អន្តរជាតិ
យោធាមីយ៉ាន់ម៉ា ប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងក្រុងចំនួន ៣៧
03, Feb 2023 , 10:47 am        
រូបភាព
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព​ AFP
លោក មីន អ៊ុងឡាំង ប្រមុខយោធាមីយ៉ាន់ម៉ា។ រូបភាព​ AFP
យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែកុម្ភៈ បានប្រកាសឱ្យប្រើច្បាប់អាជ្ញាសឹកនៅក្នុងក្រុងជាច្រើន ដែលភាគច្រើនស្ថិតក្រោមការប៉ះទង្គិចជាមួយក្រុមប្រឆាំង។ ការប្រកាសប្រើច្បាប់មួយនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយយោធាបានបន្តដាក់ប្រទេសក្នុងស្ថានភាពអាសន្ន។

 
ស្ថានភាពនយោបាយនៅមីយ៉ាន់ម៉ា មិនទាន់មានភាពល្អប្រសើរឡើយ ខណៈការបោះឆ្នោតក្នុងប្រទេសនៅតែមិនទាន់មានភាពច្បាស់លាស់ ក្រោយយោធាបានបន្តដាក់ប្រទេស ក្នុងស្ថានភាពអាសន្នរយៈពេល ៦ខែ។ ប៉ុន្មានថ្ងៃបន្ទាប់ យោធាមីយ៉ាន់ម៉ា បានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួនថែមទៀត។ 
 
តាមកញ្ចក់ទូរទស្សន៍រដ្ឋ MRTV លោក  Aung Lin Dwe លេខាធិការនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានប្រកាសប្រើច្បាប់អាជ្ញាសឹកនៅក្នុងក្រុងចំនួន ៣៧ នៅទូទាំងតំបន់ចំនួន ៨ នៃតំបន់ចំនួន១៤ របស់មីយ៉ាន់ម៉ា។ ភាគច្រើននៃតំបន់ទាំងនោះ កំពុងមានការប៉ះទង្គិចរវាងយោធា និងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលស្រមោល។ 
 
ជាក់ស្តែង ក្រុងចំនួន៧ នៅតំបន់Sagaing និងក្រុងចំនួន៧ ក្នុងរដ្ឋ Chin ដែលស្ថិតនៅភាគខាងជើងប្រទេស ជាតំបន់ប្រយុទ្ធដ៏តានតឹងមួយរវាងយោធា និងកម្លាំងការពារប្រជាជនរបស់រដ្ឋាភិបាលបង្រួបបង្រួមជាតិ។ ចាប់តាំងពីមានរដ្ឋប្រហារនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក យោធាមីយ៉ាន់ម៉ា តែងតែប៉ះទង្គិចជាមួយក្រុមមួយនេះ និងក្រុមជនជាតិភាគតិចមួយចំនួន។ 
 
ក្នុងសេចក្តីថ្លែងការណ៍មួយ លោក Aung Lin Dwe បាននិយាយការពារថា វាពិតជាសំខាន់ណាស់ ក្នុងការប្រើច្បាប់អាជ្ញាសឹកនៅក្នុងតំបន់ទាំងនោះ ដើម្បីរក្សាសន្តិសុខ និងអនុវត្តនីតិរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
បើច្បាប់អាជ្ញាសឹកនេះ ត្រូវបានអនុវត្ត រាល់ច្បាប់ផ្សេងទៀត នឹងត្រូវបានព្យួរ ហើយយោធានឹងមានអំណាចពេញទីលើវិស័យមួយចំនួន ដូចជារដ្ឋបាល តុលាការ និងការពង្រឹងច្បាប់។ 
 
ស្របពេលមីយ៉ាន់ម៉ា មិនទាន់មានច្រកចេញផ្នែកនយោបាយបែបនេះ ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Noeleen Heyzer ក្នុងថ្ងៃទី៣០ ខែមករា ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានCNA បានអះអាងថា លោកស្រីមានគម្រោងជួបជាមួយសមាជិកអាស៊ាន និងប្រទេសជិតខាងមីយ៉ាន់ម៉ា ដើម្បីបង្កើតក្របខណ្ឌការពារតំបន់មួយ ដើម្បីជួយប្រជាជនដែលរងគ្រោះពីវិបត្តិ។ បើតាមប្រេសិតរបស់អង្គការសហប្រជាជាតិរូបនេះ ប្រសិនបើអាច វាគួរតែមានប្រព័ន្ធតាមដានមួយនៅក្នុងតំបន់ ដើម្បីឃ្លាំមើលពីអំពើហិង្សានៅមីយ៉ាន់ម៉ា និងកាត់បន្ថយវា។ 
 
បន្ថែមពីនេះ លោកស្រី Noeleen Heyzer ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងតំបន់ រួបរួមគ្នាជុំវិញបញ្ហាមនុស្សធម៌ និងដាក់សម្ពាធលើរបបសឹកឱ្យបញ្ឈប់អំពើហិង្សា ស្តាប់មតិប្រជាជន និងត្រលប់ទៅរកប្រជាធិបតេយ្យវិញ។ 
 
សូមបញ្ជាក់ ឥណ្ឌូណេស៊ី ក្នុងថ្ងៃទី៣ ខែកុម្ភៈ ត្រូវចាប់ផ្តើមក្នុងនាមជាប្រធានផ្លាស់វេនអាស៊ាន តាមរយៈកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៅលេខាធិការដ្ឋានអាស៊ាន ក្នុងក្រុងហ្សាការតា។ តាមការបញ្ជាក់របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi រដ្ឋាភិបាលរបស់ខ្លួន នឹងប្តេជ្ញាជួយមីយ៉ាន់ម៉ា តាមរយៈភាពជាប្រធានផ្លាស់វេនរបស់ខ្លួន៕ 
 

Tag:
 មីយ៉ាន់ម៉ា
  យោធា
© រក្សាសិទ្ធិដោយ thmeythmey.com