ជាតិ
សេដ្ឋកិច្ច
រដ្ឋត្រៀមថវិកា៩,៥ទ្រីលានរៀល សម្រាប់ចំណាយលើមន្ត្រីរាជការក្នុងឆ្នាំ២០២៣
03, Feb 2023 , 9:59 pm        
រូបភាព
លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​MEF
លោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​MEF
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រៀមកញ្ចប់ថវិការហូតដល់ជាង៩,៥ទ្រីលានរៀល ​សម្រាប់​ចំណាយ​លើបុគ្គលិករដ្ឋ ក្នុងឆ្នាំ២០២៣។ ក្នុងចំណោមកញ្ចប់ថវិកានេះ ក៏មានការចំណាយលើការជ្រើសរើសគ្រូបង្រៀនឡើងវិញចំនួន ៣ ០០០នាក់​​ ក្រោយ​ផ្អាក​អស់​រយៈពេល​ពីរឆ្នាំ​ ដោយសារ​វិបត្តិ​កូវីដ-១៩។​

 
​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២៣ បានបង្ហាញថា រដ្ឋាភិបាលត្រៀមថវិកាចំនួន ៩ ៥៥៥ ១៩៧លានរៀល សម្រាប់ចំណាយលើបន្ទុកបុគ្គលិក ដែលក្នុងនោះ មានទាំងការចំណាយលើការជ្រើសរើសមន្តី្រក្របខណ្ឌថ្មី, ការដំឡើងបៀវត្សជូនមន្ត្រីរាជការ និងការដំឡើងប្រាក់ឧបត្តម្ភប្រចាំខែសម្រាប់មន្ត្រីជាប់កិច្ចសន្យា។
 
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យា ត្រូវដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែ ពី៦៧ម៉ឺនដល់៧១ម៉ឺនរៀល ដែលត្រូវអនុវត្តពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣។ 
 
ជាមួយគ្នានេះ បៀវត្សមន្ត្រីរាជការស៊ីវិល ត្រូវបានដំឡើងពីជាង១លាន១៧ម៉ឺនរៀល ដល់ ១លាន៣០ម៉ឺនរៀល។ បៀវត្សគ្រូបង្រៀន និងគ្រូពេទ្យ ត្រូវបានដំឡើងពី១លាន២៧ម៉ឺនរៀលដល់ ១លាន៤០ម៉ឺនរៀល។ នគរបាល(ពលបាលត្រី) ក៏ត្រូវបានដំឡើងបៀវត្សពី ១ ២៥៦ ៩៧៧ ដល់ ១ ៣៨៤ ៤៧៧រៀល និងបៀវត្សយោធិន (ពលទោ) ក៏ត្រូវបានដំឡើងពី ១ ១២៣ ៥០០រៀល ដល់ ១ ២៥១ ០០០រៀល ផងដែរ។ 
 
តាមច្បាប់ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការ​គ្រប់គ្រងឆ្នាំ​២០២៣ ថវិកា៥០ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាព​ សម្រាប់មន្ត្រីរាជការ​ស៊ីវិល កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់ប្រភេទនិងនិវត្តជន និងកញ្ចប់ថវិកា៦ប៊ីលានរៀល សម្រាប់ទ្រទ្រង់របបសន្តិសុខ​សង្គមផ្នែកហានិភ័យ​ការងារសម្រាប់មន្ត្រីសាធារណៈ​ ដែលស្ថិតក្នុងកញ្ចប់​ថវិការបស់ក្រសួងសុខាភិបាល។ 
 
រីឯប្រាក់សោធននិវត្តន៍វិញ រដ្ឋ​ក៏គ្រោង​ថវិកាចំនួន​១៨១​ប៊ីលានរៀល​​ សម្រាប់ដំឡើងប្រាក់សោធនអប្បបរមាប្រចាំខែ​ដល់និវត្តជន​ដែលជាអតីតមន្ត្រីរាជការស៊ីវិល​និងកម្លាំងប្រដាប់អាវុធផង ដែរ ដែល​ត្រូវដំឡើងពី ៦៩ម៉ឺនរៀលទៅដល់​​៧៧ម៉ឺនរៀល។  
 
សូមជម្រាបថា​ សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងចំណាយរហូតដល់ ៣៩,២ទ្រីលានរៀល (ប្រមាណ៩,៦ពាន់លានដុល្លារអាម៉េរិក) ដែលភាគច្រើនផ្តោតលើមនុស្ស។ ​ទំហំចំណាយប្រចាំឆ្នាំនេះ គឺលើសចំណូលជាតិដល់ជាង ២០០០លានដុល្លារ។  ស្ថាប័នដែលរដ្ឋចំណាយច្រើនជាងគេក្នុងចំណោមក្រសួង-ស្ថាប័នទាំង៣៥នោះគឺលំដាប់អទិភាពទី១.លើក្រសួងអប់រំ ទី២.ក្រសួងសុខាភិបាល ទី៣. ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទា ទី៤.ក្រសួងការងារ និង អទិភាពលំដាប់ទី៥ គឺក្រសួងបរិស្ថាន៕ 
 
 

Tag:
 ថវិកាជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com