អន្តរជាតិ
ហ្វីលីពីន ផ្ដល់សិទ្ធិឱ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពច្រើនជាងមុន 
ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ជួបរដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន។ រូបថត AFP
×![]()
ហ្វីលីពីន សម្រេចឱ្យយោធាអាម៉េរិកប្រើប្រាស់មូលដ្ឋានយោធារបស់ខ្លួនច្រើនជាងមុន ស្របពេលដែល អាមេរិក និងសម្ព័ន្ធមិត្តកំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងលើការបង្កើនកម្លាំងចិនតំបន់មានជម្លោះនៅសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់។
ស្របគ្នានឹងទស្សកិច្ចរដ្ឋមន្ត្រីការពារជាតិអាម៉េរិក ឡយ អូស្ទីន នៅហ្វីលីពីន រដ្ឋាភិបាលទីក្រុងម៉ានីល ក៏ប្រកាសបើកសិទ្ធិឱ្យយោធាអាម៉េរិកប្រាស់ទីតាំងមូលដ្ឋានយោធារបស់ខ្លួនចំនួន៤បន្ថែមទៀតក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ឆ្នាំ២០១៤។ បន្ថែមពីនេះ អាមេរិកបានបែងចែកថវិកាច្រើនជាង៨២លានដុល្លារសម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅទីតាំងចំនួនប្រាំដែលស្ថិតក្រោមកិច្ចព្រមព្រៀង EDCA នេះដែរ។
ទន្ទឹមនេះក្រោមកិច្ចព្រមព្រៀង EDCA យោធាអាមេរិកអាចចូលប្រើប្រាស់មូលដ្ឋានទ័ពនៅហ្វីលីពីនសម្រាប់ការហ្វឹកហាត់ ការកំណត់ទីតាំងគ្រឿងបរិក្ខារជាមុន ការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវហោះហើរ កន្លែងផ្ទុកប្រេងឥន្ធនៈ និងសម្ភារយោធា ប៉ុន្តែនឹងមិនមានវត្តមានអចិន្ត្រៃយ៍នោះទេ។
នៅហ្វីលីពីន លោក អូស្ទីន បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិហ្វីលីពីន Carlito Galvez ខណៈដែលទីក្រុងវ៉ាស៊ីនតោនស្វែងរកការពង្រីកជម្រើសសន្តិសុខរបស់ខ្លួនដែលជាផ្នែកនៃកិច្ចខិតខំដើម្បីរារាំងរាល់ទង្វើរបស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ និងក្នុងជម្លោះសមុទ្រចិនខាងត្បូងផងដែរ។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ប្រទេសទាំង២ មិនបានបញ្ជាក់ទីតាំងថ្មីឡើយ។ កន្លងមក អាមេរិកបានស្នើសុំចូលទៅកាន់មូលដ្ឋាននៅលើដីភាគខាងជើងនៃកោះ Luzon ដែលជាផ្នែកជិតបំផុតរបស់ហ្វីលីពីនទៅកោះតៃវ៉ាន់ និងនៅលើកោះ Palawan ដែលប្រឈមមុខនឹងប្រជុំកោះ Spratly នៅក្នុងសមុទ្រចិនខាងត្បូង៕
© រក្សាសិទ្ធិដោយ thmeythmey.com