ជាតិ
រដ្ឋបាលខេត្តក្រចេះ ជំរុញ​ការ​អភិវឌ្ឍតំបន់ទេសចរណ៍ និងការអភិរក្សផ្សោត ដើម្បីទាញទេសចរ
02, Feb 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖  ខេត្តក្រចេះ សម្បូរទៅដោយធម្មជាតិចម្រុះជាច្រើនកន្លែង ជាពិសេស សត្វផ្សោតទន្លេមេគង្គ ដែលជាផ្នែកយ៉ាងសំខាន់ក្នុងការទាក់ទាញទេសចរផងដែរ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្តក្រចេះ ក៏បានជំរុញលើការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ដែលមានក្នុងខេត្តសរុប ២១កន្លែងផងដែរ។



ខេត្តក្រចេះ មានព្រំប្រទល់ខាងត្បូងជាប់ខេត្តត្បូងឃ្មុំ ខាងជើងជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់ខេត្តមណ្ឌលគិរី និងប្រទេសវៀតណាម ចំណែកខាងលិចជាប់កំពង់ចាម និងកំពង់ធំ។ បច្ចុប្បន្ន ខេត្តក្រចេះ មាន​តំបន់ទេសចរណ៍ទាំង២១កន្លែង​ រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តចំនួន ៦កន្លែង, រមណីយដ្ឋានធម្មជាតិចំនួន ១១កន្លែង, រមណីយដ្ឋានវប្បធម៌ធម្មជាតិ ១កន្លែង និង​វប្បធម៌កែច្នៃចំនួន ៣​កន្លែង។
  

លោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក»។ រូបភាព៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

តំបន់ទេសចរណ៍ទាំងនោះមានដូចជា វត្តសសរ១០០, អន្លង់ផ្សោតកាំពី, ឆ្នេរកោះទ្រង់, សហគមន៍អេកូទេសចរណ៍កោះផ្តៅ, សហគមន៍អេកូទេសចរណ៍កោះសាមសិប, ភ្នំសុពណ៌កាឡី, សហគមន៍អេកូទេសចរណ៍ជួរតាចោរ ក្រហមក និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ព្រៃគគីភ្នំព្រះ ព្រមទាំងតំបន់ទេសចរណ៍ជាច្រើនទៀត។
 
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក» លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានលើកឡើងថា៖​ «ខេត្តកំពុងយកចិត្តទុកដាក់ និងជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ ដែលមាននៅក្នុងខេត្តសរុបចំនួន២១កន្លែងនេះ។ ទន្ទឹមនឹងនោះ ខេត្តក៏មានធនធានដ៏កម្រ គឺសត្វផ្សោតទឹកសាបត្រូវបានគ្រប់គ្រង និងអភិរក្ស ដោយបច្ចុប្បន្នសត្វផ្សោតរស់នៅប្រមាណ ៨០ក្បាល។ ហើយតំបន់នេះ ក៏កំពុងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកម្សាន្ត និងទស្សនា ដោយមានកំណើនជារៀងរាលឆ្នាំ»​។
 
បើតាម​អភិបាលខេត្តក្រចេះរូបនេះ វិស័យទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការបង្កើតការងារជូនពលរដ្ឋនៅតាម​មូលដ្ឋាន និងចំណូលផ្ទាល់ពីភ្ញៀវទេសចរ។ ជាក់ស្តែង ក្នុងឆ្នាំ២០២២ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរសរុប ៣៦៣ ៩១៧នាក់ ក្នុងនោះភ្ញៀវបរទេសមានចំនួន ៧ ០៦៥នាក់។ 
 
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ ក្នុងខែមករានៃសប្តាហ៍ទី១កន្លងមកនេះ ខេត្តក្រចេះមានចំនួន ២ ៥៣៥នាក់ក្នុងនោះមានភ្ញៀវជាតិមានចំនួន ២ ២៣៧នាក់  រីឯភ្ញៀវបរទេសមានចំនួន ២៩៨នាក់។ ដោយឡែក សប្តាហ៍ទី៤នេះ គឺទទួលបានទេសចរចំនួន ៧ ០៧០នាក់ ដោយភ្ញៀវជាតិមានចំនួន ៦ ៤៨៧នាក់ និងបរទេសចំនួន ៥៨៣នាក់ផងដែរ៕
 

Tag:
 ThmeyThmey25
  ខេត្តក្រចេះ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com