ជាតិ
នយោបាយជាតិ
តំណាងរាស្រ្ត នាំគ្នាចូលស្តាប់លោក ប្រាក់ សុខុន ដើម្បីឈ្វេងយល់ពីនយោបាយការបរទេសកម្ពុជាក្នុងបរិបទពិភពលោក 
រូបពីរដ្ឋសភា
×![]()
តាមការអញ្ជើញពីគណៈកម្មជំនាញនៃរដ្ឋសភា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងការបរទេស បានទៅធ្វើបទបង្ហាញអំពី «ការអនុវត្តគោលនយោបាយការបរទេសកម្ពុជាក្នុងបរិបទថ្មីរបស់ពិភពលោក» នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
តំណាងរាស្រ្តមួយចំនួន ដែលដឹកនាំដោយលោកសួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការជំនាញទី៥) បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយលោក ប្រាក់ សុខុន និងស្តាប់ការធ្វើបទបង្ហាញរបស់រដ្ឋមន្រ្តីការបរទេសរូបនេះ។ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការជំនាញទី៧នៃរដ្ឋសភា និងលោក កែប ជុតិមា ប្រធានគណៈកម្មការជំនាញទី៤នៃរដ្ឋសភា ក៏មានវត្តមានក្នុងកិច្ចពិភាក្សានេះដែរ។
រដ្ឋសភា សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ជំនួបខាងលើនេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។ មាត្រា៩៧នៃរដ្ឋធម្មនុញ្ញ ចែងថា គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រី ទៅបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
គួរកត់សម្គាល់ថា ក្នុងឆ្នាំ២០២២កន្លងទៅថ្មីៗនេះ កម្ពុជា បានធ្វើកិច្ចការបរទេសជាច្រើន ដូចជា ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការចូលរួមរកដំណោះស្រាយនៅមីយ៉ាន់ម៉ា ជាដើម
ដ្បិតឆ្នាំ២០២២នេះ កម្ពុជា គឺជាប្រធានអាស៊ាន។ ដោយសារជារដ្ឋមន្រ្តីការបរទេស លោក ប្រាក់ សុខុន ត្រូវមមាញឹកយ៉ាងខ្លាំងក្នុងកិច្ចការបរទេសទាំងអស់នេះ៕
Tag:
ប្រាក់ សុខុន
តំណាងរាស្រ្ត
គោលនយោបាយការបរទេសកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com