អន្តរជាតិ
មនុស្សនិយមភាពល្អឥតខ្ចោះ,ពិបាកសម្រេចចិត្ត និងរក្សាទុកវត្ថុគ្មានប្រយោជន៍ ជាសញ្ញាជំងឺផ្លូវចិត្ត!
03, Feb 2023 , 4:09 pm        
រូបភាព
រូបថតពី Pixabay
រូបថតពី Pixabay
ការរក្សាទុករបស់របរសឹងគ្រប់យ៉ាង ដោយមិនព្រមបោះចោល និងការមិនរៀបចំទុកដាក់ឱ្យមានសណ្ដាប់ធ្នាប់ធ្វើឱ្យប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។ នេះជាជំងឺផ្លូវចិត្តម្យ៉ាងហៅថា Hoarding Disorder ។ អ្នកមានបញ្ហានេះ ប្រមូលទុកទាំងវត្ថុមានតម្លៃតិចតួច ឬគ្មានតម្លៃទាល់តែសោះដូចជារបស់ខូចមិនអាចប្រើបានក៏ដោយ។



បច្ចុប្បន្នជំងឺផ្លូវចិត្តត្រូវបានចែកចេញជិត៣០០ប្រភេទ ដែលប្រភេទនីមួយៗសុទ្ធតែបង្កមកពីការគិតមានបញ្ហា និងសតិអារម្មណ៍មិនប្រក្រតី។ ភាពមិនប្រក្រតីនៃការរក្សាទុករបស់របរ (Hoarding Disorder) ក៏ជាប្រភេទមួយនៃជំងឺផ្លូវចិត្តដែរ។ អ្នកជំងឺមានអាការម៉្យាងដែលតែងចង់សន្សំវត្ថុផ្សេងៗរហូតគរពេញផ្ទះ ហើយបើទោះវាលែងមានតម្លៃ ឬមិនអាចប្រើបានទៀតក៏ដោយ ហើយពួកគេមិនបោះចោលដោយសារមានអារម្មណ៍កើតទុក្ខពេលបោះចោលវត្ថុទាំងនោះ។
 
មនុស្សទូទៅរក្សាទុករបស់របរណាដែលពួកគេគិតថាមានប្រយោជន៍សម្រាប់អនាគត មានតម្លៃ ឬសម្រាប់ទុកជាវត្ថុអនុស្សាវរីយ៍។ ប៉ុន្តែអ្នកមិនប្រក្រតីវិញ មានអារម្មណ៍សោកសៅ មិនសប្បាយចិត្ត ពេលត្រូវសម្រេចចិត្តបោះចោលអ្វីមួយ ឬមិនអាចបោះចោលបានតែម្ដង។ 
 
លើសពីនោះ ពួកគេក៏ពិបាកចិត្ត ប្រសិនបើមាននរណាម្នាក់ព្យាយាមរៀបចំផ្ទះឱ្យមានសណ្ដាប់ធ្នាប់ ឬបោះចោលអ្វីជាកម្មសិទ្ធិពួកគេ។ ពួកគេជឿថា វត្ថុដែលរក្សាទុកទាំងអស់នឹងត្រូវយកទៅប្រើនៅថ្ងៃណាមួយពេលអនាគត តែការពិតវាមិនអាចប្រើបាន ឬមិនមែនជារបស់ចាំបាច់ឡើយ។ 
 
ប៉ុន្តែរឿងសំខាន់ ជាភាពរញ៉េរញ៉ៃ។ អ្នកជំងឺ ប្រមូលទុកវត្ថុនានាកកកុញពេញផ្ទះ រហូតពិបាកដើរទៅមកសូម្បីទៅគេង ទៅបន្ទប់ទឹក និងទៅផ្ទះបាយជាដើម។ ភាពច្របូកច្របល់ដែលបណ្ដាលពីជំងឺបែបនេះ នឹងធ្វើឱ្យគុណភាពជីវិតធ្លាក់ចុះទាំងចំពោះអ្នកជំងឺផ្ទាល់ និងគ្រួសាររបស់អ្នកជំងឺ ពិសេសទាក់ទងនឹងអនាម័យ។ 
 
ជំងឺនេះ អាចចាប់ផ្តើមកើតឡើងលើមនុស្សដែលមានបុគ្គលិកលក្ខណៈមួយចំនួនដូចជា ជាមនុស្សនិយមភាពល្អឥតខ្ចោះ មនុស្សពិបាកសម្រេចចិត្ត និងមនុស្សដែលចូលចិត្តពន្យារពេល។

ជាក់ស្ដែង មនុស្សនិយមភាពល្អឥតខ្ចោះតែងស្តុកទុករបស់ប្រើប្រាស់ដោយភ័យខ្លាចខ្វះខាតនៅពេលត្រូវការ ហើយស្ដាយក្រោយ។ ចំណែកមនុស្សពិបាកសម្រេចចិត្ត មិនអាចគិតថាពេលណា ឬរបស់ណាត្រូវបោះចោលឬត្រូវរក្សាទុកធ្វើឱ្យមានរបស់គរច្រើនឡើងៗ។ ឯមនុស្សចូលចិត្តពន្យារពេល តែងពន្យារពេលសម្អាតឬរៀបចំផ្ទះរហូតដល់វត្ថុផ្សេងៗគរច្រើនលើសលប់លែងមានសមត្ថភាពរៀបចំ។
 
អ្នកជំងឺផ្លូវចិត្តប្រភេទនេះក៏មានច្រើនបែបផងដែរ។ អ្នកខ្លះរក្សាទុករបស់របរសព្វមុខ ខណៈ​អ្នក​ខ្លះ​ទៀត​រក្សា​ទុក​វត្ថុតាមប្រភេទ​ខ្លះ​ប៉ុណ្ណោះ។ វត្ថុដែលតែងត្រូវអ្នកជំងឺស្តុកទុកភាគច្រើនរួមមាន កាសែត ទស្សនាវដ្តី សៀវភៅ សំលៀកបំពាក់ សំបុត្រ វិក័យប័ត្រ និងបង្កាន់ដៃ រួមទាំងថង់ប្លាស្ទិក និងប្រអប់ក្រដាសកាតុង កេស ឬឡាំងជាដើម អ្នក​ខ្លះ​ក៏​ប្រមូល​សត្វមកពេញផ្ទះ​ តែពួកគេមិនបានមើលថែសត្វទាំងនោះបានត្រឹមត្រូវឡើយ។
 
បើតាមវេបសាយសេវាកម្មសុខាភិបាលអង់គ្លេស (NHS) ជំងឺផ្លូវចិត្តនេះ ពិបាកព្យាបាល ពីព្រោះមនុស្សជាច្រើនដែលមានជំងឺនេះមិនយល់ថាវាជាបញ្ហាឡើយ។ ពួកគេមិនយល់ថាវាប៉ះពាល់ដល់ជីវិតរស់នៅរបស់ពួកគេ ឬជីវិតរបស់អ្នកដទៃជុំវិញខ្លួនឡើយ។ យ៉ាងណាមិញ ការព្យាបាលជំងឺនេះអាចធ្វើទៅបានតាមការប្រឹក្សាយោបល់ជាមួយគ្រូពេទ្យចិត្តសាស្ត្រ ដោយធ្វើឱ្យអ្នកជំងឺយល់ដឹងពីមូលហេតុហើយផ្លាស់ប្ដូរការគិត និងឥរិយាបថខ្លួនឯង។ អ្នកដែលមានជំងឺនេះ អាចមានជំងឺផ្លូវចិត្តផ្សេងទៀតដូចជាបញ្ហាថប់បារម្ភ ពិបាកផ្ចង់អារម្មណ៍ ឬជំងឺវង្វេងផងដែរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com