ជាតិ
សេដ្ឋកិច្ច
កម្ពុ​ជានឹង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន ៥ទីតាំង នៅ​ប្រទេស​ចិន​
02, Feb 2023 , 8:59 pm        
រូបភាព
លោក ប៉ាន សូរ​ស័ក្តិ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ ២០២២ ​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ៣១ ខែមករា។ រូបថត​៖ MoC
លោក ប៉ាន សូរ​ស័ក្តិ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ ២០២២ ​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ៣១ ខែមករា។ រូបថត​៖ MoC
ក្រសួងពាណិជ្ជកម្ម​មាន​ផែនការ​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​ចំនួន ៥ ​ទីតាំងនៅ​ប្រទេសចិន ដើម្បី​ផ្សព្វផ្សាយ និង​ជំរុញ​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ ទៅកាន់​ទីផ្សារ​ប្រទេសមហាអំណាចមួយនេះ​ថែមទៀត។​ ផែនការនេះ ធ្វើឡើងក្នុងគោលដៅ​ទាញយក​​ឧ​ត្ត​ម​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ​ដែលប្រទេស​ទាំងពីរ​កំពុង​អនុវត្ត​។

 
ជា​យុទ្ធសាស្ត្រ​សមាហរណកម្ម និង​ពិពិធ​កម្ម​ទីផ្សារ កន្លងមកក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ និង​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅក្នុង​ក្រុង Atsugi នៃ​ខេត្ត Kanagawa ប្រទេស​ជប៉ុន ​ដើម្បី​ដាក់តាំង​បង្ហាញ និង​លក់​ផលិតផល​កម្ពុជា​ជា​អចិន្រ្ដៃ​យ៍។ ​ជំហាន​បន្ទាប់ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជនកម្ពុជានឹងពង្រីកដល់​ប្រទេស​ចិន​។​ នេះបើតាមការលើកឡើងរបស់លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម។ 
 
​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​២០២២ និង​ទិសដៅ​ការងារ​ពាណិជ្ជកម្ម​ឆ្នាំ​ ២០០៣ ដែល​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​ ៣១មករា លោក ប៉ាន សូរស័ក្ត មានប្រសាសន៍ថា៖«​​បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម​កំពុងរៀបចំរាយការណ៍ ស្តីពីការចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា៥ទីតាំង គឺនៅទីក្រុងឆាងឈុន ហាបីន ណានជីង ថាយយាន និងចឹងចូវ ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការលក់ផលិតផលកម្ពុជានៅលើទីផ្សារប្រទេសចិនបន្ថែមទៀត»។
 
ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជន​នៅក្រៅ​ប្រទេស​នេះ ត្រូវបានលោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាមើលឃើញថា ជាការ​ផ្តល់​ផលចំណេញ​ដល់សេដ្ឋកិច្ចកម្ពុជា។ លោកបាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទដូច្នេះ៖ «ព្រោះ​ទីតាំង​ទាំងនោះ ក្រៅតែ​ជា​កន្លែង​តាំង​លក់ ឬ​ផ្សព្វផ្សាយ​ផលិតផល​កម្ពុជា​ហើយនោះ ក៏អាច​ជា​កន្លែង​ជួបពិភាក្សា កន្លែង​ផ្តល់ព័ត៌មាន​ពី​សក្តានុពល និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា ផងដែរ»។​
 
បើតាមអនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ឯកជន​កម្ពុជា​នៅ​តំបន់​សំខាន់ៗ​ក្នុងប្រទេស​ចិន​ នឹង​ជួយ​ដល់ការនាំចេញទំនិញរបស់​កម្ពុ​ជាទៅកាន់​ទីផ្សារមហាអំណាចមួយនេះ​កាន់តែច្រើន​ ។ អ្វីកាន់តែពិសេសទៅទៀតនោះ គឺកម្ពុជា-ចិន មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដែល​ចូល​ជា​ធរមាន​កាលពីដើមឆ្នាំ​២០២២​ មក​។
 
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ពេញមួយឆ្នាំ២០២២ ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិនសម្រេចបានដល់ទំហំ១១ ៦៨៦លានដុល្លារអាម៉េរិក កើនក្នុងរង្វង់៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងននោះ ចិននាំទំនិញចូលកម្ពុជាមានតម្លៃដល់១០ ៤៤៥លានដុល្លារអាម៉េរិក ខណៈកម្ពុជានាំទៅចិនវិញ គឺសម្រេចបានជាង១ ២៤០លានដុល្លារប៉ុណ្ណោះ៕ 

© រក្សាសិទ្ធិដោយ thmeythmey.com