កីឡាអន្តរជាតិ
អន្តរជាតិ
រុស្ស៊ី ថា អត្តពលិកខ្លួនគួរអនុញ្ញាតចូលអូឡាំពិកវិញ ដោយគ្មានការរិតត្បិត
01, Feb 2023 , 7:29 pm        
រូបភាព
ប្រធានគណៈកម្មាធិការអូឡាពិករុស្ស៊ី នៅថ្ងៃទី៣១ ខែមករា និយាយថាអត្តពលិកដែលប្រកួតតំណាងឱ្យរុស្ស៊ីក្នុងព្រឹត្តិការណ៍អូឡាំពិក ឬកីឡាផ្សេងៗ មិនគួរត្រូវបានរិតត្បិតលក្ខខណ្ឌខុសពីប្រទេសដទៃឡើយ។ ក្រោយការលើកឡើងដូច្នេះ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក៏បានឆ្លើយតបវិញថា ខ្លួននឹងនៅតែបន្តរក្សាជំហរដាក់ទណ្ឌកម្មលើរុស្ស៊ី និងបេឡារុស ដដែលដោយគ្មានការចរចាណាមួយឡើយ។



ការលើកឡើងរបស់ប្រធានអូឡាំពិករុស្ស៊ីលោក Stanislav Pozdnyakov ​ចំពេលកំពុងមានជម្លោះរវាង IOC និងអ៊ុយក្រែន ពាក់ព័ន្ធនឹងការផ្តល់ភ្លើងខៀវឱ្យអត្តពលិករុស្ស៊ីអាចប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកប៉ារីស ឆ្នាំ២០២៤។ IOC ធ្លាប់បានពិចារណាផ្តល់ឱ្យអត្តពលិករុស្ស៊ី និងបេឡារុស ចូលប្រកួតក្រោមទង់អូឡាំពិកប៉ុណ្ណោះ។
  

រូបភាព The New York Times

«ជនជាតិរុស្ស៊ីត្រូវតែបានចូលដោយពិតប្រាកដលើលក្ខខណ្ឌដូចគ្នាទៅនឹងអត្តពលិកដទៃទៀត ហើយរាល់លក្ខខណ្ឌបន្ថែមលើកលក្ខណៈវិនិច្ឋ័យណាមួយគឺយើងមិនស្វាគមន៍នោះទេ។ ជាពិសេស រាល់រឿងរ៉ាវដែលមាននិន្នាការនយោបាយ ជារឿងពិបាកទទួលយកបានទាំងស្រុងសម្រាប់ចលនាអូឡាំពិក។»។ លោក Pozdnyakov បាននិយាយបែបនេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី មុនបន្ថែមថាអត្តពលិកខ្លួនគួរតែទទួលបានការអនុញ្ញាតស្វែងរកកៅអីសម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០២៤ តាមរយៈប្រកួតជម្រុះតាមប្រព័ន្ធនៅតំបន់អាស៊ី។
 
ទោះបីជាយ៉ាងណា ក្រោយរុស្ស៊ីបានលើកឡើងទាក់ទងនឹងការអាចវិលចូលរួមប្រកួតវិញ ហើយទាមទារការចូលរួមប្រកួតដោយគ្មានការរិតត្បិត (ប្រើទង់អូឡាំបិក) លើអត្តពលិកខ្លួននៅអូឡាំពិក ស្ថាប័ន IOC ក៏បានឆ្លើយតបធ្ងន់ៗវិញថា គោលជំហររបស់អូឡាំពិកអន្តរជាតិនៅតែបន្តដាក់ទណ្ឌកម្មនៅរុស្ស៊ីដដែលដោយគ្មានលក្ខខណ្ឌ។ 
 
«ទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋ និងរដ្ឋាភិបាលរុស្ស៊ី ព្រមទាំងបេឡារុស គឺមិនអាចចរចាបានទេ។ ការដាក់ទណ្ឌកម្មលើពួកគេត្រូវបានបញ្ជាក់ជាឯកច្ឆ័ន្ទនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាអូឡាំពិកកាលពីពេលថ្មីៗនេះ នៅថ្ងៃទី៩​ ខែធ្នូ ឆ្នាំ ២០២២​។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ IOC ឆ្លើយតបទៅនឹងការលើកឡើងរបស់មេអូឡាំពិករុស្ស៊ី។
 
ទណ្ឌកម្មដែលបានដាក់ទៅរុស្ស៊ី និងបេឡារុស​ មិនត្រឹមតែហាមឃាត់អត្តពលិកប្រកួតនៅអូឡាំពិក ឬព្រឹត្តិការណ៍អន្តរជាតិផ្សេងៗឡើយ សូម្បីមន្រ្តីរដ្ឋាភិបាលណាមួយមកពីរុស្ស៊ី និងបេឡារុសក៏មិនត្រូវបានអនុញ្ញាត ឬក៏អញ្ចើញឱ្យចូលរួមដែរ។ រុស្ស៊ី និងបេឡារុស ក៏មិនត្រូវបានអនុញ្ញាតឱ្យរៀបចំការប្រកួតក្នុងប្រទេសផងដែរ។ 
 
កាលពីសប្តាហ៍មុននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកំពូល IOC ហាក់បីបង្ហាញភ្លើងខៀវសម្រាប់ឱកាសវិលត្រលប់មកការប្រកួតវិញរបស់អត្តពលិករុស្ស៊ី និងបេឡារុស ប៉ុន្តែការប្រកួតនោះគឺត្រូវស្ថិតក្រោមរូបភាពទង់នៃអូឡាំពិក និងទង់អត្តពលិក។ អត្តពលិករុស្ស៊ី និងបេឡារុស ទទួលបានការអនុញ្ញាតឱ្យវិលចូលការប្រកួតនៅតំបន់អាស៊ី។ 
 
រុស្ស៊ីបានទាមទារដើម្បីបានការវិលចូលការប្រកួតអន្តរជាតិវិញ ស្របពេលដែលកំពុងកើតមានវិវាទរវាង IOC និងអ៊ុយក្រែន។ បញ្ហាដែលកើតមានឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍អំពីរឿងរ៉ាវកីឡាអូឡាំពិកនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy កាលពីថ្ងៃទី២៩ ខែមករា ក៏បាននិយាយអំពីបញ្ហានេះដែរ ហើយបានអំពាវនាវមិនឱ្យមានវត្តមានរបស់រុស្ស៊ីនៅក្នុងការប្រកួតអូឡាំពិកទៀតផង។
 
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីកីឡារបស់អ៊ុយក្រែនក៏បានប្រមានទៅកាន់ IOC ថា ប្រទេសអ៊ុយក្រែនអាចនឹងដកខ្លួនចេញពីការប្រកួតអូឡាំពិករដូវក្តៅទីក្រុងប៉ារីសក្នុងឆ្នាំ ២០២៤ ប្រសិនបើមានវត្តមានរុស្ស៊ី និងបេឡារុស។ អ៊ុយក្រែនក៏បានបង្ហាញភាពមិនពេញចិត្តលើទង្វើរ IOC និងបានរិះគន់ចោទប្រកាន់ទៅ IOC ថា​បានលើកទឹកចិត្តរុស្ស៊ី ឈ្លានពានអ៊ុយក្រែន។ បន្ទាប់តែពីមានការរិះគន់ចោទប្រកាន់ខ្លាំងបែបនេះ ក្រោយមិនបានប៉ុន្មានម៉ោងផងនោះ IOC ក៏បានចេញមុខច្រានចោលការរិះគន់ពីសំណាក់រដ្ឋមន្ត្រីអ៊ុយក្រែន៕
 

Tag:
 អូឡាំពិក
  IOC
© រក្សាសិទ្ធិដោយ thmeythmey.com