ជាតិ
លោក គុយ រតនៈដេវីត ជាម្ចាស់ជ័យលាភីលេខ១ ក្នុងរចនា Logo ខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-អង់គ្លេស
04, Feb 2023 , 2:39 pm        
រូបភាព
លោក គុយ រតនៈដេវីត ទទួលជ័យលាភីក្នុងការប្រកួតរចនាLogoសម្រាប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ចក្រភពអង់គ្លេស
លោក គុយ រតនៈដេវីត ទទួលជ័យលាភីក្នុងការប្រកួតរចនាLogoសម្រាប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ចក្រភពអង់គ្លេស
ភ្នំពេញ៖ លោក គុយ រតនៈដេវីត ជាម្ចាស់ជ័យលាភីលេខ១ ក្នុងចំណោម Logo ស្អាត ចំនួន៥ ដែលត្រូវបានជ្រើសរើសមកប្រកួតក្នុងជុំចុងក្រោយ។ ការប្រកួតរចនា Logo នេះ ជាការផ្តល់ឱកាសសម្រាប់យុវជនកម្ពុជា ក្នុងការបញ្ចេញសមត្ថភាព និងគំនិតកែច្នៃ ក្នុងការអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងចក្រភពអង់គ្លេស។


 
ដ្បិតចិត្តស្រលាញ់សិល្បៈ និងចង់បញ្ចេញសមត្ថភាពក្នុងការរចនា កូនអ្នកខេត្តបន្ទាយជ័យរូបនេះ បានដាក់ពាក្យចូលរួមប្រកួតរចនា Logo សម្រាប់ខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ចក្រភពអង់គ្លេស។ ម្យ៉ាង ដេវីត យល់ថាវាជាឱកាសល្អក្នុងការរួមចំណែកអបអរសាទរទំនាក់ទំនាង៧០ឆ្នាំ រវាងកម្ពុជា និងចក្រភពអង់គ្លេស។ 
 
ក្រោយទទួលបានដំណឹងអំពីការទទួលបានពិន្ទុច្រើនជាងគេក្នុងការប្រកួតរចនា Logo សម្រាប់អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងរវាងកម្ពុជា-ចក្រភពអង់គ្លេស លោក គុយ រតនៈដេវីត មានអារម្មណ៍ត្រេកអរជាខ្លាំង។ ដេវីត រីករាយ និងមានមោទកភាព ដែលការរចនារបស់ខ្លួនទទួលបានការ ពេញចិត្តពីមហាជន រួមទាំងគណៈកម្មការ។ 
 
«អារម្មណ៍មោទកភាព គឺត្រង់ថា ខ្ញុំអាចចូលរួមរចនា និងបង្កើត Logo មួយ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះប្រទេសទាំងពីរ គឺ៧០ឆ្នាំ រវាងទំនាក់ទំនងការទូត។ ហើយក៏ដូចជាការប្រើប្រាស់ Logo របស់ខ្ញុំ ក្នុងការផ្សព្វផ្សាយផ្សេងៗរវាងប្រទេសទាំងពីរតាមរយៈស្ថានទូតអង់គ្លេស ក៏ដូចជាក្រសួងផ្សេងៗផងដែរ»។ លោក គុយ រតនៈដេវីត ម្ចាស់ជ័យលាភីលេខ១ ក្នុងការប្រកួតបានលើកឡើងដូច្នេះ។ 
 
បន្ទាប់ពីបញ្ចេញអារម្មណ៍រីករាយប្រាប់សារព័ត៌មានថ្មីៗ ដេវីត បានលើកឡើងពីគំនិតក្នុងការរចនាលេខ៧០ ដែលតំណាងឱ្យរយៈពេលនៃទំនាក់ទំនងការទូតឱ្យដឹងថា ចំពោះលេខ ៧ ដេវីត ជ្រើសរើសយកសត្វនាគ ដែលជានាគដែលតំណាងឱ្យអត្តសញ្ញាណរបស់ខ្មែរ អំណាច ទឹក និងភាពចម្រុងចម្រើនផងដែរ។ សម្រាប់លេខ០ ដេវីត ជ្រើសរើសយកផ្កាកុលាប ឈ្មោះ Tudor Rose ដែលតំណាងឱ្យការរួបរួមគ្នា និងសន្តិភាព។ កុលាបនេះផងដែរ គឺជាកុលាបមួយក្នុងកុលាបចំនួន៤ ដែលតំណាងឱ្យចក្រភពអង់គ្លេស។
 
ចំពោះអត្ថន័យជារួម និស្សិតផ្នែកស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA)រូបនេះ បានឱ្យដឹងថា៖«លេខ៧ គឺជានាគ ហើយលេខ ០ គឺជាផ្កាកុលាប ដែលមើលទៅប្រៀបបាននឹងការរចនាមួយ មានភាពប្រទាក់ប្រទិនគ្នាក្នុងទំនាក់ទំនងមិត្តភាពដ៏រឹងមាំមួយរវាងកម្ពុជា និងចក្រភពអង់គ្លេស។ វាក៏ជាអត្តសញ្ញាណមួយរបស់ប្រទេសទាំងពីរ ព្រួតដៃគ្នាក្នុងប្រតិបត្តិការបន្តទៅមុខជាមួយពិភពលោក ជាមួយបញ្ហាផ្សេងៗ និងសមិទ្ធផលផ្សេងៗ តែងតែនៅជាមួយគ្នាជានិច្ច»។ 
 
លើសពីនេះ ការរចនា ដែលមើលទៅធម្មតារបស់ដេវីត ក៏ជាកត្តាជំរុញឱ្យអ្នកមើលកាន់តែស្វែងយល់បានស៊ីជម្រៅជាងមុន និងបង្កើតនៅភាពចងចាំបានយូរជាងការរចនា Logo ផ្នែកផ្សេងទៀត។ យុវជនវ័យ២០ឆ្នាំរូបនេះ ព្យាយាមធ្វើឱ្យ Logo មើលទៅងាយយល់ ច្បាស់ ងាយចងចាំ ទូលំទូលាយ មើលទៅដោយនិរន្តរភាព និងមិនស៊ាំភ្នែក៕
 

Tag:
 ខួបលើកទី៧០
  គុយ រតនៈដេវីត
  កម្ពុជា-អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com