ជាតិ
ខេត្តកំពង់ឆ្នាំង មានតំបន់ទេសចរណ៍២៤កន្លែង សម្រាប់ភ្ញៀវទៅកម្សាន្ត
04, Feb 2023 , 10:03 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ ខេត្តកំពង់ឆ្នាំង មានចម្ងាយ ៩១គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន២៤កន្លែង។ រមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន១៤កន្លែង។



រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត មានចំនួន ១០កន្លែង និងតំបន់ទេសចរណ៍គោលដៅចំនួន ៣កន្លែង
 
ភ្នំព្រះ ទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់ថ្មក្រាល ជាគោលដៅទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ។ ក្រៅពីនេះ សហគមន៍ទេសចរណ៍អណ្ដូងឬស្សី ភ្នំនាងកង្រី, ភ្នំក្រាំងដីមាស, ភ្នំព្រះ,  ភ្នំសន្ទូច, ទួលអំពិល, ភ្នំរាប់បាត, ទំនប់ទ្វារទឹកគង្គា, ភ្នំព្រះធាតុ, ទំនប់២០ឧសភា, ទឹកធ្លាក់ស្រែអំពិល, និងទឹកធ្លាក់ថ្មក្រាល សុទ្ធតែជាតំបន់ទេសចរណ៍សំខាន់ៗសម្រាប់ខេត្តកំពង់ឆ្នាំង។


លោក ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំង ។
 
លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ថ្លែងដូច្នេះ៖ «អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំគោលដៅទេសចរណ៍មួយចំនួនសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត គឺតំបន់ភ្នំព្រះ តំបន់ទឹកធ្លាក់ថ្មក្រាល តំបន់ទឹកធ្លាក់ស្រែអំពិល ទំបន់ទ្វារទឹកគង្គារ និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយចំនួនផងដែរ »។
 
លើសពីនេះ ខេត្តកំពង់ឆ្នាំង ក៏ទទួលបានទេសចរពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តផងដែរ ក្នុងនោះរួមមាន ប្រាសាទភ្នំដារ, ប្រាសាទប្រុស-ស្រី, ប្រាសាទកំពង់ព្រះ, វត្តត្រឡែងកែង, ប្រាសាទស្លុតី, ភ្នំតារាជ, ស្ថានីយ៍បុរេប្រវត្តិសំរោងសែន, ប្រាសាទពណ្ណរាយជាដើម។
 
សូមបញ្ជាក់ដែរ ខេត្តកំពង់ឆ្នាំង មានសណ្ឋាគារ ផ្ទះសំណាក់ និងភោជានីយដ្ឋានជាង២០០កន្លែង។ បន្ថែមពីនេះ ឆ្នាំ២០២២ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរចំនួន ៨២៨ ៣៥៦នាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួន ២៣៦៩នាក់។ ក្នុងឆ្នាំ២០១៩ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរចំនួន ១ ១៥៧ ៨៥៥នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ១ ០២៩ ៨៣៨នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ១២៨ ០១៧នាក់៕


រូបភាពពី៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង៕

 

© រក្សាសិទ្ធិដោយ thmeythmey.com