អន្តរជាតិ
យោធាមីយ៉ាន់ម៉ា បន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល៦ខែទៀត
02, Feb 2023 , 2:29 pm        
រូបភាព
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព AP
លោក មីន អ៊ុងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា។ រូបភាព AP
យោធាមីយ៉ាន់ម៉ា បានបន្ថែមរយៈពេល ៦ខែទៀត ក្នុងការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។ នេះបើតាមការប្រកាសរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាស្តីទី ក្នុងកិច្ចប្រជុំដែលផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ នៅថ្ងៃទី១ ខែកុម្ភៈ។

 
រយៈពេលពីរឆ្នាំហើយ ដែលយោធា គ្រប់គ្រងមីយ៉ាន់ម៉ា តាមរយៈរដ្ឋប្រហារយោធានៅក្នុងខែកុម្ភៈ ឆ្នាំ២០២១។ នៅក្នុងថ្ងៃទី១ ខែកុម្ភៈ យោធាមីយ៉ាន់ម៉ា បានសម្រេចបន្ថែមរយៈពេល ៦ខែទៀត ក្នុងការដាក់ប្រទេសក្នុងស្ថានភាពអាសន្ន ដែលបានដាក់នៅមីយ៉ាន់ម៉ារយៈពេល ២ឆ្នាំមកហើយ។ 
 
«បើទោះមាត្រា ៤២៥នៃរដ្ឋធម្មនុញ្ញ អនុញ្ញាតឱ្យពន្យារពេលដាក់ប្រទេសក្នុងស្ថានភាពអាសន្នបានត្រឹមពីរដងក៏ដោយ ប៉ុន្តែស្ថានភាពបច្ចុប្បន្នស្ថិតក្នុងសភាមិនធម្មតាឡើយ ហើយវាតម្រូវឱ្យបន្ថែមរយៈពេល ៦ខែទៀត»។ លោក Myint Swe ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំយោធា ក្នុងថ្ងៃទី១ ខែកុម្ភៈ។ របបយោធាមីយ៉ាន់ម៉ា បានប្រកាសបន្តស្ថានភាពអាសន្នចំនួនពីរដងរួចមកហើយ។ 
 
ការបន្ថែមរយៈពេលដាក់ប្រទេសក្នុងស្ថានភាពអាសន្ននេះធ្វើឡើង ស្របពេលយោធាមីយ៉ាន់ម៉ា បានសន្យារៀបចំការបោះឆ្នោតមួយនៅក្នុងឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NDSC) នៅថ្ងៃដដែលនោះ លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា បានអះអាងថា ការបោះឆ្នោតពហុបក្ស ត្រូវតែធ្វើឡើងស្របតាមឆន្ទៈរបស់ប្រជាជន។ 
 
យ៉ាងណាមិញ មេដឹកនាំរូបនេះ មិនបានបញ្ជាក់ពីពេលវេលាច្បាស់លាស់ឡើយ ក្នុងការរៀបចំការបោះឆ្នោតសភានេះ។  កន្លងមក យោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់បោះឆ្នោតដ៏តឹងរ៉ឹងមួយ ហើយថែមទាំងហាមឃាត់បុគ្គលដែលចាត់ទុកភេរវករចូលរួមការបោះឆ្នោតទៀត។ ត្រង់ចំណុចនេះ សមាជិករដ្ឋាភិបាលបង្រួបបង្រួមជាតិ ឬរដ្ឋាភិបាលស្រមោល នឹងមិនអាចចូលរួមបានឡើយ ដោយសារយោធាបានចាត់ទុកក្រុមនេះ ជាភេរវករ។ 
 
ជុំវិញគម្រោងរៀបចំការបោះឆ្នោតនៅក្នុងឆ្នាំ២០២៣ លោក Kyaw Moe Tun ប្រេសិតមីយ៉ាន់ម៉ាតំណាងរដ្ឋាភិបាលស៊ីវិលនៅអង្គការសហប្រជាជាតិ បានអះអាងថា យោធាមិនមានភាពស្របច្បាប់ឡើយ។ ក្នុងន័យនេះ ប្រេសិតមីយ៉ាន់ម៉ាតំណាងរដ្ឋាភិបាលស៊ីវិល បានពន្យល់ថា​ បើទោះមានការបោះឆ្នោតក៏ដោយ ប្រជាជននឹងមិនទទួលយកវាឡើយ។ 
 
បន្ថែមពីនេះ លោក Kyaw Moe Tun ក៏បានជំរុញឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា ដើម្បីបញ្ឈប់ការសម្លាប់រង្គាលនៅក្នុងប្រទេសផង។ បើតាមលោក Kyaw Moe Tun យោធា បានសម្លាប់ ចាប់ខ្លួន និងអំពើឃោរឃៅផ្សេងៗ នៅទូទាំងប្រទេស ដែលតម្រូវឱ្យមានការបញ្ឈប់សកម្មភាពទាំងនោះ។ 
 
កន្លងមក ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានដាក់ចេញសេចក្តីសម្រេចជាលើកដំបូង ក្នុងរយៈពេលជាង ៧ទស្សវត្សរ៍លើមីយ៉ាន់ម៉ា ដោយជំរុញឱ្យបញ្ឈប់អំពើហិង្សានៅក្នុងប្រទេស និងទទូចឱ្យយោធា ដោះលែងអ្នកទោសនយោបាយទាំងអស់ រួមទាំងលោកស្រី អ៊ុងសាន ស៊ូជី។ 
 
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មកទល់ពេលនេះ ប្រជាជនស៊ីវិលជាង ២ពាន់នាក់ ត្រូវបានសម្លាប់ ខណៈមនុស្សច្រើនជាង ១,៤លាននាក់ បានភៀសខ្លួននៅក្នុងប្រទេស ដើម្បីស្វែងរកកន្លែងសុវត្ថិភាព៕
 

Tag:
 មីយ៉ាន់ម៉ា
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com