អន្តរជាតិ
មន្ទីរបញ្ចកោណថា បាឡុងស៊ើបការណ៍ចិនហោះចូលដែនអាកាសអាម៉េរិក
03, Feb 2023 , 2:59 pm        
រូបភាព
មន្ទីរបញ្ចកោណថតពីលើអាកាស។ រូបថត Xinhua
មន្ទីរបញ្ចកោណថតពីលើអាកាស។ រូបថត Xinhua
មន្ត្រីការពារជាតិអាម៉េរិក នៅថ្ងៃទី២ ខែកុម្ភៈ បានលើកឡើងថា បាឡុងចារកម្មរបស់ចិនបានហោះចូលដែនអាកាសអាម៉េរិក ហើយត្រូវបានឃើញពេលហោះដល់លើមូលដ្ឋានទ័ពអាកាសនៅទីក្រុងមួយក្នុងរដ្ឋ Montana។ អាម៉េរិកសម្រេចចិត្តមិនបាញ់ទម្លាក់បាឡុងនោះឡើយ ដោយបារម្ភពីសុវត្ថិភាពមនុស្សខាងក្រោម។



នៅប៉ុន្មានថ្ងៃមុនមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន ទៅទីក្រុងប៉េកាំង មន្ទីរបញ្ចកោណ នៅថ្ងៃទី២ ខែកុម្ភៈ បានចេញសេចក្ដីថ្លែងការណ៍ថា ចិនបានបង្ហោះបាឡុងចារកម្មគួរឱ្យសង្ស័យមួយចូលមកដែនអាកាសអាម៉េរិក។ 
 
បើតាមការលើកឡើងរបស់មន្ត្រីការពារជាតិអាម៉េរិក បាឡុងនោះត្រូវបានឃ្លាំមើលរយៈពេល២ថ្ងៃមកហើយចាប់តាំងពីហោះដល់មូលដ្ឋានទ័ពអាកាស 341st missile wing ដែលមានទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរផងក្នុងរដ្ឋ Montana ដោយហោះក្នុងរយៈកម្ពស់ខ្ពស់។ បាឡុងរបស់ចិនត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ដោយប្រើយន្តហោះដែលមានមនុស្សបើក។ 
 
«រដ្ឋាភិបាលអាម៉េរិកបានរកឃើញ និងកំពុងតាមដានបាឡុងចារកម្មហោះក្នុងរយៈកម្ពស់ខ្ពស់ ដែលកំពុងស្ថិតនៅលើទ្វីបអាម៉េរិកនាពេលនេះ។ បច្ចុប្បន្ន បាឡុង​មិន​បង្ហាញ​​ការ​គំរាមកំហែង​ផ្នែក​យោធា និងប៉ះពាល់អ្វីដល់​មនុស្ស​នៅ​លើ​ដី​ឡើយ»។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានប្រាប់អ្នកសារព័ត៌មានបែបនេះ។
 
មេដឹកនាំយោធាអាម៉េរិកបានផ្តល់យោបល់ដល់ប្រធានាធិបតី ចូ បៃឌិន មិនឱ្យបាញ់ទម្លាក់បាឡុងនោះឡើយដោយភ័យខ្លាចថាកម្ទេចកម្ទីសេសសល់ពីការបាញ់ ប៉ះពាល់ដល់សុវត្ថិភាពប្រជាជនខាងក្រោម។ លោក បៃឌិន ទទួលយកយោបល់នេះ។ លើសពីនេះ ជើងហោះហើរចេញពីអាកាសយានដ្ឋាន Billings Logan នៃរដ្ឋ Montana ត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី១ ខែកុម្ភៈ។
 
បើតាមមន្ត្រីរបស់មន្ទីរបញ្ចកោណ ខ្លួនមានទំនុកចិត្តខ្ពស់ថាបាឡុងនោះប្រាដកជារបស់ចិន ដោយមិនបានបញ្ជាក់ពីមូលហេតុនាំឱ្យមានការសន្និដ្ឋានបែបនេះឡើយ។ 
 
តាមពិត បាឡុង​ចារកម្ម​ត្រូវបានអាម៉េរិក​រកឃើញជាច្រើន​ដង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប៉ុន្តែ​បាឡុងមួយ​នេះ​ហាក់នៅក្នុងដែនអាកាសអាម៉េរិកបានយូរជាងករណីមុនៗ។ នេះបើតាមការលើកឡើងរបស់មន្ត្រីជំនាញកិច្ចការចិននៃមូលនិធិការពារប្រជាធិបតេយ្យ លោក Craig Singleton។ 
 
ប្រមុខការបរទេសអាម៉េរិក អាន់តូនី ប្លីងខិន នឹងធ្វើទស្សនកិច្ចនៅចិននៅថ្ងៃទី៥ និងថ្ងៃទី៦ ខែកុម្ភៈ ​ស្របតាមការ​ព្រមព្រៀង​ក្នុង​ខែ​វិច្ឆិកា​រវាង​លោក បៃឌិន និង​ប្រធានាធិបតី​ចិន ស៊ី ជិនភីង។ វាមិនច្បាស់ទេថាការរកឃើញបាឡុងចារកម្មចិនអាចប៉ះពាល់ដល់ជំនួបនោះឬយ៉ាងណា។ ពេលនេះមន្ត្រីអាម៉េរិក កំពុងទាក់ទងទៅមន្ត្រីចិនពិភាក្សាជុំវិញបញ្ហាបាឡុងនេះ។ 
 
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងអាម៉េរិកបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងអាម៉េរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់កាលពីខែសីហា ឆ្នាំមុន ដែលបានជំរុញឱ្យមានសមយុទ្ធយោធាចិនយ៉ាងខ្លាំងនៅជិតកោះនេះ៕
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com