ជាតិ
អាម៉េរិកផ្តល់ពានរង្វាន់សិទ្ធិមនុស្សឆ្នាំ២០២២ ដល់កញ្ញា ឈឹម ស៊ីថរ ដែលជាមេដឹកនាំសហជីពដ៏ល្បីម្នាក់
02, Feb 2023 , 8:57 am        
រូបភាព
កញ្ញា ឈឹម ស៊ីថរ ឡើងនិយាយក្នុងកម្មវិធីមួយ កាលពីខែឧសភា ឆ្នាំ២០២២។ រូបពី CCHR
កញ្ញា ឈឹម ស៊ីថរ ឡើងនិយាយក្នុងកម្មវិធីមួយ កាលពីខែឧសភា ឆ្នាំ២០២២។ រូបពី CCHR
ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែកុម្ភៈ បានប្រកាសថា អ្នកដឹកនាំសហជីពនៅកម្ពុជា កញ្ញា ឈឹម ស៊ីថរ ក្លាយជាម្ចាស់ពានម្នាក់ក្នុងចំណោម ១០ រូបជុំវិញសាកលលោក ដែលទទួលពានរង្វាន់អ្នកការពារសិទ្ធមនុស្ស (Human Rights Defender Award) ប្រចាំឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ពានរង្វាន់នេះ ទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន ។ កញ្ញា ស៊ីថរ គឺជាអ្នកទីមួយ នៃប្រទេសកម្ពុជា ដែលបានពានរង្វាន់នេះ ។
 
កញ្ញា ស៊ីថរ ជាអ្នកដឹកនាំ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ» នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដោយ ចាប់តាំងពីចុងឆ្នាំ២០២១ កញ្ញាបានដឹកនាំកូដកម្ម ដោយអំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ឱ្យចូលធ្វើការវិញ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពជាង១០រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ ។ 
 
កញ្ញា ស៊ីថរ ត្រូវបានចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ដែលក្រោយមកត្រូវបានដោះលែងវិញ។ កាលពីខែវិច្ឆិកា មេដឹកនាំសហជីពរូបនេះ ត្រូវបានចាប់ខ្លួនសារជាថ្មី ដោយសារតែការរំលោភនូវលក្ខខណ្ឌក្រៅឃុំ ក្រោយធ្វើដំណើរទៅក្រៅប្រទេសដើម្បីចូលរួមសន្និសីទមួយ។ 
 
កញ្ញា ត្រូវបន្តឃុំខ្លួនដោយរង់ចាំការកាត់ទោស ដែលមិនទាន់កំណត់ពេល ហើយមិនអាចធ្វើដំណើរទៅចូលរួមយកពានរង្វាន់ នៅរដ្ឋធានីវ៉ាស៊ីងតុន ជាមួយអ្នកទទួលពានដទៃទៀតបានឡើយ។
 
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងថា ៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ ២០២២ ម្នាក់ ។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារដ៏ក្លាហាននិងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា »៕
 

Tag:
 ឈឹម ស៊ីថរ
© រក្សាសិទ្ធិដោយ thmeythmey.com