អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន និងជប៉ុន ពិភាក្សាពីក្តីបារម្ភលើសមុទ្រចិនខាងកើត 
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង (ខាងស្តាំ) និងសមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី។ រូបភាព Kyodo
×![]()
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង និងសមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី នៅថ្ងៃទី២ ខែកុម្ភៈ បានជជែកពីប្រជុំកោះដែលកំពុងមានជម្លោះនៅសមុទ្រចិនខាងកើត។ ប្រទេសទាំងពីរសុទ្ធតែបានបញ្ហាពីក្តីបារម្ភរៀងៗខ្លួន ខណៈប្រមុខការទូតចិនទទូចឱ្យជប៉ុនបញ្ឈប់សកម្មភាពបង្កអរិភាពនៅសមុទ្រចិនខាងកើត។
ចិន និងជប៉ុន មានជម្លោះលើប្រជុំកោះ ក្នុងសមុទ្រចិនខាងកើតជាច្រើនទសវត្សរ៍មកហើយ ដោយភាគីទាំងពីរបានអះអាងដែនកោះ Diaoyu ក្នុងភាសា ឬSenkaku ជាភាសាជប៉ុន ជារបស់ខ្លួន។ ក្នុងកិច្ចសន្ទនាលើកដំបូងតាមទូរសព្ទចាប់តាំងពីកាន់តំណែងជារដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង និងសមភាគីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី បានលើកពីបញ្ហាជាច្រើន ក្នុងនោះរួមមានដែនកោះនៅក្នុងសមុទ្រចិនខាងកើតផង។
លោក ឈីន កាង បានប្រាប់រដ្ឋមន្រ្តីការបរទេសជប៉ុនថា ជប៉ុនគួរឈប់បង្កជម្លោះ លើដែនកោះក្នុងសមុទ្រចិនខាងកើត។ មិនតែប៉ុណ្ណោះ ចិន ក៏អំពាវនាវឱ្យជប៉ុន រក្សាទំនាក់ទំនងលើផ្លូវត្រឹមត្រូវ និងធ្វើការជាមួយគ្នា ដើម្បីកសាងទំនាក់ទំនងទ្វេភាគីឱ្យត្រូវនឹងការទាមទារក្នុងយុគថ្មីផង។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN។
បើតាមប្រមុខការទូតចិន ក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយជប៉ុនឱ្យស៊ីជម្រៅលើវិស័យផ្សេងៗ និងកែលម្អទំនាក់ទំនងប្រទេសជិតខាងទាំងពីរ។
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហាយ៉ាស៊ី បានប្រាប់ភាគីចិនពីក្តីបារម្ភរបស់ខ្លួនជុំវិញសកម្មភាពចិននៅជុំវិញប្រជុំកោះ Senkaku ក៏ដូចជាការបង្កើនសកម្មភាពយោធារបស់ចិន នៅក្បែរជប៉ុន។
បើទោះមានការខ្វែងគំនិតគ្នាលើប្រជុំកោះនៅសមុទ្រចិនខាងកើតក្តី រដ្ឋមន្រ្តីការបរទេសចិន និងជប៉ុន បានឯកភាពធ្វើការរួមគ្នា និងកសាងទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន។ មិនតែប៉ុណ្ណោះ លោក ឈីន កាង ក៏បានអញ្ជើញលោក ហាយ៉ាស៊ី ទៅទស្សនកិច្ចនៅចិនផង។ បើតាមរដ្ឋមន្រ្តីការបរទេសជប៉ុន វាត្រូវការពេលជាក់លាក់ ដើម្បីរៀបចំទស្សនកិច្ចមួយនេះ។
ក្នុងកិច្ចសន្ទនារយៈពេល ៥០នាទីនោះ លោក ហាយ៉ាស៊ី ក៏បានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីនជាំង ប្រជាធិបតេយ្យនៅហុងកុងផង និងការគំរាមកំហែងសកម្មភាពយោធាលើច្រកសមុទ្រតៃវ៉ាន់ផង។
ចំណែកបញ្ហារឹតត្បិតអ្នកដំណើរជុំវិញបញ្ហាជំងឺកូវីដ-១៩ ភាគីចិនបានស្នើឱ្យជប៉ុនបន្ធូរបន្ថយវិធានគ្រប់គ្រងព្រំដែន។ ជុំវិញបញ្ហានេះ រដ្ឋមន្រ្តីការបរទេសជប៉ុនថា ក្រុងតូក្យូ នឹងគិតគូរលើបញ្ហានេះ នៅពេលសិក្សាពីករណីឆ្លងនៅចិនរួច៕
© រក្សាសិទ្ធិដោយ thmeythmey.com