ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
អតីតរដ្ឋមន្រ្តីទេសចរណ៍ ៖ មនុស្សត្រូវស្គាល់ខ្លួនឯង ទើបដឹងពីទិសដៅជោគជ័យ
03, Feb 2023 , 8:59 am        
រូបភាព
លោក  វ៉េង  សិរីវុឌ្ឍ  ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា  ( អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍)  រូបភាពពី សារព័ត៌មានថ្មីៗ
លោក វ៉េង សិរីវុឌ្ឍ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ( អតីតរដ្ឋមន្រ្តីក្រសួងទេសចរណ៍) រូបភាពពី សារព័ត៌មានថ្មីៗ
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ សៀវភៅ«គ្មាននរណាកើតមកក្រទេ» បង្ហាញពីការតស៊ូ និងជម្នះឧបសគ្គ តាមរយៈចំណេះដឹង ដែលទទួលបានពីការរៀនសូត្រ ។ សៀវភៅនេះ ជាការនិពន្ធពីរសជាតិជីវិតពិត របស់លោក វ៉េង សិរីវុឌ្ឍ ដែលវិវត្តន៍ខ្លួនពីក្មេងធាក់ស៊ីក្លូ ក្លាយជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅឆ្នាំ១៩៩៣ និងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ នៅអាណត្តិទី៣ ។ បើតាមលោក វ៉េង សិរីវុឌ្ឍ សៀវភៅនេះ គឺចង់ឱ្យមនុស្សមានស្មារតីស្គាល់ខ្លួនឯងជាមុនសិន ទើបអាចរុញច្រានជីវិតទៅរកភាពប្រសើរឡើង ។ សម្រាប់អ្នកនិពន្ធរូបនេះ មាសប្រាក់ ទ្រព្យសម្បត្តិ គឺជារបស់ក្រៅខ្លួននោះទេ ដូច្នេះការស្គាល់ខ្លួនឯងច្បាស់ ទើបអាចកំណត់យករបស់ទាំងនោះបាន។



 លោក វ៉េង សិរីវុឌ្ឍ  ក្នុងបទសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ   រូបភាពពីសារព័ត៌មានថ្មីៗ.
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង វាគ្មិន លោក វ៉េង សិរីវុឌ្ឍ  ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ជាមួយ កញ្ញា សុង សុធាវី  អ្នកសម្របសម្រួលកម្មវិធី «គំនិតថ្មី» នៃសារព័ត៌មានថ្មីៗ ដូចតទៅ៖ 




 
កញ្ញា​ សុង សុធាវី៖ ខ្ញុំបានឃើញចំណាប់អារម្មណ៍ជាច្រើន ពិសេសពីយុវជនកម្ពុជាយើង ចំពោះការកោតសរសើរនូវភាពតស៊ូ ប្រឹងប្រែងជម្នះរាល់ឧបសគ្គរបស់ឯកឧត្តម ពីក្មេងធាក់ស៊ីក្លូ រហូតក្លាយជារដ្ឋមន្រ្តីក្រសួងទេសចរណ៍, ក្រសួងវប្បធម៌ ,ទេសរដ្ឋមន្រ្តី។ល។ ចង់ដឹងពីអត្ថន័យសៀវភៅនេះ សម្រាប់ឯកឧត្តមដែលជាម្ចាស់ស្នាដៃ តើខ្លឹមសារពិតប្រាកដចង់សំដៅលើអ្វី?
 
លោក វ៉េង សិរីវុឌ្ឍ៖ ពាក្យថា «គ្មានអ្នកណាកើតមកក្រទេ» ទី១ ខ្ញុំហ្នឹងហើយអ្នកក្រ មានអ្នកណាក្រទៀត! រស់នៅធាក់ស៊ីក្លូ វាក្រហើយ! ប៉ុន្តែខ្ញុំចេះតែសួរខ្លួនឯងនូវពាក្យថាក្រហ្នឹងមានន័យយ៉ាងម៉ិច?  ដូចនេះសៀវភៅហ្នឹង ខ្ញុំចង់ទម្លាយអាថ៌កំបាំងជីវិតទៅចុះ! ដូចនេះពាក្យថាក្រហ្នឹង វាជារសជាតិជីវិត ឬក៏ជាដំណើរជីវិតរបស់មនុស្ស។ល។ ប៉ុន្តែសៀវភៅ «គ្មានអ្នកណាកើតមកក្រទេ» ខ្ញុំមិនសំដៅរសជាតិជីវិត ទ្រព្យសម្បត្តិ ផ្ទះសម្បែង ឡាន វីឡា អីអត់ទេ តែខ្ញុំសំដៅទៅលើស្មារតីរបស់មនុស្ស។ គ្មាននរណាកើតមកក្រទេ  ព្រោះយើងមានស្មារតី។ 
 
កញ្ញា សុង សុធាវី៖ ឯកឧត្តម ចុះសម្រាប់អ្នកដែលបាត់បង់ស្មារតី ហើយកំពុងតែងងងឹតងងល់ តើមានជាការកសាងកម្លាំងចិត្ត សមត្ថភាពគាត់បែបណាវិញ?
 
លោក វ៉េង សិរីវុឌ្ឍ៖ ស្មារតីនៃភាពរឹងមាំ ជឿជាក់លើខ្លួនឯង ឱ្យតម្លៃលើខ្លួនឯង មានក្តីស្រមៃ មានក្តីសង្ឍឹម ហើយចំណុចហ្នឹងគឺខ្ញុំដកស្រង់ខ្លីពីដូនតាយើង ដែលលោកជាអ្នកសាងអង្គរ។  គាត់លំបាកណាស់ គាត់ស៊ូណាស់ តែគាត់មិនដែលត្អូញត្អែរ ឬ និយាយថាទៅមិនរួចនោះទេ។ ការលះបង់ ភាពរឹងមាំ ក្តីស្រមៃថាអាចធ្វើបាន ក្តីសង្ឍឹមថាអាចធ្វើបាន ធ្វើបានមែន! ដូច្នេះហ្នឹងហើយ ជាស្មារតីរបស់យើង ដែលមិនមែនក្រទេ។ ប្អូនដែលថាកំពុងងងឹង បាក់ទឹកចិត្ត តែនេះជារសជាតិនៃជីវិតទេ។ មនុស្សយើងត្រូវតែចេះឆ្លុះបញ្ចាំងត្រង់ចំនុចហ្នឹង។ សង្ខេបមកវិញ មិនអីទេ អាហ្នឹងជាដំណើរ រសជាតិនៃជីវិត។ 
 
កញ្ញា សុង សុធាវី៖  សៀវភៅគ្មានអ្នកណាកើតមកក្រទេ មានមនុស្សច្រើនដែលគិតថា លំបាកខ្លាំង ហើយយកជាគំរូសម្រាប់ពួកគេក្នុងការអភិវឌ្ឍន៍ខ្លួន។ តែអ្នកខ្លះលើកឡើងថា កម្រិតប៉ុណ្ណឹងមិនទាន់លំបាកទេ មានអ្នកខ្លះលំបាកជាងហ្នឹងទៀត  ដែលមនុស្សយើងមកពីប្រភពខុសគ្នា បញ្ហាជួបខុសៗគ្នា តើខ្លឹមសារសៀវភៅនេះអាចយកទៅប្រើប្រាស់សម្រាប់មនុស្សទូទៅបានដែរ ឬ ទេ? 
 
លោក វ៉េង សិរីវុឌ្ឍ៖ បាទ ការឆ្លងកាត់ក្នុងដំណើរជីវិតវាមានភាពខុសៗគ្នា មិនដូចគ្នាទេ។ ពាក្យថាមានប្រយោជន៍អ្វីខ្លះនេះ បើចំពោះខ្ញុំ គ្រាន់តែជាការឆ្លុះបញ្ចាំង ហើយអ្នកអានអាចឆ្លុះបញ្ចាំងបាន។ ឆ្លុះបញ្ចាំងទៅអ្វីដែលជីវិតគាត់បានឆ្លងកាត់? អ្វីដែលខ្ញុំបានឆ្លងកាត់? គិតខ្លួនឯងទៅ បើលោកគិតថាលំបាក ហើយថាងងឹង លោកថាចប់ហើយ អាហ្នឹងដូចអត់ត្រូវទេ!  ព្រោះខ្ញុំបានបង្ហាញថា អាហ្នឹងវាអត់ងងឹតពេកទេ ហើយក៏វាអត់ចប់ដែរ។ ឆ្នាំ១៩៧៣ ខ្ញុំគ្រាន់តែជាអ្នករត់ស៊ីក្លូម្នាក់ដាក់ភ្ញៀវនៅរ៉ាហ្វុល ដាក់ចុះ ហើយត្រឡប់ទៅវិញៗ តែឆ្នាំ ១៩៩៣ ខ្ញុំបានចូលទៅទីហ្នឹងវិញជារដ្ឋមន្រ្តីក្រសួងទេសចរណ៍។ ហ្នឹង សួរថា ខ្ញុំឆ្លាត ពូកែ ឈ្លាសវៃ គឺមិនមែនទេ គ្រាន់តែខ្ញុំប្រើរយៈពេល២០ឆ្នាំហ្នឹងថា អ្វីដែលចាំបាច់ និងមានប្រយោជន៍។ ការរៀនសូត្រ ការសង្កេត ស៊ូ រៀបចំខ្លួន ដុសខាត់នូវអ្វីដែលយើងខ្វះ នោះដំណើរជីវិតនឹងរុញយើងឱ្យទៅឯង។  
 
កញ្ញា សុង  ​សុធាវី ៖ លោក ចាប់ផ្តើមជីវិតក្នុងដំណាក់កាលលំបាក អាចថាពីចំនុចសូន្យមក ហើយអភិវឌ្ឍខ្លួនក្លាយជាអ្នកដឹកនាំ និងបន្តពីតំណែងមួយទៅមួយ មិនមែនជារឿងសាមញ្ញទេ តើលោកមានជាគោលគំនិតសម្រាប់ជីវិតខ្លួនឯងបែបណាដែរ? 
 
លោក វ៉េង សិរីវុឌ្ឍ៖  មានន័យថា យើងតបស្នងសងគុណ យើជាកូនខ្មែរជាមនុស្សដឹងគុណ ហ្នឹងហើយទឹកចិត្តខ្មែរ។ ដូចនេះ ខ្ញុំដូចជាបងប្អូនខ្មែរច្រើនលើសលប់ តាមផ្នែករៀងៗខ្លួន។ 
 
កញ្ញា សុង សុធាវី៖ លោកឆ្លងកាត់រឿងទាំងនេះ ហើយបានកសាងប្រយោជន៍ សម្រាប់ខ្លួនឯង គ្រួសារ និង សង្គម តែយើងមើលមក ២០  ៣០ ឆ្នាំក្រោយនេះវិញ ឃើញថាយុវជនកម្ពុជាយើងមានឱកាសច្រើន!  រវាងកូនអ្នកក្រ និងកូនអ្នកមាន តើកូនអ្នកក្រគួរធ្វើដូចម្តេច ដើម្បីទទួលបានឱកាសការងារល្អដូចគេ ហើយពាក្យថាខ្សែរនៅតែមានប្រសិទ្ធភាពទេនាសម័យបច្ចុប្បន្ននេះ? 
 
លោក វ៉េង សិរីវុឌ្ឍ៖ យើងជាកូនអ្នកក្រជាការពិតយើងខ្វះច្រើន! ខ្វះសឹងតែគ្រប់មុខ! តែសួរថាយើងខ្វះហ្នឹងជីវិតយើង វាចប់ត្រឹមហ្នឹងហើយ?  អត់មានអនាគតទៅមុខរួចទេ? អាហ្នឹងក៏ជាការយល់ខុសដែរ។ ទោះបីយើងជាកូនអ្នកក្រ តែយើងមានគ្រប់បែបយ៉ាង ដែលជាស្មារតីរបស់មនុស្ស ហើយភាពឆ្លាត ពូកែ ក៏មិនខ្លាំងស្មើនឹងស្មារតីជាមនុស្សរបស់យើងដែរ។ យុវជនសាកល៍មើល យប់ហ្នឹងងូតទឹកឱ្យស្អាត ហើយឆ្លុះកញ្ចក់ រួចសួរខ្លួនឯងថា ខ្លួនជាអ្នកណា? គ្រាន់តែដឹងថាខ្លួនជាពូជ ហើយជាកូនចៅអ្នកសាងអង្គរ នោះកម្លាំងចិត្តមិនដឹងថាបានមកពីណាទេ! ហ្នឹងហៅថា ថាមពល ឬ កម្លាំងចិត្ត។ ស្អែកធ្វើវាទៅ ហើយមើលទៅថានៅខ្វះអ្វីខ្លះ? ឱកាសសម្បើមណាស់រាល់ថ្ងៃនេះ! សម័យនេះចេះភាសាមួយមិនគ្រប់ទេ ហើយត្រូវចេះឱ្យប្រាកដ អាចយកទៅប្រើការបានផងណា ព្រោះការនិយាយវាជាតម្លៃរបស់យើង។ យើងចង់ទៅមុខ យើងចង់ឈប់ក្រ តែភាសានិយាយទៅរតិចរតុបស្តាប់មិនចង់បាន! ខ្ញូំរៀនអង់គ្លេសហែកជញ្ចាំរៀន តែអស់លោករៀននៅសម័យអិនធឺណេតនេះហើយ ហើយភាសានៅរតិបរតុប យើងឧទាហរណ៍ថាបែបនេះចុះ។ អ៊ីចឹងថា ក្រខួក្បាល វាមិនមែនទេ តែក្រទម្លាប់ ក្រគំនិត ដូនតានិយាយយូរហើយតើរឿងហ្នឹង! ដូចនេះ រឿងអ្នកក្រអ្នកមានជារឿងរបស់គេទេ តែរឿងអ្នកក្រជារឿងរបស់យើង ហ្នឹងហើយការពិត ចូលកែការពិតពីខ្លួនយើងទៅ តាមរយៈការរៀនសូត្របន្ថែម ហើយរៀនជាប់ជាប្រចាំ បំពេញបន្ថែមរហូត មិនមែនរៀនប៉ុណ្ណឹងចប់ទេ! ព្រោះការវិវត្តន៍មិនចេះឈប់។  ដូចនេះ ឱ្យយល់ដឹងបន្ថែមទៀត ឱ្យការគិតរឹតតែអស្ចារ្យថែមទៀត ឯចំណេះដឹងទូទៅឱ្យរឹតតែខ្លាំងថែមទៀត ពិសេសបំផុតក្នុងសម័យនេះគឺការទំនាក់ទំនង មនុស្សមិនរស់ម្នាក់ឯងទេ ព្រោះយើងមិនមែនរស់នៅលើកោះ។ ជំហានណាក៏ដោយ យើងតែងតែធ្វើការជាមួយមនុស្ស ហើយពាក្យថាសិល្បៈក្នុងការទាក់ទងឈប់និយាយទៅចាប់ពីថ្ងៃនេះ តែគួរប្រើពាក្យថា ការប្រាស្រ័យទាក់ទងវិញ។  គេចូលចិត្តស្តាប់យើង និយាយមានប្រយោជន៍ ព្រោះចេះដឹងច្រើន ហើយគេចង់ជួបយើងម្តងទៀត ហ្នឹងហើយហៅថាការទំនាក់ទំនង។ កាលណាទំនាក់ទំនងការងារយើងបានល្អ ៨០% ត្រូវបានស្រាយហើយ ឯ ២០% ទៀត គ្រាន់តែជាវិធីសាស្រ្តទេ៕   
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com