អន្តរជាតិ
ប្រមុខណាតូថា គ្មានដៃគូណាជិតស្និទ្ធ និងមានសមត្ថភាពជាងជប៉ុនឡើយ
01, Feb 2023 , 9:29 pm        
រូបភាព
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ (ខាងឆ្វេង) ចាប់ដៃជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងក្រុងតូក្យូ នៅថ្ងៃទី៣១ ខែមករា។ រូបភាពយកពីNATO
លោក Jens Stoltenberg អគ្គលេខាធិការអង្គការណាតូ (ខាងឆ្វេង) ចាប់ដៃជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងក្រុងតូក្យូ នៅថ្ងៃទី៣១ ខែមករា។ រូបភាពយកពីNATO
ប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg នៅថ្ងៃទី៣១ ខែមករា បានអះអាងថា គ្មានដៃគូអង្គការណាតូណា ជិតស្និទ្ធ និងមានសមត្ថភាពជាងជប៉ុនឡើយ។ ទន្ទឹមនេះ លោក Stoltenberg ក៏បានស្វាគមន៍ជប៉ុនចំពោះជំនួយមនុស្សធម៌ទៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ីផង។

 
ក្នុងដំណើរទស្សនកិច្ចនៅជប៉ុន លោក Jens Stoltenberg អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ នៅថ្ងៃទី៣១​ខែមករា បានជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ និងបានជជែកពីប្រធានបទផ្សេងៗ ដូចជាសកម្មភាពអុងអាត់របសចិន ការបង្កអរិភាពពីសំណាក់កូរ៉េខាងជើង និងកិច្ចសហប្រតិបត្តិការជាដើម។ 
 
ក្នុងជំនួបនោះ លោក Stoltenberg បានប្រាប់នាយករដ្ឋមន្រ្តីជប៉ុនថា៖ «គ្មានដៃគូអង្គការណាតូណា ជិតស្និទ្ធ និងមានសមត្ថភាពជាងជប៉ុនឡើយ»។ ទន្ទឹមនេះ មេដឹកនាំទាំងពីរបានឯកភាពពង្រឹងទំនាក់ទំនងទ្វេភាគី និងបានស្វាគមន៍ចំពោះដំណើរការរបស់ជប៉ុន ក្នុងការចូលរួមកម្មវិធីភាពជាដៃគូ Individually Tailored Partnership Program របស់ណាតូផង។ ភាពជាដៃគូនេះ ត្រូវបានរំពឹងថា វាអាចដំឡើងកិច្ចសហប្រតិបត្តិការទ្វេភាគី ទៅកម្រិតមួយថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈម។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times។
 
មេដឹកនាំទាំងពីរ ក៏បានឯកភាពលើភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត អវកាស ការទំនាក់ទំនងជាយុទ្ធសាស្រ្ត ព័ត៌មានមិនពិត និងបញ្ហាប្រឈមផ្សេងៗ។ 
 
ក្រៅពីកិច្ចសហប្រតិបត្តិការខាងលើ មេដឹកនាំណាតូ និងជប៉ុន ក៏បានជជែកពីសណ្តាប់ធ្នាប់ពិភពលោក ចិន និងសង្រ្គាមនៅអ៊ុយក្រែនផង។ បើតាមលោក Stoltenberg សណ្តាប់ធ្នាប់អន្តរជាតិ ដែលបើកចំហ និងសេរី គឺកំពុងមានការផ្លាស់ប្តូរតុល្យភាពនៃអំណាច និងមានការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។ ត្រង់ចំណុចនេះ លោក Stoltenberg បានបញ្ជាក់ពីភាពចាំបាច់លើការពង្រឹងកិច្ចសហប្រតិបត្តិការ ស្របពេលសន្តិសុខអឺរ៉ុប អាម៉េរិក និងអាស៊ី គឺមានភាពពឹងផ្អែកគ្នាទៅវិញទៅមក។ 
 
មិនត្រឹមប៉ុណ្ណោះ លោក Stoltenberg និងគីស៊ីដា បានជំរុញឱ្យមានការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ផង។ មេដឹកនាំទាំងពីរ បានចាត់ទុកច្រកសមុទ្រតៃវ៉ាន់ជាសន្តិសុខ និងវិបុលភាពនៃសហគមន៍អន្តរជាតិ ហើយរិះគន់សកម្មភាពយោធានៅសមុទ្រចិនខាងកើត និងខាងត្បូង។ ជុំវិញបញ្ហាកូរ៉េខាងជើង មេដឹកនាំណាតូ និងជប៉ុន បានរិះគន់ពីការអភិវឌ្ឍនុយក្លេអ៊ែរ និងអាវុធផ្សេងៗ ដែលខុសនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ 
 
ចំណែកសង្រ្គាមនៅអ៊ុយក្រែនវិញ លោក Stoltenberg បានអរគុណជប៉ុន ដែលផ្តល់ជំនួយមនុស្សធម៌ទៅអ៊ុយក្រែន និងដាក់ទណ្ឌកម្មលើរុស្ស៊ី ក្រោយការឈ្លានពាន។ ទាក់ទិននឹងសង្រ្គាមនេះ លោក Stoltenberg ថា វាមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់អន្តរជាតិឡើយ ប៉ុន្តែវាជះឥទ្ធិពលដល់បរិស្ថានសន្តិសុខសកលថែមទៀត។
 
សូមបញ្ជាក់ថា លោកគីស៊ីដា ជាមេដឹកនាំជប៉ុនដំបូង ដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំអង្គការណាតូ នៅក្នុងឆ្នាំ២០២២ ដែលបានជជែកពីបញ្ហាប្រឈមផ្សេងៗជាច្រើន ស្របពេលមានសង្រ្គាមនៅអ៊ុយក្រែន៕ 
 

Tag:
 ណាតូ
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com