អន្តរជាតិ
អូស្ត្រាលីនឹងជំនួសព្រះមហាក្សត្រីយ៍លើក្រដាសប្រាក់ដោយការរចនាគោរពជនជាតិដើម 
ក្រដាសប្រាក់ ៥ដុល្លារអូស្រ្តាលី។ រូបភាព AFP
×![]()
អូស្ត្រាលីនឹងជំនួសព្រះឆាយាល័ក្ខណ៍នៃម្ចាស់ក្សត្រីយ៍អេលីហ្សាបែតទី២ (Elizabeth II) លើក្រដាសប្រាក់៥ដុល្លារអូស្ត្រាលី ដោយការរចនាថ្មី ដើម្បីឆ្លុះបញ្ចាំងនិងគោរពដល់ប្រវត្តិសាស្ត្រនៃវប្បធម៌ជនជាតិដើមរបស់ខ្លួន។ ធនាគារកណ្ដាលអូស្ត្រាលីបានលើកឡើងបែបនេះនៅថ្ងៃទី២ ខែកុម្ភៈ។
ក្នុងសេចក្ដីថ្លែងការណ៍មួយរបស់ធនាគារកណ្ដាលអូស្ត្រាលី ការសម្រេចចិត្តផ្លាស់ ប្តូររូបលើក្រដាសប្រាក់៥ដុល្លារអូស្ត្រាលី ត្រូវបានធ្វើឡើងបន្ទាប់ពីការពិគ្រោះជាមួយរដ្ឋាភិបាលសហព័ន្ធដែលបានគាំទ្រការផ្លាស់ប្ដូរ។ ផ្នែកម្ខាងនៃក្រដាសប្រាក់នឹងរចនាពីវប្បធម៌ជនជាតិដើម ហើយម្ខាងទៀតនឹងដាក់រូបសភាអូស្ត្រាលី។
អាជ្ញាធរអូស្ត្រាលីបានលើកឡើងថា ក្រោយពីការសោយទិវង្គតរបស់ម្ចាស់ក្សត្រីយ៍អេលីហ្សាបែត ព្រះឆាយាល័ក្ខណ៍របស់របស់ព្រះអង្គម្ចាស់ឆាលស៍ (Charles) មិនបានជំនួសម្ចាស់ក្សត្រី ដោយស្វ័យប្រវត្តិនោះឡើយ។ ការសម្រេចចិត្តដាក់ព្រះឆាយាល័ក្ខណ៍ម្ចាស់ក្សត្រីយ៍ពេលនោះ គឺដោយសារតែបុគ្គលិកលក្ខណៈជាជាងឋានៈជាព្រះមហាក្សត្រ។
ប្រធានបក្សប្រឆាំងគណបក្សសេរីនិយមលោក Peter Dutton បានរិះគន់ថា ចំណាត់ការរបស់ ធនាគារកណ្ដាល គឺជំរុញដោយនយោបាយ តែមិនបានបរិយាយច្បាស់ថាយ៉ាងណានោះឡើយ។
ធនាគារជាតិ ត្រូវពិភាក្សាជាមួយជនជាតិដើម ក្នុងការរចនារូបភាព ហើយនឹងត្រូវការរយៈពេល ជាច្រើនឆ្នាំ ដើម្បីរចនា និងបោះពុម្ភក្រដាស់ប្រាក់ថ្មី។ រហូតដល់ពេលនោះ ក្រដាស់ប្រាក់បច្ចុប្បន្ន នឹងត្រូវដំណើរការជាធម្មតាសិន។
ក្រដាសប្រាក់៥ដុល្លារអូស្ត្រាលីគឺជាក្រដាសប្រាក់អូស្ត្រាលីតែមួយគត់ដែលដាក់រូបម្ចាស់ក្សត្រីអង់គ្លេស។ កាសអូស្ត្រាលីត្រូវបានកំណត់ឱ្យដាក់ព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រអង់គ្លេស ហើយកាក់ថ្មី នឹងមានឆាយាល័ក្ខណ៍ព្រះអង្គឆាលស៍។
គួររំលឹកថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោកអាន់តូនី អាល់បានីស ជាអ្នកប្រកាន់យករបបសាធារណរដ្ឋ តាំងពីដើមមក ទោះបីជាយ៉ាងណាក៏ដោយក្រោយការសោយទិវង្គតរបស់ព្រះមហាក្សត្រីយ៍កាលពីខែកញ្ញាលោកអាល់បានីស បានបញ្ជាក់ថាមិនទាន់ដល់ពេលដែលត្រូវពិភាក្សាពីតួនាទីនៃព្រះមហាក្សត្រនៅអូស្ត្រាលីឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com