អន្តរជាតិ
ប្រធានសភាឆែកធានាការគាំទ្រចំពោះតៃវ៉ាន់ ទោះចិនជំទាស់ក្ដី 
លោកស្រី Marketa Pekarova Adamova ប្រធានសភាឆែក។ រូបថត Czech Radio
×![]()
ប្រធានសភាជាន់ទាបឆែកលោកស្រី Marketa Pekarova Adamova នៅថ្ងៃទី១ ខែកុម្ភៈ បានធានាផ្ដល់ការគាំទ្រចំពោះកោះតៃវ៉ាន់ក្នុងការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យសេរី ទោះបីជាចិនបានជំទាស់នឹងការទាក់ទងរវាងភាគីទាំងពីរក៏ដោយ។ ប្រធានសភាឆែកបានរៀបគម្រោងធ្វើដំណើរទស្សនកិច្ចទៅទីក្រុងតៃប៉ិនៅខែមីនាទៀតផង។
ភ្លាមៗក្រោយមានប្រធានាធិបតីថ្មី ឆែកកំពុងពង្រឹងទំនាក់ទំនងជាមួយកោះតៃវ៉ាន់ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន។ ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ឆែកលោក Petr Pavel បានជជែកតាមទូរស័ព្ទជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-Wen កាលពីថ្ងៃទី៣០ ខែមករា ដោយសន្យាបន្តចែករំលែកតម្លៃរួមគ្នានៃសេរីភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ភ្លាមក្រោយជំនួបមេដឹកនាំភាគីទាំងពីរ ក្រុងប៉េកាំងបង្ហាញនមិនពេញចិត្តជាខ្លាំង ហើយសង្កត់ធ្ងន់ពីការ សន្យារបស់លោក Pavel ក្នុងការគាំទ្រគោលនយោបាយចិនតែមួយ។
«ខ្ញុំបានធានាចំពោះរដ្ឋមន្ត្រីថាការគាំទ្រជាប្រព័ន្ធរបស់ដៃគូដែលគោរពសិទ្ធិមនុស្សនិងគោលការណ៍ប្រជាធិបតេយ្យសេរី ជាអាទិភាពក្នុងចំណោមអាទិភាពនៃការទូតសភារបស់យើង»។ លោកស្រី Pekarova លើកឡើងបែបនេះក្នុងសេចក្ដីថ្លែងការណ៍មួយក្រោយជជែកជាមួយរដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu។
លោកស្រី Pekarova ក៏គ្រោងនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ជាមួយគណៈប្រតិភូពាណិជ្ជករ និងតំណាងស្ថាប័នអប់រំ និងវិទ្យាសាស្ត្ររបស់ឆែកនៅខែមីនាផងដែរ។
កន្លងមក ប្រទេសភាគច្រើនជៀសវាងទំនាក់ទំនងដោយចំហ និងកម្រិតខ្ពស់ជាមួយតៃវ៉ាន់ ដោយមិនចង់មានរឿងជាមួយចិនដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក។ យ៉ាងណាមិញរដ្ឋាភិបាលឆែកដែលប្រកាន់ស្ដាំនិយមនេះ កំពុងធ្វើឱ្យកិច្ចសហប្រតិបត្តិការស៊ីជម្រៅជាមួយបណ្តាប្រទេសប្រជាធិបតេយ្យនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងតៃវ៉ាន់ផង ហើយកំពុងពិនិត្យឡើងវិញនៃទំនាក់ទំនងជាមួយចិន៕
© រក្សាសិទ្ធិដោយ thmeythmey.com