ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក គង់ គាំ ដកខ្លួនចេញពីនយោបាយជារៀងរហូត
02, Feb 2023 , 3:59 pm        
រូបភាព
លោក គង់ គាំ ក្រោកឈរនិងលើកដៃទៅកាន់អ្នកចូលរួមក្នុងវេទិកាគណបក្សភ្លើងទៀនកន្លងមក។ រូបពីគណបក្សភ្លើងទៀន
លោក គង់ គាំ ក្រោកឈរនិងលើកដៃទៅកាន់អ្នកចូលរួមក្នុងវេទិកាគណបក្សភ្លើងទៀនកន្លងមក។ រូបពីគណបក្សភ្លើងទៀន
ដោយ៖ ទេពញាណ
 
មិនមែនគ្រាន់តែដកខ្លួនចេញពីគណបក្សភ្លើងទៀននោះទេ លោក គង់ គាំ បានប្រកាសតាមរយៈសារព័ត៌មានថ្មីៗ នៅថ្ងៃទី២ ខែកម្ភៈ ឆ្នាំ២០២៣នេះថា លោក សម្រេចចិត្តឈប់ធ្វើនយោបាយជារៀងរហូតតែម្តង។ រឿងសំខាន់បំផុតសម្រាប់ជីវិតរបស់លោក នៅក្រោយចូលនិវត្តពីនយោបាយ គឺលោក ត្រូវថែទាំសុខភាពឲ្យល្អ ខណៈលោកឈានចូលវ័យជាង៨០ឆ្នាំទៅហើយ។



លោក គង់ គាំ អ្នកនយោបាយដ៏យូរឆ្នាំ ដែលធ្លាប់ទាំងនៅជាមួយរដ្ឋាភិបាល និងទាំងធ្លាប់ធ្វើជាអ្នកប្រឆាំង មានប្រសាសន៍យ៉ាងដូច្នេះថា៖«ឥឡូវនេះ ទាំងកម្លាំងធនធាន ទាំងកម្លាំងចិត្ត ទាំងកម្លាំងកាយ វា បាត់បង់យ៉ាងគំហុកហើយ»។ 
 
លោក គង់ គាំ លើកឡើងថា លោក មិនចង់ឲ្យមានកំហុសនៅពេលខាងមុខទៀតឡើយ។ លោក បង្ហាញក្តីបារម្ភថា បើនៅធ្វើនយោបាយ លោក អាចនឹងនៅតែមានកំហុស ហើយនឹងមិនទទួលបានការអត់ឱន ឬយោគយល់ទៀតនោះទេ។
 
សារព័ត៌មានក្នុងស្រុក នាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតពីលិខិតរបស់លោក គង់ គាំ ដែលសរសេរជូនទៅសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ក្នុងលិខិត ដែលចុះកាលបរិច្ឆេទ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក បានអរគុណសម្តេច ហ៊ុន សែន ដែលមិនប្តឹងផ្តល់លោកទៅតុលាការ។ ជាមួយគ្នានេះ លោក ជម្រាបសម្តេច ថា  លោក ឈប់ធ្វើជាឧត្តមទីប្រឹក្សារបស់គណបក្សភ្លើងទៀនហើយ។ 

អត្ថបទទាក់ទង
 
លោក គង់ គាំ ទើបនឹងត្រូវរដ្ឋាភិបាលរឹបអូសយកផ្ទះនិងដីធ្លី ដែលលោក ធ្លាប់រស់នៅតាំងទសវត្សរ៍៨០មក។ សម្តេច ហ៊ុន សែន ជាអ្នកដែលចេញបញ្ជាឲ្យរឹបអូសយកផ្ទះពីលោក គង់ គាំ ដោយលើកហេតុផលថា ផ្ទះនោះ ដើមឡើយជាទីស្តីការក្រសួងការបរទេស តែត្រូវលោក យកធ្វើជាកម្មសិទ្ធិ។ ដោយសារលោក គង់ គាំ ស្ម័គ្រចិត្តប្រគល់ផ្ទះឲ្យរដ្ឋវិញតាមសម្រួល សម្តេច ហ៊ុន សែន សម្រេចមិនប្តឹងលោកឡើងតុលាការឡើយ។
 
បើមិនវាយប្រហារខ្លាំងៗលើគណបក្សប្រជាជនកម្ពុជា លោក គង់ គាំ ក៏ប្រហែលជាមិនជួបរឿងអស់ផ្ទះសម្បែងបែបនេះដែរ។ តាមវេទិកានានារបស់គណបក្សភ្លើងទៀន លោក តែងរិះគន់គណបក្សកាន់អំណាចមួយនេះយ៉ាងចាស់ដៃ ហើយការរិះគន់របស់លោក ថែមទាំងរាលដាលដល់ថ្ងៃទី៧មករាទៀតផង។ 
 
លោក គង់ គាំ ធ្លាប់ជាមនុស្សស្និទ្ធនឹងសម្តេច ហ៊ុន សែន ដែលជាមេដឹកនាំកាន់អំណាចផង និងធ្លាប់ជាមនុស្សស្និទ្ធនឹងលោក សម រង្ស៊ី ដែលជាមេដឹកនាំប្រឆាំងផង។ កាលនៅក្នុងគណបក្សកាន់អំណាច លោក គង់ គាំ ធ្លាប់ធ្វើជាទូតនៅវៀតណាម និងធ្លាប់ធ្វើជារដ្ឋមន្រ្តីការបរទេស នាអំឡុងទសវត្សរ៍៨០។ ក្រោយចាកចេញពីគណបក្សកាន់អំណាច លោក ក៏ចាប់ផ្តើមរួមដំណើរលើវិថីនយោបាយជាមួយលោក សម រង្ស៊ី៕  
 

Tag:
 គង់ គាំ
© រក្សាសិទ្ធិដោយ thmeythmey.com