ជាតិ
សង្គមជាតិ
ទោះគេថាឆ្កួត តែអ្នកស្រី ខែម ស្រីមុំ នៅតែពុះពារចិញ្ចឹមអង្ក្រង បានជោគជ័យ
02, Feb 2023 , 1:59 pm        
រូបភាព
អ្នកស្រី ខែម ស្រីមុំ កំពុងដាក់ចំណីឱ្យអង្ក្រង។
អ្នកស្រី ខែម ស្រីមុំ កំពុងដាក់ចំណីឱ្យអង្ក្រង។
ភ្នំពេញ៖ អ្នកស្រី ខែម ស្រីមុំ​ ចិញ្ចឹមអង្ក្រង ជាង៣ខែមកហើយ នៅរាជធានីភ្នំពេញ។ មិនមានជំនាញ ឬឆ្លងកាត់ការបណ្ដុះបណ្ដាល ពីសាលាឡើយ គឺអ្នកស្រី មុំ ស្វ័យសិក្សា តាមអ៊ីនធឺណិត ដោយខ្លួនឯងប៉ុណ្ណោះ។ ពេលចាប់ផ្ដើមដំបូង អ្នកស្រីទទួលបានពាក្យរិះគន់ពីអ្នកជុំវិញខ្លួន ថាអ្នកស្រី «ឆ្កួត» ដោយសារតែចិញ្ចឹមអង្ក្រងនេះ។ ប៉ុន្តែអ្នកស្រីមិនបានបោះបង់ឡើយ រហូតទទួលបានជោគជ័យក្នុងការចិញ្ចឹមអង្ក្រង។ បច្ចុប្បន្នអ្នកស្រីកំពុងបើកថ្នាក់បង្រៀនការចិញ្ចឹមអង្ក្រង និងកំពុងពង្រីកការចិញ្ចឹមរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ពូជអង្ក្រង នៅថ្ងៃអនាគត។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាង ទស្សនាបទសម្ភាសន៍ដូចខាងក្រោម៖ 



មានរាងស្ដើង និងមានមុខរួសរាយរាក់ទាក់ អ្នកស្រី ខែម ស្រីមុំ កំពុងមមាញឹកចិញ្ចឹមអង្ក្រង នៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ ក្រោយផ្ទះ ដែលមានសណ្ឋានដូចទៅនឹងរោងមួយ ធ្វើពីស័ង្កសី ទាំងដំបូង និងជញ្ជាំង នោះជាទីតាំងចិញ្ចឹមអង្ក្រង រាប់ម៉ឺនក្បាល ដែលកំពុងផ្លាស់ទីយ៉ាងមមាញឹក ដូចទៅនឹងមនុស្សម្នាធ្វើដំណើរលើដងផ្លូវ នៅរាជធានីភ្នំពេញ។ 
 
ជាង៣ខែហើយ ដែលស្ត្រីរូបនេះ យកចិត្តទុកដាក់គ្រប់គ្រង និងមើលថែចិញ្ចឹមអង្ក្រង ។ អ្នកស្រីរៀបរាប់ពីមូលហេតុ នៃការចាប់ផ្ដើមការចិញ្ចឹមរបស់ខ្លួន ថា៖«សម្រាប់ការចិញ្ចឹមអង្ក្រងនេះ ដំបូងឡើយគឺយើងមិនគិតថាចិញ្ចឹមអង្ក្រងទេ គឺគ្រាន់តែចង់បានអ្វីមួយដែលថ្មី និងជាអ្វីមួយរបស់ខ្លួនឯង។ ការចិញ្ចឹមបង្កង ចិញ្ចឹមកង្កែប ចិញ្ចឹមពស់គេមានអស់ហើយ»។
 
តាមពិតទៅ ការចិញ្ចឹមអង្ក្រងនេះ អ្នកស្រី មុំ ​ស្វ័យសិក្សាដោយខ្លួនឯង តាមបណ្ដាញអ៊ីនធឺណិត ក្រោមការជ្រោមជ្រែងពីកូនខ្លួន ក្នុងការបកប្រែភាសាឱ្យអ្នកស្រី។ អ្នកស្រី បានចំណាយពេលរៀនបណ្ដើរ និងចិញ្ចឹមបណ្ដើរដើម្បីសិក្សាពីអង្ក្រង។ 
 
ប៉ុន្តែពេលចាប់ផ្ដើមដំបូង អ្នកស្រីមិនទទួលបានការគាំទ្រពីអ្នកជុំវិញឡើយ តែ​ផ្ទុយទៅវិញត្រូវបានគេថាអ្នកស្រី «ឆ្កួត»ថែមទៀតផង។ អ្នកស្រីនិយាយដូច្នេះ៖«ពីដំបូងឡើយមក ពេលយើងចិញ្ចឹមអង្ក្រងគេថាយើងឆ្កួត គិតចម្លែកៗ។ គេសួរថាបងឯងកើតឆ្កួតមែន។ ហើយខ្ញុំអត់ខ្វល់ទេ ខ្ញុំចាប់ផ្ដើមធ្វើជាមួយកូន»។ 
 
សម្រាប់អ្នកស្រី ស្រីមុំ ការចិញ្ចឹមអង្ក្រង គឺជាការចិញ្ចឹមដ៏លំបាកមួយ ។ ប៉ុន្តែនៅពេលចិញ្ចឹមផង និងព្យាយាមស្វែងយល់ពីការរស់នៅរបស់អង្ក្រងនេះផង ទើបអ្នកស្រី ដឹងច្បាស់ពីបញ្ហា ។ ជាបទពិសោធន៍សម្រាប់ស្ត្រីវ័យ៤២ឆ្នាំរូបនេះ ការចិញ្ចឹមអង្ក្រងនាពេលកន្លងមក អ្នកស្រីជួបផលវិបាកមួយចំនួន ដែលបណ្ដាលមកពីអង្ក្រងនោះកើតស្ត្រេស។ នៅពេលអង្ក្រងស្ត្រេស នោះនឹងធ្វើឱ្យអង្ក្រងទាំងនោះ​ ខាំសម្លាប់គ្នាឯង, រត់ចោលកន្លែងជាដើម។ បញ្ហាមួយទៀត គឺ ការប្រមាញ់ពីសត្វដទៃ ដែល​ស៊ីអង្ក្រងជាអាហារដូចជា សត្វគីង្គក់, កង្កែប, ថ្លែន និង ជីងចក់ ជាដើម។ 
 
ជួបបញ្ហាច្រើន តែស្ត្រីអតីតកម្មការិនីរោងចក្ររូបនេះ មិនបោះបង់នោះឡើយ ពោលគឺអ្នកស្រីព្យាយាមស្វែងយល់ និងរកវិធីសាស្ត្រដោះស្រាយនានា រហូតទទួលបានជោគជ័យ ដែលអ្នកស្រីហៅវាថា «ការយល់ចិត្តគ្នា» រវាងអ្នកស្រី និងសត្វអង្ក្រងទាំងនោះ។ 
 
ជា​គំនិតរបស់អ្នកស្រី ស្រីមុំ ដើម្បីចាប់ផ្ដើមអាជីវកម្មនេះបាន អ្នកចិញ្ចឹមគួរមានភាពអំនត់អត់ធ្មត់ និងមិនត្រូវបោះបង់ឡើយ ផ្ទុយទៅវិញត្រូវសិក្សាស្វែងយល់ និងរកដំណោះស្រាយ នៅពេលជួបបញ្ហាម្ដងៗ។ បច្ចុប្បន្ននេះ អ្នកស្រី ស្រីមុំ បើកថ្នាកក់សិក្សាអនឡាញ សម្រាប់អ្នកដែលចង់ចាប់អារម្មណ៍ចិញ្ចឹមអង្ក្រងនេះ ។ ហើយឆាប់ៗខាងមុននេះ អ្នកស្រីនឹងមានទីតាំងថ្មីទៀត ដើម្បីពង្រីកការចិញ្ចឹមរបស់ខ្លួន ដើម្បីលក់ពូជអង្ក្រងនេះ៕
 

Tag:
 ThmeyThmey
  ចិញ្ចឹមអង្ក្រង
  ស្រមុំ
© រក្សាសិទ្ធិដោយ thmeythmey.com