ជាតិ
ក្រសួងកសិកម្ម ប្រាប់ឱ្យម្ចាស់ចម្ការកៅស៊ូ ប្រុងប្រយ័ត្នអគ្គិភ័យ នារដូវស្លឹកជ្រុះ
01, Feb 2023 , 9:59 pm        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យម្ចាស់ចម្ការកៅស៊ូទាំងអស់នៅកម្ពុជា ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត នារដូវជ្រុះស្លឹកកៅស៊ូ ចាប់ពីចុងខែមករា ដល់ខែកុម្ភៈ  ត្រូវប្រមូលស្លឹកដែលជ្រុះដុតចោល និងសម្អាតតាមចន្លោះរងកៅស៊ូឱ្យបានស្អាត ដើម្បីបង្ការជ្រុះស្លឹកកៅស៊ូ និងចៀសវាងកុំឱ្យមានអគ្គិភ័យ។ ជាពិសេស ម្ចាស់ចម្ការ ត្រូវហាមឃាត់អ្នកពាក់ព័ន្ធក្នុងចម្ការកៅស៊ូ និងពលរដ្ឋជុំវិញកុំឱ្យចេញ ឬចូលក្នុងតំបន់រាតត្បាតជំងឺ ដែលអាចជាប្រភពចម្លងទៅតំបន់ដ៏ទៃទៀត។



ដើម្បីទប់ស្កាត់កុំឱ្យមានអគ្គិភ័យ ឬបង្ការជ្រុះស្លឹកកៅស៊ូ នាដូវកៅស៊ូជ្រុះស្លឹក ពីតំបន់មួយទៅតំបន់មួយផ្សេងទៀត ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣០មករា បានដាក់វិធានការណែនាំដល់ប្រតិបត្តិករកៅស៊ូ អាជ្ញាធរពាក់ព័ន្ធ និងអ្នកដាំដុះទាំងអស់ ត្រូវហាមដាច់ខាតការដុតសម្អាតនៅពេលរសៀល ព្រោះវាអាចបង្កឱ្យមានអគ្គិភ័យ។ 
 
ជាមួយគ្នានេះ ម្ចាស់ចម្ការកៅស៊ូត្រូវកាត់ស្មៅ ឬរុក្ខជាតិនៅជុំវិញព្រំចម្ការកៅស៊ូ និងត្រូវប្រមូលទាំងស្លឹកកៅស៊ូដែលជ្រុះដាក់គរជាគំនរៗឱ្យបានប្រវៃង២៥ម៉ែត្រ ហើយដាក់ឱ្យដាច់ពីគ្នា។ លើសពីនេះ ម្ចាស់កៅស៊ូទាំងអស់ មិនត្រូវចាំរហូតដល់ស្លឹកជ្រុះ ១០០ភាគរយនោះទេ ព្រោះអំឡុងពេល កៅស៊ូជ្រុះស្លឹកប្រមាណ ៣០ភាគរយ ទៅ ៦០ភាគរយ ទិន្នផលអាចនឹងបាត់បង់ប្រមាណ៣០ ទៅ៥០ភាគរយផងដែរ។ 
 
ចំណែកឯ អាជ្ញាធរ ក៏ត្រូវពង្រឹងការត្រួតពិនិត្យ និងអនុវត្តនូវវិធានការភូតគាមអនាម័យឱ្យបានត្រឹមត្រូវ ចំពោះចរាចររុក្ខសម្ភារកៅស៊ូ និងការដុតស្លឹកកៅស៊ូឱ្យអស់ ព្រោះវាបង្កើតជាគំនរក្រាស់បង្កឱ្យមានភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រង អាចប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការផងដែរ។ 
 
បន្ថែមពីនេះ ម្ចាស់ចម្ការកៅស៊ូ ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ផងដែរ លើការដុតស្លឹកជ្រុះរបស់កៅស៊ូ ត្រូវបញ្ឈប់ដុតត្រឹមម៉ោង៩ ព្រឹក ហើយឃ្លាំមើលឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងផ្កាភ្លើងហើរទៅឆេះពីកន្លែងមួយទៅកន្លែងមួយទៀត និងត្រូវធានាថាភ្លើងរលត់អស់១០០ភាគរយ។ សូមបញ្ជាក់ដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា ម្ចាស់ចម្ការកៅស៊ូទាំងអស់ អនុវត្តវិធានការខាងលើ ឱ្យបានត្រឹមត្រូវ៕
 

Tag:
 ThmeyThmey25
 កសិកម្ម
 កៅស៊ូជ្រុះស្លឹក
© រក្សាសិទ្ធិដោយ thmeythmey.com