ជាតិ
នយោបាយជាតិ
លោក គង់ គាំ អរគុណសម្តេច ហ៊ុន សែន ដែលមិនប្តឹង ហើយប្រកាសឈប់ធ្វើជាទីប្រឹក្សាបក្សភ្លើងទៀន 
លោក គង់ គាំ ចូលរួមវេទិការបស់គណបក្សភ្លើងទៀននាពេលកន្លងមក។ រូបពីហ្វេសប៊ុកគណបក្សភ្លើងទៀន
×![]()
លោក គង់ គាំ បានសរសេរលិខិតជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយក្នុងលិខិតនោះ លោក បានអរគុណសម្តេច ដែលមិនបន្តប្តឹងផ្តល់លោកទៅតុលាការ។ នៅឃ្លាចុងបញ្ចប់នៃលិខិតរបស់លោក ដែលចុះកាលបរិច្ឆេទ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ជម្រាបសម្តេចថា លោក សម្រេចបញ្ចប់តួនាទីជាឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន អះអាងថា មិនមែនតែតួនាទីជាឧត្តមទីប្រឹក្សាឡើយ ដោយសមាជិកភាពក្នុងគណបក្សភ្លើងទៀន ក៏លោក គង់ គាំ បញ្ចប់ដែរ។ អនុប្រធានរូបនេះ មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗ ដូច្នេះថា៖«គាត់ លាឈប់ជាផ្លូវការហើយ មិននៅ [ក្នុងគណបក្សភ្លើងទៀន] ទៀតទេ»។
លោក គង់ គាំ និងអ្នកនាំពាក្យគណបក្សភ្លើងទៀន គឺលោក គីមសួរ ភីរិទ្ធ មិនលើកទូរស័ព្ទនោះទេ។
នាពេលថ្មីៗនេះ គេដឹងឮថា សម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល បានសើរើនិងរឹបអូសយកផ្ទះពីលោក គង់ គាំ ក្រោមហេតុផលថា ដើមឡើយ ផ្ទះនោះ គឺជាទីស្តីការក្រសួងការបរទេស តែត្រូវលោក គង់ គាំ ដែលធ្លាប់រួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាក្នុងអតីតកាល យកធ្វើជាកម្មសិទ្ធិ។
សម្តេច បានប្រាប់ទៅអង្គភាពអំពើពុករលួយ ឲ្យស៊ើបអង្កេតពីករណីរឹបអូសយកផ្ទះពីលោក គង់ គាំ។ ដោយមិនចង់វែងឆ្ងាយ លោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ផ្ទះដែលលោក និងក្រុមគ្រួសារធ្លាប់រស់នៅតាំងពីទសវត្សរ៍៨០មកនោះ ទៅឲ្យរដ្ឋវិញ។ រីឯសម្តេច ហ៊ុន សែន ក៏សម្រេចបញ្ចប់រឿងនេះត្រឹមប៉ុណ្ណឹងដូចគ្នា ដោយមិនបន្តប្តឹងទៅតុលាការនោះទេ។
សម្តេចនាយករដ្ឋមន្រ្តី សើរើយកផ្ទះពីលោក គង់ គាំ ដោយសារលោក គង់ គាំ វាយប្រហារខ្លាំងៗនិងជាញឹកញាប់តាមវេទិកាគណបក្សភ្លើងទៀន ទៅលើគណបក្សប្រជាជនកម្ពុជា។ ការរិះគន់របស់អ្នកនយោបាយចាស់វស្សារូបនេះ ក៏រាលដាល់ដល់ថ្ងៃ៧មករា និងប្រវត្តិគណបក្សប្រជាជនកម្ពុជាផងដែរ។
តាមរយៈលិខិតខាងលើ លោក គង់ គាំ បានសូមទោសសម្តេច ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចំពោះសកម្មភាពរបស់លោក ដែលប៉ះពាល់ដល់កិត្តិយសគណបក្សកាន់អំណាចមួយនេះ និងភាពសុខសាន្តរបស់សង្គមជាតិ៕ © រក្សាសិទ្ធិដោយ thmeythmey.com