អន្តរជាតិ
លោកប្លីងខិន៖ អាម៉េរិកនៅតែប្តេជ្ញាការពារកូរ៉េខាងត្បូងក្នុងសមត្ថភាពដែលខ្លួនមានទាំងអស់ 
លោក ផាក ជីន រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង ជាមួយសមភាគីអាម៉េរិក លោក អាន់តូនី ប្លីងខិន នៅក្រុងវ៉ាស៊ីនតោន។ រូបភាព Yonhap
×![]()
អាម៉េរិកនៅតែប្តេជ្ញាប្រើប្រាស់សមត្ថភាពយោធារបស់ខ្លួនឱ្យបានពេញលេញ រួមទាំងនុយក្លេអ៊ែរផង ដើម្បីការពារកូរ៉េខាងត្បូង។ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានសង្កត់ធ្ងន់បែបនេះ នៅថ្ងៃទី៣ ខែកុម្ភៈ។
មួយរយៈចុងក្រោយនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលជាញឹកញាប់ទៅសមុទ្រខាងកើត ដែលបញ្ហានេះ ត្រូវបានប្រទេសក្នុងតំបន់ ជាពិសេសកូរ៉េខាងត្បូងចាត់ទុកជាការគំរាមកំហែងយ៉ាងខ្លាំង។ ទាក់ទិននឹងបញ្ហាខាងលើ រដ្ឋមន្រ្តីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខិន បានប្តេជ្ញាការពារកូរ៉េខាងត្បូងជាថ្មី។
«យើងប្តេជ្ញាការពារកូរ៉េខាងត្បូង ដោយប្រើប្រាស់សមត្ថភាពរបស់យើងឱ្យបានពេញលេញ រួមទាំងនុយក្លេអ៊ែរ និងសមត្ថភាពការពារមីស៊ីល»។ ប្រមុខការទូតអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីកូរ៉េខាងត្បូង លោក ផាក ជីន នៅក្រុងវ៉ាស៊ីនតោន ក្នុងថ្ងៃទី៣ ខែកុម្ភៈ។
ត្រង់ចំណុចនេះ លោកប្លីងខិន បានបន្ថែមថា ប្រទេសមួយចំនួន មិនគួរមានការសង្ស័យឡើយ ហើយអាម៉េរិក នឹងប្តេជ្ញាការពារសម្ព័ន្ធមិត្ត ដៃគូ និងប្រទេសជាមិត្តរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap។
ចំណែករដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន បានប្តេជ្ញានឹងបន្តធ្វើការជាមួយអាម៉េរិក ដើម្បីឈានទៅដល់ការរំសាយកម្មវិធីនុយក្លេអ៊ែរ ដោយមិនរុញរា។ បើតាមលោកផាក ការរំសាយនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េនេះ ជាកិច្ចខិតខំ ដើម្បីរក្សាសន្តិភាពក្នុងតំបន់ប្រកបដោយចីរភាព។ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានចាត់ទុកសន្តិភាពដោយគ្មានការរំសាយកម្មវិធីនុយក្លេអ៊ែរថា ជាសន្តិភាពក្លែងក្លាយ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២ ក្រុងព្យុងយ៉ាងបានសាកល្បងមីស៊ីលច្រើនជាង ៩០គ្រាប់ ដោយរួមទាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប ដែលខកខានបាញ់តាំងពីឆ្នាំ២០១៧ មក៕
Tag:
អាម៉េរិក
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com