com