ជាតិ
សេដ្ឋកិច្ច
ទឹកដោះម្ដាយ ជួយកុមារមិនឱ្យស្លាប់ក្រោមអាយុ ៥ឆ្នាំ និងចៀសផុតពីមហារីកសុដន់
01, Feb 2023 , 7:59 pm        
រូបភាព
ដោយ:
ការបំបៅកូនដោយទឹកដោះ ជួយកុមារមិនឱ្យស្លាប់ក្រោមអាយុ ៥ឆ្នាំ និងម្ដាយចៀសផុតពីមហារីកសុដន់។ មិនតែប៉ុណ្ណោះ វាក៏ជួយឱ្យកុមារមានសតិបញ្ញាល្អ និងជួយទ្រទ្រង់សេដ្ឋកិច្ចជាតិផងដែរ។



លោកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបំបៅដោយទឹកដោះនេះ បានជួយកុមារ ចំនួន ៨២៣ ០០០នាក់ មិនឱ្យស្លាប់ក្រោមអាយុ៥ឆ្នាំ និងជួយម្ដាយ ២០០០០នាក់ មិនឱ្យកើតជំងឺមហារីកាសុដន់ ជារៀងរាល់ឆ្នាំ។​ បើតាមលោកស្រី សោភ័ណនារី ការបំបៅដោះនេះ បានជួយឱ្យផ្នែកបញ្ញារបស់កុមារ ជាពិសេសជួយកាត់បន្ថយការខាតបង់សេដ្ឋកិច្ចជាតិ ៣៤០ពាន់លានដុល្លារក្នុងមួយឆ្នាំៗទៀតផង។
 
រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានថ្លែងនៅក្នុងសិក្ខាសិលាពិគ្រោះយោបល់ ស្ដីពីការកលើកកម្ពស់ការចិញ្ចឹមទារក និងកុមារ និងការលំហែមាតុភាពសម្រាប់ស្រ្តីធ្វើការនៅកម្ពុជា កាលពីថ្ងៃទី៣១ មករា ថា៖« ការចិញ្ចឹមកូនដោយទឹកដោះម្ដាយមានអត្ថប្រយោជន៍ច្រើនណាស់ ទាំងម្ដាយ និងកូន ដោយជួយឱ្យកូនលូតលាស់ មានសុខភាពល្អ និងកាត់បន្ថយជំងឺផ្សេងដូចជា រាករូស រលាកផ្លូវដង្ហើម ក៏ដូចជាបញ្ហាស្គមស្គាំងដែលខ្វះអាហារូបតត្ថម្ភ និងជៀសវាងពីបញ្ហាលើសទម្ងន់ជាដើម។ ហើយម្ដាយជួយកាត់បន្ថយជំងឺមហារីកសុដន់ និងជំងឺមហារីកដៃស្បូន»។
  

អ្នកស្រី ប្រាក់ សោភ័ណនារី រដ្ឋលេខាធិការក្រសួងសុខាភិបាល។ រូបភាព៖ ញឹក សំអូន

កុមារកម្ពុជាជិត ២០០០នាក់ ត្រូវបានសង្រ្គោះជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីចិញ្ចឹមទារក និងកុមារឱ្យបានល្អប្រសើរ។ ការបំបៅកូនដោយទឹកដោះម្តាយមិនបានពេញលេញ បណ្តាលឱ្យកុមារប្រមាណកន្លះលាននាក់ មានជំងឺរាគរូស និងរលាកសួត។ លើសពីនេះទៀតកុមារប្រមាណ ៥០០០នាក់ មានបញ្ហាធាត់ជ្រុលជារៀងរាល់ឆ្នាំ។ នេះបើតាមលោកស្រី ប្រាក់ សោភ័ណនារី។
 
អ្នកស្រី បន្តថា កម្ពុជា ខាតបង់ទឹកប្រាក់ប្រមាណ ១៣៧.៧លានដុល្លារជារៀងរាល់ឆ្នាំ ដោយសារតែការមិនបំបៅកូនដោយទឹកដោះម្តាយពេញលេញ ដែលការខាតបង់នេះ គឺរាប់បញ្ចូលទាំងបន្ទុកចំណាយបន្ថែមទៅលើប្រព័ន្ធសុខាភិបាល អាត្រាមរណៈ និងការខាតបង់នៃការខូចខាតផ្នែកសតិបញ្ញារបស់កុមារ។
 
ជាមួយគ្នានេះ ក្រសួងនឹងជំរុញឱ្យការចិញ្ចឹមកូនដោយទឹកដោះម្ដាយ ឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបការតាំងចិត្តរបស់រដ្ឋាភិបាល ក្នុងការបង្កើនការបំបៅដោះកូនឱ្យបាន ៨៥ភាគរយ នៅឆ្នាំ២០៣០។ 
 
អ្នកស្រី សុភ័ណនារី បានបន្តថា ការផ្លាស់ប្ដូរពេលលំហែមាតុភាពរបស់ស្រ្តី ចាប់ពី៣ខែ ទៅ ៦ខែ ក៏ជារឿងចាំបាច់ដែរ ព្រោះវាចំណេញច្រើនដល់កុមារ និងម្ដាយ ។ ត្រង់ចំណុចនេះ អ្នកស្រីបន្ថែមថា ទឹកដោះម្ដាយ ពេលសម្រាលកូន រហូតដល់ ៦ខែ មានសារធាតុចិញ្ចឹមគ្រប់មុខ សម្រាប់ទារក។ ដូច្នេះបើម្ដាយមានពេលបំបៅកូនតែ ៣ខែ គឺកូនមិនទទួលបានសារធាតុចិញ្ចឹមគ្រប់ចំនួនឡើយ ដែលធ្វើឱ្យកូនឈឺច្រើន និងប៉ះពាល់ដល់ការលូតលាស់របស់ពួកគេ។ អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះ៖ «ការបំបៅកូនដោយទឹកដោះ ជួយកាត់បន្ថយអត្រាឈឺ និងស្លាប់របស់ទារក និងកុមារនៅកម្ពុជា»។
 
លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ បានលើកឡើងថា បច្ចុប្បន្នមានប្រទេសមួយចំនួន បានបង្កើន ឬធ្វើវិសោធនកម្មទៅលើច្បាប់ស្តីពីសិទ្ធលំហែមាតុភាព រួមមានប្រទេសវៀតណាម ឡាវ ហ្វីលីពីន ម៉ាឡេស៊ី និងបង់ក្លាដេស។
 
លោក ហ៊ូ ក្រើន បានបន្តថា ប្រទេសវៀតណាម បានអនុញ្ញាតសម្រាកលំហែមាតុភាព ដោយបង្កើនពី ១៦សប្ដាហ៍ទៅ ២៦សប្តាហ៍ ,​ ឡាវពី ១២ ទៅ ១៥សប្តាហ៍, ហ្វីលីពីនពី ៨ទៅ ១៥សប្តាហ៍, ម៉ាឡេស៊ី ពី ៨ ទៅ ១៣សប្តាហ៍ និងបង់ក្លាដេស មានរយៈពេល ៦ខែ។
  

លោក ហ៊ូ ក្រើន នាយកអង្គការ ហេឡែន ខេលល័រ។ រូបភាព៖ ញឹក សំអូន

លោក ហ៊ូ ក្រើន បានបញ្ជាក់ថា៖« ការពិភាក្សានេះ អាចមានរយៈពេលវែង ដូច្នេះហើយទើបភាគីពាក់ព័ន្ធ បានចាប់ផ្តើមពិភាក្សាគ្នាចាប់ពីពេលនេះទៅ ថាតើអាចបង្កើនរយៈពេលនៃការលំហែមាតុភាពនៅកម្ពុជា រយៈពេលពី ៣ខែទៅ ៤ខែទៅ ៥ខែ ឬ៦ខែ»។ 
 
លោក ហ៊ូ ក្រើន បានរំពឹងថា កម្ពុជានឹងបង្កើនរយៈពេលសម្រាកលំហែមាតុភាព ដល់ ៦ខែ ដូចបណ្តាប្រទេសមួយចំនួនទៀតដែរ ដើម្បីសម្រេចបានអត្រាបំបៅដោះកូនឱ្យបានដល់៨៥ភាគរយ ត្រឹមឆ្នាំ២០៣០៕


 

Tag:
 បំបៅកូនដោយទឹកដោះ
© រក្សាសិទ្ធិដោយ thmeythmey.com