អន្តរជាតិ
សភាអាម៉េរិក នឹងបើកផ្លូវលក់យន្តហោះ F-16 ឱ្យតួកគី លុះត្រាតួកគីព្រមឱ្យស៊ុយអែតនិងហ្វាំងឡង់ចូលណាតូ
03, Feb 2023 , 8:29 pm        
រូបភាព
សមាជិកព្រឹទ្ធសភាអាម៉េរិកមួយក្រុមនៅថ្ងៃទី២ ខែមករា បានលើកឡើងថា សភាអាម៉េរិកនឹងមិនគាំទ្រការលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ២០ពាន់លានដុល្លារទៅឱ្យតួកគីឡើយ លុះត្រា​ទីក្រុងអង់ការ៉ាយល់ព្រមផ្តល់​សច្ចាប័ន​លើស៊ុយអែត និងហ្វាំងឡង់ឱ្យក្លាយជាសមាជិករបស់អង្គការណាតូសិន។



ស៊ុយអែត និងហ្វាំងឡង់កាលពីឆ្នាំមុន បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។ ប៉ុន្តែការស្នើសុំចូលជាសមាជិកនេះ ត្រូវបានតួកគីដែលជាសមាជិកអង្គណាតូពេញសិទ្ធិតាំងពីឆ្នាំ១៩៥២ ប្រឆាំង ពិសេសស៊ុយអែត។ 
 
ទំនាក់ទំនងរវាងតួកគី និងស៊ុយអែត មិនសូវត្រូវរូវគ្នា ដ្បិតតួកគីចង់ឱ្យបង្ហាញជំហរកាន់តែច្បាស់ប្រឆាំងនឹងគណបក្សពលករឃឺដ (PKK) ដែលតួកគីនិងសហភាពអឺរ៉ុប (EU) ចាត់ទុកថាជាក្រុមភេរវករ។ ប្រទេសទាំងបី ធ្លាប់ព្យាយាមផ្សះផ្សាទំនាក់ទំនងដោយមានកិច្ចព្រមព្រៀងមួយនៅទីក្រុងម៉ាឌ្រីដកាលពីខែមិថុនាឆ្នាំមុន ប៉ុន្តែទីក្រុងអង់ការ៉ាបានផ្អាកការពិភាក្សានេះកាលពីខែមុនបន្ទាប់ផ្ទុះការតវ៉ានៅទីក្រុងស្តុកខមប្រទេសស៊ុយអែតកន្លងមក។​ 
 
ទាក់ទងនឹងសំណើសុំចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់នេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋចំនួន២៩នាក់បានផ្ញើលិខិតមួយទៅប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន ដោយទទួលស្គាល់ថា ប្រទេសទាំងពីរនេះកំពុងខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងដើម្បីបំពេញលក្ខខណ្ឌចូលជាសមាជិកណាតូ តាមការស្នើសុំរបស់តួកគី។ 
 
«នៅពេលដែលការចូលជាសមាជិករបស់អង្គការណាតូត្រូវបានផ្តល់សច្ចាប័នដោយតួកគី សភាអាចពិចារណាលក់យន្តហោះចម្បាំង F-16 នេះ។ យ៉ាងណាមិញ ការបរាជ័យក្នុងការធ្វើដូច្នេះ នឹងចោទជាសំណួរពីការផ្អាកលក់នេះ»។ សមាជិកព្រឹទ្ធសភាអាម៉េរិកបានសរសេរក្នុងលិខិតផ្ញើរទៅប្រធានាធិបតីបែបនេះ។
 
គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលសភាអាម៉េរិកបានផ្សារភ្ជាប់ការលក់យន្តហោះ F-16 ទៅនឹងការចូលជាសមាជិកអង្គការណាតូរបស់ស៊ុយអែត និងហ្វាំងឡង់។ កន្លងមក រដ្ឋបាលលោក បៃឌិន បានអះអាងម្តងហើយម្តងទៀតថា ខ្លួនមិននឹងយកបញ្ហាទាំងពីរនេះមកពាក់ព័ន្ធគ្នាឡើយ។ 
 
ក្នុងចំណោមសមាជិកទាំង ៣០ របស់អង្គការណាតូ មានតែតួកគីនិងហុងគ្រីប៉ុណ្ណោះដែលមិនទាន់បានផ្តល់សច្ចាប័នលើសមាជិកភាពសម្រាប់ស៊ុយអែត និងហ្វាំងឡង់៕ 
 

Tag:
 អាម៉េរិក
  តួកគី
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com