អន្តរជាតិ
អាម៉េរិកនិងឥណ្ឌា ចាប់ផ្ដើមភាពជាដៃគូលើវិស័យយោធានិងបច្ចេកវិទ្យា ដោយសម្លឹងមើលចិន
01, Feb 2023 , 10:29 pm        
រូបភាព
សេតវិមាន ប្រកាសនៅថ្ងៃទី៣១ ខែមករាថា អាម៉េរិក ចាប់ផ្ដើមដំណើរភាពជាដៃគូជាមួយឥណ្ឌា ដោយប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ធ្លាប់សង្ឃឹមថា នឹងជួយឱ្យប្រទេសទាំងពីរមានសមត្ថភាពប្រកួតប្រជែងជាមួយចិនលើផ្នែកសព្វាវុធ និងបច្ចេកវិទ្យាកាន់តែខ្លាំង។



លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងសមភាគីឥណ្ឌា លោក Ajit Doval រួមជាមួយមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរបានជួបគ្នានៅឯសេតវិមាន ថ្ងៃទី៣១ ខែមករា ដើម្បីពិភាក្សាពីភាពជាដៃគូរវាងអាម៉េរិក និងឥណ្ឌាស្តីពីការពង្រឹងវិស័យយោធា និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងប្រជែងឥទ្ធិពលចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ 
 
«បញ្ហាប្រឈមដ៏ធំដែលបង្កឡើងដោយចិន ដូចជាសកម្មភាពក្នុងវិស័យសេដ្ឋកិច្ចរបស់ខ្លួន ការគំរាមកំហែងក្នុងវិស័យយោធា ការខិតខំប្រឹងប្រែងក្ដោបក្ដាប់ឥទ្ធិពលឧស្សាហកម្ម និងគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់នាពេលអនាគត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការពិចារណារបស់រដ្ឋាភិបាលទីក្រុងញូវដែលី»។ ទីប្រឹក្សាសន្តិសុខជាតិអាម៉េរិក លោក Sullivan លើកឡើងបែបនេះក្នុងសេចក្ដីប្រកាសរបស់សេតវិមាន។
 
លោក Sullivan បន្តទៀតថា គំនិតផ្ដួចផ្ដើមភាពជាដៃគូរវាងអាម៉េរិក និងឥណ្ឌា ជាផ្នែកដ៏ធំនៃមូលដ្ឋានគ្រឹះយុទ្ធសាស្រ្តរៀបចំដែនដីប្រជាធិបតេយ្យនៅឥណ្ឌូប៉ាស៊ីហ្វិកឱ្យរឹងមាំ។ ទំនាក់ទំនងស៊ីជម្រៅរវាងប្រទេសទាំងពីរនឹងបម្រើផលប្រយោជន៍ជាយុទ្ធសាស្ត្រ សេដ្ឋកិច្ច និងបច្ចេកវិទ្យា។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters ភាពជាដៃគូរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងញូវដែលីធ្វើឡើងដើម្បីលើកទឹកចិត្តក្រុមហ៊ុនជាច្រើននៃប្រទេសទាំងពីរឱ្យសហការលើការផលិតសព្វាវុធយោធាដូចជាកាំភ្លើងធំជាដើម។ ទីក្រុងវ៉ាស៊ីនតោនក៏ចង់ដាក់ពង្រាយបណ្តាញទូរស័ព្ទចល័តរបស់លោកខាងលិចបន្ថែមទៀត ដើម្បីទប់ទល់នឹងឥទ្ធិពលក្រុមហ៊ុន Huawei របស់ចិន។ អាម៉េរិក ក៏ស្វាគមន៍អ្នកជំនាញរបស់ឥណ្ឌាផ្នែកបន្ទះឈីបកុំព្យូទ័រឱ្យកាន់តែច្រើនផងដែរ។
 
គំនិតផ្តួចផ្តើមថ្មីនេះក៏រួមបញ្ចូលទាំងការខំប្រឹងប្រែងរួមគ្នាស្ដីពីកិច្ចការលើអាកាស។ សេតវិមានបានបង្ហាញថា ក្រុមហ៊ុនផលិតសម្ភារយោធាអាម៉េរិក General Electric បានស្នើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនឱ្យអនុញ្ញាតការផលិតម៉ាស៊ីនយន្តហោះជាមួយឥណ្ឌា សម្រាប់ឱ្យឥណ្ឌាយកទៅប្រើក្នុងការផលិតយន្តហោះរបស់ខ្លួននៅពេលក្រោយ។
 
ជាមួយនឹងការពង្រឹងទំនាក់ទំនងនេះ អាម៉េរិកហាក់មិនអើពើពីទំនាក់ទំនងល្អរបស់ឥណ្ឌានិងរុស្ស៊ី ដោយចង់បានឥណ្ឌាក្នុងការប្រជែងនឹងចិនវិញ។ កន្លងមក ទីក្រុងញូវដែលី បានធ្វើឱ្យក្រុងវ៉ាស៊ីនតោនខកចិត្តដោយការចូលរួមក្នុងសមយុទ្ធយោធាជាមួយរុស្ស៊ី និងការបង្កើនការទិញប្រេងឆៅពីរុស្ស៊ីដែលកំពុងឈ្លានពានអ៊ុយក្រែន។ ការទិញនេះ ក្លាយជាប្រភពចំណូលដ៏សំខាន់សម្រាប់គាំទ្រសង្គ្រាមរុស្ស៊ីបន្តទៀត ហើយនេះជាអ្វីដែលអាម៉េរិកប្រឆាំង។ 
 
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាម៉េរិក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី បានប្រកាសពីគំនិតផ្តួចផ្តើមស្តីពីបច្ចេកវិទ្យាតាំងពីឆ្នាំ២០២២ ដើម្បីលើកកម្ពស់និងពង្រីកភាពជាដៃគូបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិរវាងរដ្ឋាភិបាល អាជីវកម្ម និងស្ថាប័នសិក្សានៃប្រទេសទាំងពីរ៕
 

Tag:
 អាម៉េរិក
  ឥណ្ឌា
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com