កីឡាអន្តរជាតិ
អន្តរជាតិ
វ័យ៥៥ឆ្នាំ កីឡាករជប៉ុន «King Kazu» នៅតែមានហាងឆេងក្នុងលីគព័រទុយហ្កាល់ 
×![]()
Kazuyoshi Miura កីឡាករបាល់ទាត់សញ្ជាតិជប៉ុន វ័យ៥៥ឆ្នាំ បានទៅចូលរួមជាមួយក្រុម U.D Oliveirense នៃលីគទីពីរព័រទុយហ្កាល់ Liga Portugal 2 ក្រោមលក្ខខណ្ឌខ្ចីជើងពី Yokohama FC។ ព័រទុយហ្កាល់ជាប្រទេសទី៦ ដែល Miura ប្រកបអាជីពបាល់ទាត់រយៈពេល៣៧ឆ្នាំ។
Muira ដែលត្រូវបានគេផ្តល់រហ័សនាមថា «King Kazu» នៅឯស្រុកកំណើតនោះ បានចាប់ផ្តើមបង្ហាញខ្លួនសម្រាប់អាជីពបាល់ទាត់លើកដំបូងក្នុងឆ្នាំ ១៩៨៦ ដោយកាលនោះបានចូលរួមលេងឱ្យក្រុម Santos។ King Kazu ប្រើប្រាស់ពេលវេលាលេងបាល់អស់រយៈពេល ៣៧រដូវកាល ក្នុងនាមជាកីឡាករអាជីព។
ផ្លាស់ទៅកាន់ប្រទេសព័រទុយហ្កាល់ ក្លាយជាប្រទេសទី៦ សម្រាប់ Muira បន្ទាប់ពីរូបគេបានលេងនៅទឹកដីប្រេស៊ីល ជប៉ុន អ៊ីតាលី ក្រូអាស៊ី និងអូស្រា្តលី។ រដូវកាលមុខ រូបគេលេងនៅក្រុមស្ថិតនៅលីគលំដាប់ទី៤ របស់ជប៉ុន Suzuka Point Getters ដែលដឹកនាំដោយអ្នកចាត់ការដែលជាបងប្រុសបង្កើតលោក Yasutoshi ក្នុងនាមជាកីឡាករខ្ចីជើងពីក្រុម Yokohama FC នៃលីគកំពូលជប៉ុន J-League។
មូលហេតុនៃការផ្លាស់ទៅបន្តអាជីពនៅព័រទុយហ្កាល់របស់ King Kazu ដោយសារតែមេរបស់ក្លិប Yokohama FC បានទិញភាគហ៊ុនជាច្រើននៅក្លិប U.D Oliveirense កាលពីខែវិច្ឆិកា ឆ្នាំ ២០២២។
«បើទោះបីទីនោះគឺជាទីកន្លែងថ្មីសម្រាប់ខ្ញុំ ខ្ញុំនឹងខិតខំព្យាយាមបំពេញការងារដើម្បីបង្ហាញទៅកាន់អ្នកគ្រប់គ្នាអំពីសមត្ថភាពនៃការលេងបាល់របស់ខ្ញុំ។»។ King Kazu បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះដោយក្លិប Yokohama FC បែបនេះ។
ពេលដែលលេងនៅក្លិប Suzuka កីឡាករវ័យ ៥៥ឆ្នាំ រូបនេះរកបានគ្រាប់បាល់ចំនួន ២គ្រាប់ ដោយគ្រាប់បាល់ ១ចំណោមនោះជាការស៊ុតបាល់ពិន័យ ១១ម៉ែត្រ និង ១គ្រាប់ជាការតែត។ King Kazu បង្ហាញវត្តមាន ១៨លើកជាមួយក្រុមស្ថិតនៅលីគលំដាប់ទី៤ ដែលបានបញ្ចប់ចំណាត់ថ្នាក់លេខ៩។
King Kazu នឹងឈានចូលវ័យ ៥៦ឆ្នាំ នៅថ្ងៃទី២៦ ខែកុម្ភៈ ហើយកីឡាករបាល់ទាត់វ័យចំណាស់រូបនេះថា រូបគេចង់បន្តលេងបាល់ឱ្យដល់អាយុ ៦០ឆ្នាំ។ អតីតកីឡាករ Santos រូបនេះធ្លាប់មានឈ្មោះល្បីល្បាញនៅក្នុងទ្វីបអាស៊ី ដោយនៅក្នុងឆ្នាំ ១៩៩០ បានជួយឱ្យមនុស្សជាច្រើននៅលើពិភពលោកបានស្គាល់ពីបាល់ទាត់ជប៉ុន ហើយបន្ទាប់មកលីគបាល់ទាត់អាជីពជប៉ុន J-League ដែលកកើតឡើងក្នុងងឆ្នាំ ១៩៩៣។
King Kazu បានចាកចេញពីជប៉ុនទៅប្រេស៊ីលក្នុងឆ្នាំ ១៩៨២ ហើយបានចុះកុងត្រាជាមួយ Santos ក្នុងឆ្នាំ ១៩៨៦។ រូបគេបានបង្ហាញខ្លួនឱ្យជម្រើសជាតិជប៉ុនឆ្នាំ ១៩៩០ ហើយក៏បានជួយសាំម៉ូរៃជាប់កៅអីចូលប្រកួត World Cup លើកដំបូងក្នុងឆ្នាំ ១៩៩៨។ ជាមួយក្រុមជម្រើសជាតិជប៉ុន កីឡាករវ័យចំណាស់រូបនេះស៊ុតបញ្ចូលទី ៥៥គ្រាប់ ពីការបង្ហាញខ្លួន ៨៦លើក៕
Tag:
Japan Football
Kazuyoshi Miura
© រក្សាសិទ្ធិដោយ thmeythmey.com