អន្តរជាតិ
លោក អាន់វ៉ា ចេញមុខការពារការតែងតាំងកូនស្រីជាទីប្រឹក្សាសេដ្ឋកិច្ច
01, Feb 2023 , 5:29 pm        
រូបភាព
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ រូបភាព៖ AFP
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃទី៣១ ខែមករា បាននិយាយការពារការតែងតាំងកូនស្រីជាទីប្រឹក្សាសេដ្ឋកិច្ចរបស់ខ្លួនថា វត្តមានរបស់លោកស្រី Nurul Izzah Anwar នឹងជួយធានាឱ្យមានតុល្យភាពនៅក្នុងរដ្ឋាភិបាល ខណៈតួនាទីមួយនេះ មិនទទួលបានប្រាក់បៀវត្សឡើយ។

 
លោកស្រី Nurul Izzah Anwar ដែលជាកូនស្រីរបស់លោក លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់នាយករដ្ឋមន្រ្តី ដោយការតែងតាំងនេះ បានចូលជាធរមាននៅថ្ងៃទី៣ ខែមករា មកម្លេះ។ សមាជិកបក្សប្រឆាំងនៅម៉ាឡេស៊ី បានរិះគន់ការតែងតាំងនេះ និងហៅថាបក្ខពួកនិយម។ 
 
ក្រោយរងការរិះគន់ខាងលើ លោក អាន់វ៉ា បាននិយាយការពារកូនស្រីរបស់ខ្លួនថា ក្នុងតំណែងនេះ លោកស្រី Nurul Izzah នឹងមិនអាចកេងចំណេញពីអ្វីមួយបានឡើយ។ ការកាន់តំណែងរបស់កូនស្រីលោក អាន់វ៉ា មិនទទួលបានប្រាក់បៀវត្សនោះទេ។ 
 
«នាងនឹងមិនមានអំណាចក្នុងការគ្រប់គ្រងដោយផ្ទាល់លើគម្រោងណាមួយ ឬផ្តល់សំណើលើការងារណាមួយដោយខ្លួនឯងផ្ទាល់ឡើយ»។ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានសង្កត់ធ្ងន់បែបនេះក្នុងថ្ងៃទី៣១ ខែមករា ដោយបន្តថា តួនាទីរបស់លោកស្រី Nurul Izzah នឹងជួយធានាតម្លាភាពក្នុងរដ្ឋបាលរបស់លោក ហើយធានាថា វាមានដំណើរការល្អ នៅក្នុងការផ្តល់សំណើ ឬកិច្ចព្រមព្រៀងលើអ្វីមួយប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។ 
 
ត្រង់ចំណុចនេះ មេដឹកនាំម៉ាឡេស៊ី បានបន្តពន្យល់ថា កូនស្រីរបស់លោក មិនមានតួនាទីក្នុងការគ្រប់គ្រងលើគម្រោងណាមួយនោះទេ ប៉ុន្តែគ្រាន់តែមកជួយការងារលោកប៉ុណ្ណោះ។ បើតាមលោកអាន់វ៉ា ប្រសិនលោកស្រី Nurul Izzah មកជួយលោក ដោយមិនទទួលបានតំណែងអ្វីមួយ ប្រជាជននឹងឆ្ងល់ពីបំណងរបស់នាង ហើយវាអាចធ្ងន់ធ្ងរជាងនេះទៅទៀត។ 
 
ទន្ទឹមនេះ ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ី ក៏បានឆ្លើយតបនឹងអ្នករិះគន់លោកផង ដោយលោក អាន់វ៉ា បានអះអាងថា បុគ្គលខ្លះមិនសមនឹងរិះគន់លោកឡើយ ខណៈពួកគេទាំងនោះ បានផ្តល់កិច្ចព្រមព្រៀងក្នុងទំហំទឹកប្រាក់ជាច្រើនដល់កូនៗរបស់ខ្លួន។ 
 
ទាក់ទិននឹងបញ្ហាខាងលើ លោកអាន់វ៉ា​ បានប្តេជ្ញាថា វានឹងគ្មានសកម្មភាពអំពើពុករលួយ ការទទួលសំណូក ឬការប្រើអំណាចខុស ក្នុងពេលលោកកាន់តំណែងជានាយករដ្ឋមន្រ្តីឡើយ ហើយរដ្ឋបាលម៉ាឡេស៊ី ពេញចិត្តក្នុងការសហការជាមួយការស៊ើបអង្កេតផ្សេងៗ ដែលបើកដោយគណៈកម្មការប្រឆាំងអំពើពុករលួយ៕
 
 
 
 

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com